The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េខាងជើង​ព្រមាន​បែប​មាក់ងាយ​ថា ទណ្ឌកម្ម​កូរ៉េខាងត្បូង នឹងធ្វើ​ឱ្យមាន​អរិភាព​កាន់តែខ្លាំង

កូរ៉េខាងជើង​ព្រមាន​បែប​មាក់ងាយ​ថា ទណ្ឌកម្ម​កូរ៉េខាងត្បូង នឹងធ្វើ​ឱ្យមាន​អរិភាព​កាន់តែខ្លាំង

Content image - Phnom Penh Post
រូប​ថត​ចេញ​ផ្សាយ​ដោយ​ KCNA កាល​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ​២០២២ បង្ហាញ​ពី​លោកស្រី គីម យូជុង បាន​និយាយ​នៅឯ​កិច្ចប្រជុំ​ទូទៅស្តី​ពី​ការ​ទប់ស្កាត់​ភាព​អាសន្នជាតិ ក្នុងទី​ក្រុង​ព្យុងយ៉ាង។ AFP

កូរ៉េខាងជើង​ព្រមាន​បែប​មាក់ងាយ​ថា ទណ្ឌកម្ម​កូរ៉េខាងត្បូង នឹងធ្វើ​ឱ្យមាន​អរិភាព​កាន់តែខ្លាំង

ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង ​ដ៏​មាន​ឥទ្ធិពល គឺ​លោកស្រី គីម យូជុង នៅ​ថ្ងៃ ​ព្រហស្បតិ៍ ​ទី ​២៤ ខែ​វិច្ឆិកា​នេះ បាន​ថ្លែង​បរិហារ​ប្រធានា​ធិបតី និង​មន្ត្រី​រដ្ឋាភិបាលកូរ៉េ​ខាងត្បូង ថា «ល្ងង់​លេលា» ចំពោះ​ការពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុង​ព្យុងយ៉ាង។ នេះ​បើយោងតាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA។

លោកស្រី គីម យូជុង បាន​ថ្លែងថា ការ​ដាក់​ទណ្ឌកម្ម ឬ​សម្ពាធ នឹង​បង្ក​កំហឹង និង​អរិភាព​បន្ថែម​ពី​កូរ៉េ​ខាងជើង។ ការព្រមាន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​អះអាងថា ខ្លួន​កំពុង​ពិនិត្យ​មើល​ការ​ដាក់​ទណ្ឌកម្ម​ឯកតោភាគី​បន្ថែម​លើ​ក្រុង​ព្យុងយ៉ាង ចំពោះ​ការបាញ់​មីស៊ីល​ផ្លោងថ្មីៗ​នេះ ហើយក៏​នឹង​ពិចារណា​ផងដែរ លើ​ការ​ដាក់​ទណ្ឌកម្ម និង​បញ្ឈប់​ការ​វាយប្រហារ​តាម​អុិនធឺណិត ដែលជា​ប្រភព​ចំណូល​ធំ​មួយ​របស់​កូរ៉េ​ខាងជើង ប្រសិនបើ​ប្រទេស​នេះ​ធ្វើការ​ញុះញង់​ទ្រង់ទ្រាយ​ធំ ដូចជា​ការសាកល្បង​នុយក្លេអ៊ែរ​ជាដើម។

លោកស្រី គីម យូជុង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ឆ្ងល់​ថា តើ​ការ​ដាក់ទណ្ឌកម្ម​អ្វី​ទៅ ដែល​កូរ៉េខាងត្បូង ដែល​មិន​ខុសពី​សុនខ​ព្រៃ​រត់​ពាំ​ឆ្អឹង​អាមេរិក​បោះ​ឱ្យ​នោះ ដាក់​លើ​កូរ៉េខាងជើង​ទាំង​មិន​គិត​នោះ។ គួរឱ្យ​ចាប់អារម្មណ៍​មែន»។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី គីម យូជុង ថែមទាំង​បាន​ហៅ​ប្រធានា​ធិបតី​ថ្មី​របស់​កូរ៉េ​ខាងត្បូង លោក យូន ស៊ុក យ៉ូល និង​មន្ត្រីរដ្ឋ​បាល​របស់​លោក​ថា ជា «ពួកល្ងង់​លេលា ដែល​បន្ត​បង្កើត​ស្ថានភាព​ដ៏​គ្រោះថ្នាក់» ទៀតផង។ លោកស្រី​បន្ថែមថា កូរ៉េខាងត្បូង «មិនមែនជា​គោលដៅ​របស់​យើង​ទេ» នៅពេល​លោក មូន ជេអុីន នៅ​កាន់​អំណាច​នៅឡើយ។

