មនុស្ស​រាប់លាននៅ​ប្រទេស​អ៊ុយក្រែន ជា​ពិសេស​រដ្ឋធានី​កៀវ កំពុង​ប្រឈម​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​រុស្ស៊ី​បង្កើន​ការបាញ់​ផ្លោង​មីស៊ីល ដើម្បី​ផ្តាច់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល ក្នុង​បំណង​បង្ខំ​អ៊ុយក្រែន​ឱ្យ​ងាក​ទៅ​រក​ការចរចា។

ការធ្លាក់​ព្រិល​ខ្លាំង ត្រូវ​គេ​រំពឹង​ថា កើតមាន​ចាប់​ផ្តើម ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ នៅក្នុង​ទីក្រុង​កៀវ រដ្ឋធានី​របស់​ប្រទេស​អ៊ុយក្រែន ជាមួយនឹង​សីតុណ្ហភាព​ធ្លាក់ចុះ​ត្រជាក់​ខ្លាំង រហូតដល់​ក្រោម​ចំណុច​កក ដែលមាន​ទាំងថ្ងៃ​ទាំង​យប់ ស្រប​ពេលដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការបាញ់​មីស៊ីលពី​សំណាក់​ភាគី​រុស្ស៊ី។

គិត​ត្រឹម​ថ្ងៃអាទិត្យ តាម​សេចក្តី​រាយការណ៍​របស់​រ៉យទ័រ មនុស្ស​រាប់លាន​នាក់ ដែល​នៅតែ​រស់នៅ​ក្នុង និង​ជុំវិញ​រដ្ឋធានី​អ៊ុយក្រែន ដែលមាន​ភ្លើង និង​កំដៅ​តិចតួច​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​សៅរ៍ ប្រតិបត្តិករ​បណ្តាញ​អគ្គិសនី Ukrenergo ដែល​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​រ៉យទ័រ បាន​អះអាង​ថា ខ្លួន​អាច​គ្រប​ដណ្តប់​បាន​តែ ៣/៤ នៃ​តម្រូវការ​ប្រើប្រាស់​ប៉ុណ្ណោះ ដែល​ទាមទារ​ឱ្យមាន​ការ​រឹតបន្តឹង និង​ការ​ដាច់​ភ្លើង នៅ​ទូទាំង​ប្រទេស។

លោក Sergey Kovalenko ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់ YASNO ដែល​ផ្តល់​ថាមពល​ឯកជន​ធំ​បំផុត​ដល់​ប្រទេស​អ៊ុយក្រែន ក៏ដូចជា​ដល់ទី​ក្រុងកៀវ បាន​និយាយ​ថា ស្ថានភាព​នៅក្នុង​ទីក្រុង​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​នៅតែ «ពិបាក​ណាស់»។ លោក​បាន​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​គួរ​មាន​ថាមពល​យ៉ាងហោច ៤​ ម៉ោង ក្នុង ១ ​ថ្ងៃ។

លោក Kovalenko បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់គាត់​ថា៖ «ប្រសិនបើ​អ្នក​មិនមាន​អគ្គិសនី​យ៉ាងហោច​ណាស់ ៤ ម៉ោង​ក្នុង ១ ថ្ងៃ សូម​សរសេរ​ទៅកាន់ DTEK Kyiv Electric Networks សហការី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នោះ​ជា​អ្វី»។

ប្រធានា​ធិបតី វ៉ុល​ឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បាន​និយាយ​ថា មនុស្ស ៦​ លាន​នាក់​គ្មាន​អគ្គិសនី កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ការទម្លាក់​គ្រាប់បែក​ចុងក្រោយ​បង្អស់​របស់​រុស្ស៊ី កាលពី​សប្តាហ៍​មុន​មកនេះ។ នៅក្នុង​ការ​ឈ្លោះ ដែល​ត្រូវ​បានដឹង​ជា​សាធារណៈ​ដ៏​កម្រ​មួយ​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​អ៊ុយក្រែន លោក ហ្សេលេនស្គី កាលពី​ថ្ងៃ​សុក្រ បាន​រិះគន់​អភិបាលក្រុង​កៀវ ចំពោះ​ការធ្វើ​អ្វី ដែល​លោក រិះគន់​ថា ជា​«ការងារ​ដ៏កម្សោយ» ក្នុងការ​រៀបចំ​ជម្រក​សង្គ្រោះបន្ទាន់ ដើម្បី​ជួយ​អ្នក​ដែល​គ្មាន​ថាមពល និង​កំដៅ​បន្ទាប់ពី​ការ​វាយប្រហារ​របស់​រុស្ស៊ី។

