ប្រទេស​កាណាដា​ បាន​ចាប់ផ្តើម​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់ខ្លួន ដោយបាន​ប្តេជ្ញា​ថា ខ្លួន​នឹង​ចំណាយ​ធនធាន​បន្ថែមទៀត​ទៅលើ​ដំណោះស្រាយ​ការរំខាន​របស់​ប្រទេស​ចិន ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទី​២ នៅ​លើ​ពិភពលោក ខណៈដែល​ការជជែក​ជុំវិញ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​ពាណិជ្ជកម្ម​ជាមួយ​ចិនកំពុង​បន្ត។ រដ្ឋាភិបាល​កាណាដា ​បាន​ប្រកាស​បែបនេះ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២។

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Reuters បាន​ឱ្យដឹង​ថា ឯកសារ​យុទ្ធសាស្ត្រ​នោះ មាន​កម្រាស់ ២៦ ​ទំព័រ ដែល​ក្នុង​នោះ​បាន​គូសបញ្ជាក់​ពី​ការ​ចំណាយ​ទៅលើ​គោល​នយោបាយផ្សេងៗ រហូត​ដល់​ទៅ​ប្រមាណ ១,៩ ​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមាន​ការបង្កើន​វត្តមាន​យោធា និង​សន្តិសុខ​អ៊ិនធឺណិត (Cyber Security) នៅ​ក្នុង​តំបន់។ លើសពីនេះ ឯកសារ​នោះ ក៏​បាន​បញ្ជាក់​អំពី​ការ​រឹតបន្តឹង​ច្បាប់​វិនិយោគ​បរទេស ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា និង​រារាំង​ក្រុមហ៊ុន​សហគ្រាស​របស់​រដ្ឋ​ចិន ពី​ការចាប់យក​ឱកាស​ផលិត និង​ផ្គត់ផ្គង់ ក្នុង​វិស័យ​រ៉ែសំខាន់ៗ​ទៀត​ផង។

យោងតាម​ឯកសារ​យុទ្ធសាស្ត្រ​ដដែល កាណាដា​នឹង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​តំបន់ ដែលមាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស នោះ​គឺ​សំដៅ​ទៅលើ​បណ្តា​ប្រទេស​ចំនួន​ ៤០ ដែលមាន​ទំហំ​សកម្មភាព​សេដ្ឋកិច្ច​រហូតដល់​ទៅ​ប្រមាណ ៣៧,៣៨ ​ទ្រី​លាន​ដុល្លារ​អាមេរិក។ គេ​សង្កេត​ឃើញថា ឯកសារ​នោះ បាន​សរសេរ​ផ្តោត​សំខាន់​ទៅលើ​ប្រទេស​ចិន​ច្រើន ដែល​ក្នុងនោះ​បានលើកឡើង​អំពី​ប្រទេស​ចិន​រហូត​ដល់​ទៅ​ជាង ៥០​ ដង។ គួរ​ដឹង​ដែរ​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ បច្ចុប្បន្ន កំពុងមាន​ភាព​តានតឹង​គួរ​ឱ្យ​កត់សម្គាល់។

នៅក្នុង​យុទ្ធសាស្ត្រ​នេះ​ផងដែរ កាណាដា​បាន​លើកឡើង​ថា៖ «ប្រទេស​ចិន​គឺជា​មហាអំណាច​ពិភពលោក ដែល​កំពុង​បង្ហាញ​ការរំខាន​កាន់តែខ្លាំង​ឡើង និង​កំពុង​ព្យាយាម​រៀបចំ​កែទម្រង់​សណ្តាប់ធ្នាប់​អន្តរជាតិ ឆ្ពោះទៅរក​បរិយាកាស​មួយ ដែល​អនុញ្ញាតឱ្យ​ខ្លួន​អាច​ឆ្លៀត​ឱកាស​ចាប់​យកតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​នេះ​វា​កាន់តែ​ឃ្លាតឆ្ងាយ​ពី​គុណ​តម្លៃ​របស់​យើង»។

គួរបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​សេរី​របស់​នាយក​រដ្ឋមន្ត្រី​កាណាដា លោក​ចាស្ទីន ទ្រូដូ (Justin Trudeau) កំពុង​ព្យា យាម​ធ្វើ​ពិពិធ​កម្ម​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដែល​ពឹងផ្អែក​ខ្លាំង​លើ​សហរដ្ឋ​អាមេរិក។ ក្នុង​ខែកញ្ញា ទិន្នន័យ​ផ្លូវការ​មួយ បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កាណាដា​ជាមួយ​ចិន មាន​ទំហំ​តិចជាង ៧% នៃ​ចំនួន​សរុប​ប៉ុណ្ណោះ ខណៈ​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​ចំនួន ៦៨%។

យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ ក៏បាន​គូសបញ្ជាក់​ពី​ការជ្រៀតជ្រែក​របស់​ទីក្រុង​ប៉េកាំង និង​ឥរិយាបថ​បង្ខិតបង្ខំ​ប្រទេស​ដទៃ ហើយ​ក៏បាន​លើកឡើង​ថា​៖ «វិធីសាស្ត្រ​របស់​យើង​ត្រូវបាន​រៀបចំឡើង​ដោយ​ការវាយតម្លៃ​ជាក់ស្តែង​ទៅលើ​ប្រទេស​ចិន នាពេល​បច្ចុប្បន្ននេះ។ នៅក្នុង​បរិបទ​មួយ ដែល​ពោ​ពេញ​ទៅដោយ​ការខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​បែបនេះ យើង​នឹង​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន»។

ភាព​តានតឹងរវាង​ប្រទេស​ទាំង​ ២ បាន​កើន​ឡើងជា​បន្តបន្ទាប់ ចាប់ពី​ចុងឆ្នាំ ២០១៨ មក ក្រោយ​ប៉ូលិស​កាណាដា​បាន​ឃាត់​ខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហូវ៉ៃ (Huawei Technologies) ហើយ​ទីក្រុង​ប៉េកាំង​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា ២​ នាក់ ដោយ​ចោទ​ពីបទ​ចារកម្ម។ យ៉ាងណាក៏ដោយ អ្នក​ទាំង៣ ត្រូវបាន​ដោះលែង​កាលពី​ឆ្នាំមុន​រួចហើយ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ភាគី​ទាំង ២ នៅតែមាន​ភាព​អាប់អួ។

កាលពី​ដើមខែ​នេះ​ប្រទេស​កាណាដា បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ចិន​ចំនួន​ ៣ ត្រូវ​ដក​ការវិនិយោគ​របស់​ពួកគេ​ចេញពី​តំបន់​រ៉ែ​ដ៏​សំខាន់​របស់​កាណាដា ក្រោម​មូលហេតុ​សន្តិសុខ​ជាតិ ដោយបាន​អះអាងថា «ទីក្រុង​អូតាវ៉ា (Ottawa) នឹងធ្វើ​បច្ចុប្បន្នភាព​ច្បាប់​រឹតបន្តឹង​ការវិនិយោគ​លើ​សហគ្រាស​គ្រប់គ្រង ដោយ​រដ្ឋ និង​អង្គភាព​បរទេស​ផ្សេងទៀត ដែលមាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​យើង​រួមទាំង​ខ្សែចង្វាក់​ផ្គត់ផ្គង់​រ៉ែ​ដ៏​សំខាន់​របស់​យើង»។

ឯកសារ​យុទ្ធសាស្ត្រ​ខាងលើ ក៏បាន​ទទួលស្គាល់​ឱកាសសំខាន់ៗ សម្រាប់​ក្រុមហ៊ុននាំចេញ​របស់​កាណាដា និង​បញ្ជាក់​ថា កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉េកាំង គឺ​ចាំបាច់ ដើម្បី​ដោះស្រាយ​សម្ពាធ ដែល​ពិភពលោក​កំពុង​ជួបប្រទះ​មួយចំនួន រួមមាន​ការប្រែប្រួល​អាកាសធាតុ បញ្ហា​សុខ​ភាពជា​សកល និង​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។ ទន្ទឹម​នឹង​នេះ ប្រទេស​កាណាដា​នឹង​បង្កើន​វត្តមាន​កងទ័ព​ជើង​ទឹក​របស់ខ្លួន នៅក្នុង​តំបន់​និង​បង្កើន​ការចូលរួម​ផ្នែក​យោធា និង​សមត្ថភាព​ស៊ើបការណ៍​សម្ងាត់​បន្ថែមទៀត ដើម្បី​ជា​មធ្យោបាយ​កាត់បន្ថយ​អាកប្បកិរិយា​យ៉ាង​គឃ្លើន និង​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ ក្នុង​តំបន់។

លោក Goldy Hyder នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​នៃ​ប្រទេស​កាណាដា បាន​លើកឡើង​ថា​៖ «វា​ជា​រឿង​សំខាន់ ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​ឱ្យ​មហិច្ឆតា​របស់ខ្លួន​ក្លាយទៅ​ជា​សកម្មភាព និង​ពី​សកម្មភាព​ទៅជា​សមិទ្ធផល»។ គួរ​ដឹង​ដែរ​ថា ប្រទេស​កាណាដា​ជា​សមាជិក​ក្រុម​ប្រទេស​ឧស្សាហកម្មធំៗ​ទាំង ​៧ ឬ​ហៅ​កាត់​ថា G7 ដែល​កំពុង​ចង់​ចាត់វិធានការ​ជាក់លាក់​បន្ថែម​ទៀត ក្នុងការ​ឆ្លើយតប​ទៅនឹង​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង។

រដ្ឋាភិបាល​ទីក្រុង​អូតាវ៉ា កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុង​តំបន់​ជាមួយ​ដៃគូ ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ លើសពី​នេះ កាណាដា​ក៏បាន​លើកឡើង​អំពី​ប្រទេស ដែលមាន​ការខ្វែងគំនិត​គ្នា​ជា​មូលដ្ឋាន ប៉ុន្តែ​មិនបាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណាមួយ​ជាក់លាក់​នោះទេ៕