The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​កំពូល​ចក្រភព​អង់គ្លេស​ ច្រានចោល​ផែន​ការធ្វើប្រជាមតិ​ផ្ដាច់ខ្លួន​របស់​ស្កុតឡេន

តុលាការ​កំពូល​ចក្រភព​អង់គ្លេស​ ច្រានចោល​ផែន​ការធ្វើប្រជាមតិ​ផ្ដាច់ខ្លួន​របស់​ស្កុតឡេន

Content image - Phnom Penh Post
អ្នក​គាំទ្រ​ឯករាជ្យ​ស្កុតឡេន​គ្រវី​ទង់ជាតិ Saltire (សញ្ញា​ខ្វែង) អំឡុង​បាតុកម្ម នៅខាង​ក្រៅ​សភា ក្នុង​ទី​ក្រុង Edinburgh កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ AFP

តុលាការ​កំពូល​ចក្រភព​អង់គ្លេស​ ច្រានចោល​ផែន​ការធ្វើប្រជាមតិ​ផ្ដាច់ខ្លួន​របស់​ស្កុតឡេន

តុលាការ​កំពូល​របស់​ចក្រភពអង់គ្លេស បានសម្រេច កាលពី​ថ្ងៃ​ពុធ​ថា ស្កុតឡេន​មិនមាន​អំណាច​ធ្វើ​ប្រជាមតិ​ថ្មី​សុំ​ឯករាជភាព​ផ្ទាល់ខ្លួន ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាលអង់គ្លេស​នោះទេ។ ការវិនិច្ឆ័យ​នេះ គឺ​ជា​ជំហាន​ថយក្រោយ សម្រាប់​យុទ្ធនាការ​របស់​រដ្ឋា​ភិបាល​ស្កុតឡេន ក្នុងការ​បំបែក​ខ្លួន​ចេញពី​ចក្រភព​អង់គ្លេស។

ប្រធាន​តុលាការ​កំពូល លោក Robert Reed បាន​ថ្លែង​ថា ចៅក្រម​ទាំង ៥​ នាក់ បានសម្រេច​ជា​ឯកច្ឆន្ទ ក្នុង​សាលក្រម​នេះ។ ការសម្រេច​នេះ ធ្វើឡើង​រយៈពេល ៦​ សប្តាហ៍ បន្ទាប់​ពី​មេធាវីសម្រាប់​​រដ្ឋបាល​ស្កុតឡេន ដែល​ទាមទារ​ឯករាជ្យ និង​រដ្ឋាភិបាល​អភិរក្សនិយម​ចក្រភព​អង់គ្លេស បាន​ជជែក​តវ៉ា​រឿងក្តី​របស់ខ្លួន នៅ​សវនាការ នាទី​ក្រុងឡុងដ៍​។

សូមបញ្ជាក់​ថា រដ្ឋា​ភិបាល​ពាក់កណ្ដាល​ស្វយ័ត​ស្កុតឡេន មាន​គម្រោង​ចង់​ធ្វើ​ប្រជាមតិ នៅ​ខែតុលា​ ឆ្នាំក្រោយ​ថា តើ​ស្កុតឡេន​គួរតែ​ជា​ប្រទេស មាន​ឯករាជ​ភាព​ផ្ទាល់ខ្លួន ឬ​យ៉ាងណា។ យ៉ាងណា​មិញ រដ្ឋា​ភិបាលចក្រភព​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍ បាន​បដិសេធ​មិន​អនុម័ត​ផែនការ​នេះ ដោយ​លើកឡើង​ថា ប្រជាមតិ​ដូច្នេះ បាន​ធ្វើ​ឡើង​ម្ដង​រួចមក​ហើយ ក្នុង​ឆ្នាំ​២០១៤ ដែល​កាលនោះ​ ប្រជាជនស្កុតឡេន​​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ​លើ​ការបន្ត នៅ​ជាមួយ​ចក្រភព​អង់គ្លេស ពោល​គឺ​មាន​រហូតដល់ ៥៥​% ទល់នឹង ៤៥% ដែល​ចង់​ផ្ដាច់​ខ្លួន។

ទោះបីជា​យ៉ាងណា​ក៏ដោយ រដ្ឋា​ភិបាល​គាំទ្រ​ឯករាជ​ភាព នៅ​ក្រុង​អឺឌិនប៊ើក ចង់​ធ្វើ​ប្រជាមតិ​ឡើងវិញ ក្រោម​ហេតុផល​ថា ការ​ចាកចេញ​របស់​ចក្រភពអង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ដែល​អ្នក​បោះឆ្នោត​ស្កុតឡេន​ភាគច្រើន បាន​ជំទាស់ បាន​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាងខ្លាំង។