យោងតាម​រ៉យទ័រ ភាគី​រុស្ស៊ី​និយាយ​ថា ការបាញ់ប្រហារ​ដោយ​មីស៊ីល​នោះ ខ្លួន​មិន​បាន​កំណត់​គោលដៅ​លើ​ប្រជាជន​ស៊ីវិល​ទេ ខណៈដែល​វិមាន​ក្រឹមឡាំង បាន​និយាយថា ការវាយប្រហារ​របស់​ទីក្រុង​ម៉ូស្គូ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ថាមពល គឺជា​ផលវិបាក​នៃ​ទីក្រុង​កៀវ ដែល​មិន​មាន​បំណង​ចរចា។

ដោយសារ​ការ​បាញ់ប្រហារ​ដោយ​មីស៊ីល​នោះ វា​បានធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​មកទល់ពេលនេះ​លើ​អ៊ុយក្រែន ដោយ​ធ្វើ​ឱ្យ​មនុស្ស​រាប់លាន​នាក់ គ្មាន​ភ្លើង ទឹក ឬ​កំដៅ។ ប្រតិបត្តិករ​អគ្គិសនី​អ៊ុយក្រែន Ukrenergo បាន​ឱ្យដឹង​ថា ការ​ដាច់​ភ្លើង​នឹង​បន្ត ហើយ​ជំរុញឱ្យ​មាន​ការប្រើប្រាស់​ថាមពល​មាន​កំណត់។

វា​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅលើ​កម្មវិធី​ផ្ញើ​សារ Telegram ថា​៖ «យើង​ចង់​រំឭក​អ្នក​ថា ឥឡូវនេះ រាល់​ជនជាតិ​អ៊ុយក្រែន ដែល​ផ្ទះ​របស់​ពួកគេ​មាន​អគ្គិសនី​ប្រើប្រាស់​ឡើងវិញ អាចជួយ​ស្ដារ​វា​ដល់​អ្នកដទៃ បាន​លឿន​ជាង​មុន ដោយ​គ្រាន់តែ​ប្រើប្រាស់​អគ្គិសនី​តិចតួច​ប៉ុណ្ណោះ»។

ព្រិល​ត្រូវបាន​គេ​រំពឹងថា នឹង​បន្ត​នៅក្នុង​ទីក្រុង​កៀវ ដែលជា​ទីក្រុង​ដែលមាន​ប្រជា​ជាន​ចំនួន ២,៨​លាន​នាក់ មុនពេល​សង្គ្រាម រហូត​ដល់​ពាក់កណ្តាល​សប្តាហ៍ ខណៈដែល​សីតុណ្ហភាព​ត្រូវបាន​ព្យាករថា នឹង​នៅ​ទាប​ជាង​ចំណុច​កក​ទៅទៀត។

ដូច​ការសន្យា​មុន​រដូវ​ត្រជាក់​មកដល់​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ជួយ​អ៊ុយក្រែន​លើ​ថាមពល​កំដៅ ក្រសួង​ការបរទេស​ជប៉ុន បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍ កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ចិត្ត​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ប្រហែល ២,៥៧​ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​វិស័យ​ថាមពល​អ៊ុយក្រែន សម្រាប់​រដូវរងារ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន បាន​ដកស្រង់​សេចក្តី​ថ្លែងការណ៍​ថា​៖ «រដ្ឋា​ភិបាល​ជប៉ុន នឹង​ជួយ​អ៊ុយក្រែន តាមរយៈ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ដោយ​ផ្តល់​ម៉ាស៊ីនភ្លើង និង​ចង្កៀង​ថាមពល​ពន្លឺព្រះអាទិត្យ​ដល់​អ៊ុយក្រែន»។

សេចក្តី​ថ្លែងការណ៍ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​ជួយ និង​គាំទ្រ​ប្រជាជន​អ៊ុយក្រែន ដែល​កំពុង​ជួប​ការលំបាក រួមជាមួយ G7 និង​សមាជិក​ដទៃទៀត​នៃ​សហគមន៍​អន្តរជាតិ។

ដូច​ការរំពឹង​របស់​អ្នកវិភាគ​ជាច្រើន ក្នុងពេល​កន្លងមក រុស្ស៊ី​នឹង​ប្រើពេល​ក្នុង​រដូវ​ត្រជាក់​នេះ សម្រាប់​យកឈ្នះ​សង្គ្រាមនៅ​អ៊ុយក្រែន ដើម្បី​បង្ខំ​ឱ្យ​អ៊ុយក្រែន​ងាក​ទៅរក​តុ​ចរចា​បញ្ចប់​សង្គ្រាម ប៉ុន្តែ​អ៊ុយក្រែន​ដឹកនាំ​ដោយ​ប្រធានា​ធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​ប្តេជ្ញា​រួចហើយ នឹងមិន​ចរចា​ដាច់ខាត​រហូតដល់​រំដោះ​ទឹកដី​របស់ខ្លួន​ទាំងអស់​មកវិញ រួមទាំង​តំបន់​គ្រីមា ដែល​រុស្ស៊ី​កាន់កាប់ តាំងពី​ឆ្នាំ ២០១៤ នោះ​ផងដែរ៕

វីដេអូ៖