ប្រធាន​បុគ្គលិក​នៃ​កងកម្លាំង​អវកាស​អាមេរិក លោកស្រី Nina Armagno បាន​ព្រមាន នៅ​ថ្ងៃ​ចន្ទ​ ទី ​២៨ ខែវិច្ឆិកាថា ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ផ្នែក​សមត្ថភាព​យោធា​របស់​ប្រទេស​ចិន ​បង្កើន​ហានិភ័យ​ដល់​ឧត្តមភាព​របស់​អាមេរិក នៅក្នុង​លំហ​អាកាស។

លោកស្រី Armagno បាន​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ស៊ីដនី ដែល​រៀបចំ​ដោយ​អង្គការ​ស្រាវជ្រាវ​អូស្ត្រាលី Australian Strategic Policy Institute ថា ទីក្រុង​ប៉េកាំង​បានធ្វើ​ឱ្យមាន​ការវិវឌ្ឍ​យ៉ាងសំខាន់​ផ្នែក​បច្ចេកវិទ្យា​អវកាស​យោធា ដូចជា​លើ​វិស័យ​ទំនាក់ទំនង​ផ្កាយរណប និង​យានអវកាស​ដែល​អាច​ប្រើ​ឡើងវិញ​បាន ដែល​អនុញ្ញាតឱ្យ​ប្រទេសផ្សេងៗទៀត​បង្កើន​កម្មវិធី​អវកាស​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅតាម​នោះដែរ។

លោកស្រី Armagno បានលើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិតថា វា​អាចទៅរួច​ទាំងស្រុង ដែល​ពួកគេ​អាច​តាម​ទាន់ និង​ដើរ​លើស​ពួកយើង។ វឌ្ឍនភាព​ដែល​ពួកគេ​បានធ្វើ គឺ​ពិតជា​អស្ចារ្យ លឿន​គួរឱ្យភ្ញាក់ផ្អើល»។

គេ​កត់សម្គាល់ថា ទីក្រុង​ប៉េកាំង​បាន​ធ្វើឱ្យ​មានការ​ជឿនលឿន​លើ​ផ្នែក​អវកាស​របស់ខ្លួន​គួរឱ្យភ្ញាក់ផ្អើល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ហើយ​វា​ជាការ​វិវឌ្ឍ​ដ៏​សំខាន់​របស់​ចិន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​អាមេរិក និង​រុស្ស៊ី ដែល​ប្រណាំង​គ្នា​រាប់​ទសវត្សរ៍​លើ​វិស័យ​អវកាស។

កន្លងមក ប្រធាន​កម្មវិធី​រុករក​ព្រះ​ចន្ទ​ចិន លោក Ye Peijian បាន​ប្រដូច​ព្រះ​ច័ន្ទ និង​ភព​ព្រះ​អង្គារ ដែល​ខ្លួន​បានដាក់​យាន​រុករក ទៅនឹង​កោះមាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ទីក្រុង​ប៉េកាំង កំពុង​ព្យាយាម​ទាមទារ​ការ​កាន់កាប់។ បច្ចុប្បន្ននេះ ចិន​ក៏​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ពិសោធន៍ ដើម្បី​ទាញយក​ធនធាន​ធម្មជាតិ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់ខ្លួន។

តាមរយៈ​នេះ លោកស្រី Armagno បាន​និយាយ​ថា ចិន​គឺ​ជា​ប្រទេស​តែ ១​ គត់ ដែលមាន​ចេតនា​រៀបចំ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ឡើងវិញ​តាមបែប​ខ្លួន ហើយ​បង្កើន​អំណាច​សេដ្ឋកិច្ច ការទូត យោធា និង​បច្ចេកវិទ្យា ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​នោះ។

លោកស្រី Armagno បន្តថា រួមជាមួយ​រុស្ស៊ី ប្រទេស​ចិន​ក៏បាន​ធ្វើការ​សាកល្បង​មីស៊ីល​«ដោយ​មិន​ប្រុងប្រយ័ត្ន» ដែល​បាន​បង្កើត​បរិមាណ​ដ៏​គ្រោះថ្នាក់​នៃ​កម្ទេចកម្ទី​អវកាស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ។ មន្ត្រី​អាមេរិក​ដដែល បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «វាល​កម្ទេច​កម្ទី​ទាំងនេះ បាន​គំរាមកំហែង​ដល់​ប្រព័ន្ធ​លម្ហ​អាកាស ហើយ​ប្រព័ន្ធ​ទាំងនេះ​មាន​សារៈ សំខាន់ ចំពោះ​សន្តិសុខ សេដ្ឋកិច្ច និង​ផលប្រយោជន៍​វិទ្យាសាស្ត្រ សម្រាប់​គ្រប់​ប្រទេស​ទាំងអស់»៕

វីដេអូ៖