លោក រីសុី​ ស៊ូណាក់ (Rishi Sunak) ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ដែល​ទើប​ឡើង​កាន់​អំណាច​រយៈពេល ​១ ខែ កំពុង​ប្រឈម​មុខ​នឹង​ការរុញ​ច្រាន​ពី​ក្រុម​​សមាជិក​បក្ស​អភិរក្ស​ដែល​កំពុង​កាន់​អំណាច​របស់​គាត់​ ខណៈ​ដែល​ពួកគេ​ព្យាយាម​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ហាមឃាត់​លើ​កសិដ្ឋាន​ផលិត​ថាមពល​ខ្យល់​ថ្មី​នៅ​លើ​ឆ្នេរ​សមុទ្រនៃ​ប្រទេស​នេះ​។

​សេចក្តី​រាយការណ៍​របស់​រ៉យទ័រ​ អះអាង​ថា ​សមាជិក​សភា​មក​ពី​បក្ស​អភិរក្ស​ជាង ​២០ ​រូប​​ រួម​ទាំង​​អ្នក​កាន់​តំណែង​មុន​ រួម​មាន​ ​លោក Boris ​Johnson និង ​លោកស្រី​ Liz Truss កំពុង​គាំទ្រ​កា​រវិសោធន​កម្ម​ថាមពល​ខ្យល់ ដែល​គេ​ហៅ​ថា« ​ច្បាប់ Levelling-Up និង Regeneration» ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​បាន​ពិភាក្សា​មុន​ពេល​សភា​សម្រាក​សម្រាប់​វិស្សមកាល​របស់​ខ្លួ​ននៅ​ថ្ងៃ​ទី ​២០ ​ខែធ្នូ។

​​នេះ​ជា​​ការ​ទាមទារ​​លើក​ទីពីរ​របស់​ពួកគេ​លើ​ច្បាប់​ដូចគ្នា​ក្នុង​រយៈពេល​តិច​ជាង​ ១ ​សប្តាហ៍​ បន្ទាប់​ពី​លោក ស៊ូណាក់ ​បាន​ទាញ​ការ​​បោះឆ្នោត​លើ​គម្រោង​ផែនការ​សាងសង់​លំនៅឋាន​ ខណៈ​ដែល​សមាជិក​សភា​រាប់​សិបនាក់​ បាន​គម្រាម​កំហែង​ ដើម្បី​តតាំង។

លោក ​Sunak កំពុង​ប្រឈម​មុខ​នឹង​ពេល​វេលា​ដ៏​លំបាក​មួយ​ក្នុង​ការគ្រប់គ្រង​គណបក្ស​អភិរក្ស​ដែល​មិន​រៀប​រយ​​ស្រាប់​នោះ​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ការបះបោរ​លើ​បញ្ហា​គោល​នយោបាយ​ជាច្រើន​ដែល​បាន​រំខាន​ដល់​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់។

អតីត​ប្រធាន​គណបក្ស​លោក Jake Berry ​បាន​ប្រាប់ BBC​ កាល​ពីថ្ងៃ​អាទិត្យ​​ថា ការ​កើនឡើង​នៃ​ការ​ចំណាយ​លើ​ថាមពល​បាន​ធ្វើ​ឱ្យ​គាត់​ផ្លាស់ប្តូរ​ចិត្ត​មក​ឥឡូវ​នេះ​ត្រឡប់​ទៅ​កសិដ្ឋាន​ខ្យល់​នៅ​លើ​ឆ្នេរ​វិញ​។ ដូច្នេះ​ លោក​​បាន​​និយាយ​​ថា ​លោក​នឹង​​បោះឆ្នោត​ជា​មួយ​ក្រុម​ទាមទារ​នោះ​លើ​វិសោធន​កម្ម​ច្បាប់​។

ប្រទេស​អង់គ្លេស ​ដូរ​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​ទៅ​ ៣ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​សារ​បញ្ហា​​កើត​ចេញ​ពី​ក្នុងបក្ស​អភិរក្ស​ដែល​ឈ្នះ​ឆ្នោត​ និង​កំពុង​គ្រប់គ្រង​អំណាច​នៅ​អង់គ្លេស៕​