ប្អូនស្រី​លោក គីម ជុងអ៊ុន ដដែល បន្ត​ថា៖ «យើង​ព្រមាន​ពួក​មិនចេះ​គិត និង​ពួក​ល្ងង់​លេលា​ម្ដង​ទៀត​ថា ការដាក់​ទណ្ឌកម្ម និង​សម្ពាធ​ដ៏​ត្រដាបត្រដួស​របស់​សហ​រដ្ឋ​អាមេរិក និង​ឧបាយកល​របស់​កូរ៉េ​ខាងត្បូង​ប្រឆាំងនឹង (កូរ៉េខាងជើង) នឹង​បន្ថែម​​​ថាមពល​ដល់​អរិភាព និង​កំហឹង»។

លោកស្រី គីម យូជុង មាន​តំណែង​ផ្លូវការ​ជា​អនុ​ប្រធាន​នាយកដ្ឋាន​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ពលករ ដែល​កំពុង​កាន់អំណាច​របស់​កូរ៉េខាងជើង។ ប៉ុន្តែ​គិញ​សម្ងាត់​របស់​កូរ៉េខាងត្បូង​ជឿថា ​លោកស្រី គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ទី​២ របស់​កូរ៉េខាងជើង ​បន្ទាប់ពី​លោក គីម ជុង​អ៊ុន និង​ទទួល​បន្ទុក​លើ​ការគ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។

ការព្រមាន​បែប​មាក់ងាយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មិនមែន​ជា​លើក​ទី​១ ទេ ប៉ុន្តែ​វា​ធ្វើឡើង​នៅ​ខណៈ​ដែល​អ្នកវិភាគ​រំពឹង​ថា កូរ៉េ​ខាងជើង​នឹង​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​បន្ថែមទៀត នៅលើ​ឧបទ្វីប​កូរ៉េ ដោយសារ​លោកស្រី គីម យូជុង ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង និង​មាន​ឥទ្ធិពល​មួយចំនួន​លើ​យោធា​របស់​ប្រទេស​ខ្លួន។

កាលពី​ខែ​មុន កូរ៉េខាងត្បូង​បានដាក់​ទណ្ឌកម្ម​លើ​បុគ្គល​កូរ៉េខាងជើង​ចំនួន ១៥​ នាក់ និង​អង្គភាព​ចំនួន ១៦ ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់ ដើម្បី​ផ្តល់​ហិរញ្ញប្ប​ទាន​ដល់​កម្មវិធី​អាវុធនុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង។ វា​គឺជា​ការ​ដាក់​ទណ្ឌកម្ម​ឯកតោភាគី​លើកដំបូង​របស់​ទីក្រុង​សេអ៊ូល​លើ​កូរ៉េ​ខាងជើង​ក្នុង​រយៈពេល ៥ ឆ្នាំ​មក​នេះ ប៉ុន្តែ​អ្នកជំនាញ​និយាយថា ទណ្ឌកម្ម​ទាំងនោះ​ភាគច្រើន​ជា​ជំហាន​និមិត្តរូប​មួយ ដោយសារតែ​កូរ៉េ​ទាំង​២ មាន​ទំនាក់​ទំនង​ហិរញ្ញវត្ថុ​តិចតួច។

ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏ក្រុម​អ្នក​សង្កេតការណ៍ បាន​លើកឡើង​ថា ការជំរុញ​របស់​ទីក្រុង​សេអ៊ូល​ ក្នុងការ​សម្របសម្រួល​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងទៀត លើ​ការបង្ក្រាប​សកម្មភាព​អុិនធឺណេត​ខុស​ច្បាប់​របស់​កូរ៉េខាងជើង អាចធ្វើ​ឱ្យមាន​ការខឹង​សម្បា​ពី​ក្រុង​ព្យុងយ៉ាង និង​ធ្វើឱ្យ​ខូច​ប្រភព​ហិរញ្ញវត្ថុ ដែល​ផ្គត់ផ្គង់​កម្មវិធី​ផលិត​អាវុធ​របស់​ប្រទេស​នេះ៕

វីដេអូ​៖

អត្ថបទគួរចាប់អារម្មណ៍