រដ្ឋមន្ត្រី​ទី​១ របស់​ស្កុតឡេន លោកស្រី Nicola Sturgeon បាន​និយាយ​ថា លោកស្រី​នឹង​គោរព​សេចក្តី​សម្រេច​នេះ ប៉ុន្តែ​នឹង​បន្ត​ការតស៊ូ ដើម្បី​ឯករាជភាព ដោយ​លើកឡើង​ថា សិទ្ធិ​ប្រជាធិបតេយ្​យ​​ក្នុងការ​ជ្រើសរើស​អនាគត​ផ្ទាល់ខ្លួន​របស់​ស្កុតឡេន ស្ថិត​ក្នុង​ការជាប់គាំង។ លោកស្រី Sturgeon បាន​ប្រកែក​ថា លោកស្រី​មាន​អំណាច​បែប​ប្រជា​ធិបតេយ្យ​ពី​ប្រជាជន​ស្កុតឡេន ដើម្បី​រៀបចំ​ការបោះ​ឆ្នោត​ប្រជាមតិ​ថ្មី ដោយសារ​មាន​សំឡេង​ភាគច្រើន​គាំទ្រ​ឯករាជភាព​នៅសភា​ស្កុតឡេន​។

ក្នុងអំឡុង​សវនាការ​របស់​តុលាការ​កំពូល កាលពី​ខែ​មុន លោកស្រី Dorothy Bain មន្ត្រី​ច្បាប់​កំពូល​របស់​រដ្ឋាភិបាលស្កុតឡេន បាន​ផ្ដល់​អំណះអំណាង​ថា សមាជិក​សភា​ស្កុតឡេន​ភាគច្រើន ត្រូវបាន​ប្រជាជន​បោះ​ឆ្នោតឱ្យ ដោយ​មើលទៅ​ការប្តេជ្ញា​ចិត្ត ដើម្បី​ធ្វើ​ប្រជាមតិ​ឯករាជ្យ​ថ្មី​មួយ។

ប៉ុន្តែ​មេធាវី​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស លោក James Eadie បាន​អះអាង​ថា អំណាច ដើម្បី​ធ្វើ​ប្រជាមតិ គឺ​ស្ថិតនៅលើ​សភា​ចក្រភព​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍ ពីព្រោះ​វា​មាន​សារៈសំខាន់ សម្រាប់​ចក្រភពអង់គ្លេស​ទាំងមូល មិន​មែនត្រឹមតែ​​ស្កុតឡេន​ប៉ុណ្ណោះ​ទេ​។

តុលាការ​កំពូល​ក៏​យល់ព្រម​លើ​ការលើកឡើង​បែបនេះ​ផងដែរ ខណៈ​ដែលលោក Reed បាន​សង្កត់ធ្ងន់​ថា តុលាការ​មិនត្រូវ​បានស្នើ​ឱ្យ​បង្ហាញ​ពី​ទស្សនៈ​លើ​សំណួរ​នយោបាយ ដែល​ថា តើ​ស្កុតឡេន គួរតែ​បានក្លាយជា​ប្រទេសឯករាជ្យ ឬ​យ៉ាងណា ក៏ដោយ»។

គួរកត់​សម្គាល់​ផងដែរ​ថា ការស្ទង់​មតិផ្សេងៗ​គ្នា បង្ហាញថា ប្រជាជាតិ​ស្កុតឡេន មានការ​បែក​ចែក ជុំវិញ​ពី​ការផ្ដាច់​ខ្លួន​ចេញពី​ចក្រ​ភព​អង់គ្លេស ដោយ​អ្នកបោះឆ្នោត​ភាគច្រើន​មិន​ចង់​ធ្វើ​ប្រជាមតិ​ថ្មី នៅពេល​ណា​មួយ​ឆាប់ៗ​នោះទេ។ នេះ​បើយោងតាម​ការ​ស្រង់​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ប្រទេសស្កុតឡេន និង​អង់គ្លេស បាន​ឯកភាព​គ្នា​ផ្នែក​នយោបាយ​ចាប់តាំងពី​ឆ្នាំ១៧០៧ ហើយ​ស្កុតឡេន​មាន​សភា និង​រដ្ឋភិបាល​ផ្ទាល់ខ្លួន តាំងពី​ឆ្នាំ​១៩៩៩ ដោយ​បាន​បង្កើត​គោលនយោបាយ​ផ្ទាល់ខ្លួន​លើ​សុខភាពសាធារណៈ ការអប់រំ និង​បញ្ហាផ្សេងៗ​ទៀត។ ចំណែក​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍​វិញ គ្រប់គ្រង​បញ្ហា​ទូទៅ​ធំ​ជាង​នេះ ក្នុង​នោះ​មានដូចជា​វិស័យ​ការពារជាតិ និង​គោលនយោបាយ​សារពើពន្ធជាដើម៕

អត្ថបទគួរចាប់អារម្មណ៍