សេចក្តី​ថ្លែងការណ៍​មួយ​​ពី​​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​​កូរ៉េខាង​ជើង​ KCNA ​បាន​​លើក​ឡើង​ថា​ រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​​ទី​ ២០ ​ខែ​វិច្ឆិកា​​ បាន​សម្តែង​​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​​ចំពោះ​ការ​ស្ដី​បន្ទោស​​របស់​​ប្រធាន​អង្គការ​សហប្រជាជាតិ​ លោក​ អង់តូនីញ៉ូ ហ្គុយតឺរេស ​​(Antonio Guterres) ចំពោះ​ការ​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​របស់​ប្រទេស​នេះ​។

កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុននេះ​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ​Hwasong-17 របស់​ខ្លួន​ក្នុង​ការ​បាញ់​សាក​ល្បង​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​​ប្រទេស​នេះ​ដែល​ជំរុញ​ឱ្យ​លោក​ ហ្គូតទែរ៉េស​​ជំរុញ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​បញ្ឈប់​ «​សកម្មភាព​បង្ក​ហេតុ​»​ បន្ថែម​ទៀត​។​

រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េខាង​ជើង​ លោក​ស្រី​ Choe Son Hui ​បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ KCNA ថា​៖ «ខ្លួន​មាន​​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ពិត​ដែល​ថា​ អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ ​មាន​អាកប្ប​កិរិយា​គួរ​ឱ្យ​ស្អប់​ខ្ពើម»​។

លោក​ស្រី​បន្ត​ថា​សេចក្តី​ថ្លែងការណ៍​របស់​លោក​ ហ្គុយតឺរេស ​ជា​ការ​ភ្លេច​ភ្លាំង​ពី​គោល​បំណង​ និង​គោល​ការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង​បេសកកម្ម​ដ៏​ត្រឹម​ត្រូវ​របស់​អង្គការ​នេះ​​ គឺ​រក្សា​ភាព​មិន​លម្អៀង​វត្ថុ​បំណង​ និង​សមធម៌​ក្នុង​គ្រប់​បញ្ហា​ទាំង​អស់​។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ លោក​ស្រី​បាន​ហៅ​លោក​ ហ្គុយតឺរេស​​ ថា​ជា​ «អាយ៉ង​របស់​អាមេរិក​» ទៀត​ផង​។

គួរ​កត់​សម្គាល់ថា​ ​កូរ៉េ​ខាង​ជើង​ដែល​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ បាន​ធ្វើ​ការ​បាញ់​បង្ហោះ​មីស៊ីល​បំបែក​ឯតទគ្គកម្ម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ដោយ​ទីក្រុង​ព្យុងយ៉ាង​ និង​ទីក្រុង​ម៉ូស្គូ​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ បាន​ស្តី​បន្ទោស​ម្តង​ហើយ​ម្តង​ទៀត​លើ​ចំណាត់​ការ​របស់​ អាមេរិក​ក្នុង​ការ​ជំរុញ​ការ​ការពារ​សន្តិសុខ​ចំពោះ​សម្ព័ន្ធ​មិត្ត​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​។ ​

គេ​សង្កេត​មើល​ឃើញ​ថា​ ចាប់​តាំង​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុង​អ៊ុន​ បាន​​ប្រកាស​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​នុយក្លេអ៊ែរ​ ដែល​មិន​អាច​ងាក​ក្រោយ​បាន​ នៅ​ក្នុង​ខែ​កញ្ញា​​រួច​មក​សហរដ្ឋ​អាមេរិក​បាន​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់។ ​ក្រោយ​ការ​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​ Hwasong-17 កាល​ពី​ថ្ងៃ​សុក្រ​នេះ​ទីក្រុង​តូក្យូ ​និង​វ៉ាស៊ីនតោន​ ក៏​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ នៅ​តំបន់​ដែន​អាកាស​លើ​សមុទ្រ​ជប៉ុន​ផង​ដែរ។​

ជុំ​វិញ​បញ្ហា​នេះ​ លោក​ស្រី​ Choe បាន​​ថ្លែង​ថា​​៖ «​ថ្មី​ៗ​នេះ​ យើង​បាន​ព្រមាន​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ឱ្យ​ពិចារណា​លើ​បញ្ហា​នៃ​ឧបទ្វីប​កូរ៉េ ​ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ភាព​មិន​លំអៀង​ និង​វត្ថុ​បំណង​»​។​

លោក​ស្រី​បន្ថែម​ថា​ ​​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​នឹង​ត្រូវ​តែ​មាន​លទ្ធផល​សម្រាប់​«​ការ​ការពារ​ខ្លួន​ក្រោម​បរិយាកាស​សន្តិសុខ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ​និង​តំបន់​ ដែល​បង្ក​ឡើង​ដោយ​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ដ៏​គ្រោះ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក»​។

លោក​ស្រី​ ​Choe ​បាន​និយាយ​ថា​៖ «​យ៉ាង​ណា​មិញ​ អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ បាន​បង្វែរ​ការ​ស្តី​បន្ទោស​ចំពោះ​ករណី​នេះ​ មក​លើ​កូរ៉េ​ខាង​ជើង ​ជា​ជាង​សហ​រដ្ឋ​អាមេរិក​»៕ ​

វីដេអូ​៖