គ្រោះរញ្ជួយ​ដី​កម្រិត​ ៥,៦ ​រ៉ិចទ័រ ​នៅលើកោះជ្វា​របស់​ប្រទេសឥណ្ឌូនេស៊ី​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ១៦២ នាក់​ និងជាង ៣២០​ នាក់​រងរបួស។​ នេះ​បើ​តាម​តុល្យការ​របស់​អាជ្ញាធរ​ឥណ្ឌូនេស៊ី​គិតត្រឹម​យប់​ថ្ងៃចន្ទ ​ទី ២១ ​វិច្ឆិកា ​ឆ្នាំ ២០២២។

​គ្រោះ​រញ្ជួយ​ដីដ៏​ខ្លាំងនេះ​ បាន​វាយ​ប្រហារ​តំបន់​ស៊ី​អានជូ​ (Cianjur)​ ស្ថិតក្នុង​ខេត្តជ្វា​ខាងលិច​ (West Java)​ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ក្នុង​ជម្រៅ​ ១០​ គីឡូ​ម៉ែត្រ​។ តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ជាង​ ២,៥​ លាននាក់​នេះ​ មាន​ចម្ងាយ​ប្រមាណ​ ៧៥​ គី ឡូម៉ែត្រ​ភាគខាង​ត្បូង​រដ្ឋធានី​ហ្សាកា​រតា​។

តាម​ទិន្នន័យ​ចុង​ក្រោយ​ក្រៅ​ពី​បណ្តាលឱ្យ​ មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ គ្រោះ​រញ្ជួយ​ដី​ ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ​១៣ ​០០០​ នាក់ ​រត់ចោល​ផ្ទះ​សំបែង​។ ពួកគេ​ទាំងអស់​នឹងត្រូវ​ទៅ​ស្នាក់នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​ចំនួន ១៤។​ ក្រៅពីនេះ​ យ៉ាង​ហោចណាស់​មានផ្ទះ​ជាង​ ២​ ២០០ ​ខ្នង​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​។

អាជ្ញាធរ​ក្នុង​តំបន់​ស៊ីអានជូ​បាន​ឱ្យ​ដឹងថា ​ភ្លើង​អគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​និង​រំខាន​ដល់​ប្រតិបត្តការ សង្គ្រោះ​ ហើយ​ការរ​អិលបាក់​ដី​ក៏​កំពុង​រារាំង​ដល់​ដំណើរ​ការ​ជម្លៀស​ប្រជាជន​ផង​ដែរ។​

ក្រុម​អ្នក​ជួយសង្គ្រោះ ​បាន​ធ្វើការ​យ៉ាង​ដុត​ដៃដុត​ជើង​ពេញ ​១ ​យប់ថ្ងៃចន្ទ ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ផ្សេងទៀត​ដែលអាច​នៅជាប់​នៅ​ក្រោម​អគារ​ដែល​ដួលរលំ​។

អភិបាល​ខេត្តជ្វា​ខាង​លិចលោក ​រីដវ៉ាន់ ​កាមីល​ (Ridwan Kamil)​ បានឱ្យ​ ដឹង​ថា ​ចំនួន​អ្នកស្លាប់​ទំនង​ជានឹង​កើន​ឡើង​បន្ថែមទៀត​។

ចំណែក​អ្នក​រងរបួស​ជាច្រើន​នាក់​ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​ខាងក្រៅ​ឯ​ចំណត​រថយន្ត​មន្ទីរពេទ្យ​បន្ទាប់​ពី​អគ្គិសនី​នៅ​មន្ទីរពេទ្យ​ដាច់​អស់រយៈ​ពេលជា​ច្រើន​ម៉ោង ក្រោយ​ហេតុការណ៍​រញ្ជួយដី​។

យ៉ាង​ណាក៏​ដោយ ​ទីភ្នាក់ងារ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ (BNBP) ​បាន​និយាយថា​ គ្រោះ​រញ្ជួយដី​ដ៏ខ្លាំង​ក្នុង​កម្រិត​ ៥,៦ ​រ៉ិច​ទ័រ ​មិន​បង្កឱ្យ​ មាន​ហានិភ័យ​នៃ​រលក​យក្ស​ស៊ូណាមិ​ឡើយ​។​

គួរជ្រាប​ថា​ គ្រោះរញ្ជួយ​ដី​គឺជា​រឿង​ធម្មតា​ទៅហើយ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ស្ថិតនៅ​លើតំបន់​ក្រវាត់​ភ្នំភ្លើង​ (Ring of Fire)​ ជុំវិញ​គែម​នៃ​អាង​ប៉ាស៊ីហ្វិក​ដែលជា​ទីតាំង​ងាយ​រងគ្រោះ​ពី​គ្រោះរញ្ជួយ​ដីនិង​ការ​ផ្ទុះ​ភ្នំភ្លើង​។

ប្រទេស​ដែលមាន​ប្រជាជន​ចំនួ​ជាង ​២៧០​ លាន​នាក់នេះ​ មាន​ប្រវត្តិធ្លាប់​ត្រូវរង​ការ​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូ​ណាមិ។​ ជាក់ស្តែង ​កាល​ពីឆ្នាំ ២០១៨ ​មនុស្ស​ជាង ​២ ​០០០​ នាក់​បាន​ស្លាប់ ដោយសារ​ការ​រញ្ជួយ​ដី​នៅលើ​កោះ​ស៊ុឡាវ៉េស៊ី ​(Sulawesi)៕