​ប្រជាជន​ចិន​រាប់ពាន់នាក់​ចេញ​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​គោល​​នយោបាយ​បិទ​ខ្ទប់ «​សូន្យ​កូ​វីដ​» នៅតាម​បណ្ដា​ទីក្រុង​នានា​ទូទាំងប្រទេស​ចិន កាលពី​ចុង​សប្ដាហ៍ និង​បន្ត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​ ២៨ ខែ​​វិច្ឆិកា ដោយ​ក្រុមបាតុករ នៅ​កន្លែង​ខ្លះ ថែមទាំង​បាន​ស្រែក​ទាមទារ​ឱ្យ​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង ចុះ​ចេញពី​តំណែង​ទៀតផង​។

​គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ ការតវ៉ា​ទ្រង់ទ្រាយ​ធំ បានធ្វើ​ឡើង​នៅ​ក្រុង​ធំៗ រួមមាន​សៀង​ហៃ ប៉េកាំង Chengdu Guangzhou និង​ក្រុង Wuhan ជាដើម​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​​សារព័ត៌មាន​រ៉​យ​ទ័​រ ក្រុមបាតុករ​យ៉ាងហោច​ណាស់ ១ ០០០​ នាក់ បានធ្វើ​ការប្រមូល​ផ្ដុំគ្នា​ជាថ្មី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​មិនទាន់មាន​សេចក្ដីរាយការណ៍​ណាមួយ ពី​ចំនួន​ក្រុមបាតុករ ដែល​ត្រូវ​រងគ្រោះ ដោយសារ​ការប៉ះទង្គិច​គ្នា​ជាមួយ ឬ​ត្រូវ​ចាប់ខ្លួន ដោយ​អាជ្ញាធរ​ចិន នៅ​ទូទាំងប្រទេស​នោះទេ​។​

​នៅ​សៀង​ហៃ ដែលមាន​អ្នក​តវ៉ា​ជាង ៣០០ ​នាក់ ប្រមូល​ផ្ដុំគ្នា នៅ​ថ្ងៃ​សៅរ៍ និង​ជាទី​ក្រុង​មួយ ក្នុងចំណោម​ទីក្រុង​ចិន​ធំៗ ដែល​ការតវ៉ា​ផ្ទុះឡើង​នោះ ក្រុមបាតុករ​ស្រែកថា​៖ «​ចុះចេញ ស៊ី ជីន​ភីង​! ចុះចេញ បក្ស​កុម្មុយនីស្ត​!»​។​

​ជាមួយគ្នានេះដែរ ការរាយការណ៍​ពី​សារព័ត៌មាន​ផ្សេងៗ និង​ខ្សែ​វីដេអូ​ជាច្រើន​ពី​កន្លែង​តវ៉ា នៅតាម​ទី​ក្រុង​ខុសៗ​គ្នា បង្ហាញថា ក្រុម​​អ្នក​តវ៉ា​មិន​ត្រឹមតែ​ទាមទារ​ឱ្យ​លោក ស៊ី ឬ​បក្ស​កុម្មុយនីស្ត​របស់លោក​ចុះចេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ ក៏បាន​ស្រែក​ដែរ​ថា «​មិន​ចង់បាន​ការធ្វើ​តេស្ត​កូ​វីដ​ទេ តែ​ចង់បាន​សេរីភាព​!» «​មិន​ចង់បាន​របប​ផ្តាច់ការ​ទេ ចង់បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​!» និង «​បើក​ស៊ីន​ជាំ​ង បើក​ចិន​វិញ​!» ជាដើម​។

​បាតុកម្ម​ដ៏​កម្រ នៅ​ចិន​បែបនេះ ផ្ទុះឡើង​ចាប់តាំងពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​អគ្គិភ័យ​ដ៏​សាហាវ​មួយ ឆាបឆេះ​លើ​អា​ផាត​មិន នៅ​តំបន់​ស៊ីន​ជាំ​ង កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ១០​​ នាក់​។ ក្រុមបាតុករ​បាន​កាន់​ទុក្ខ​ជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុង​អគ្គិភ័យ​នេះ និង​បង្ហាញ​ការខឹង​សម្បា​របស់ខ្លួន​ទៅលើ​ការបិទ​ខ្ទប់ «​សូន្យ​កូ​វីដ​» បន្ទាប់​ពី​វីដេអូ​ផ្សេងៗ​ពី​កន្លែងកើតហេតុ បង្ហាញថា វិធានការ​ដ៏​តឹងរ៉ឹង​នេះ បាន​ពន្យារពេល​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ក្នុង​ការធ្វើ​ប្រតិបត្តិ​ការជួយ​ស ្រេ​ង្គាះ​របស់ខ្លួន និង​ធ្វើឱ្យ​ជនរងគ្រោះ​ពិបាក​រត់ចេញ​។ ទោះជា​ប៉ូលិស​បាន​បដិសេធ​នូវ​កំហុស​ទាំងនេះ​ក៏ដោយ អគ្គិភ័យ នៅ​ស៊ីន​ជាំ​ង​នេះ ក្លាយជា​ប្រធាន​​បទ​ស្នូល​របស់​ក្រុមអ្នកតវ៉ា​។​

​បើតាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន CNN ការតវ៉ា​បាន​បន្ត​តានតឹង​មកទល់​យប់​ថ្ងៃអាទិត្យ​ឈានចូល​ថ្ងៃ​ចន្ទ ​ទី​ ២៨ ខែវិច្ឆិកា​។ រាប់​តាំងពី​ទីក្រុង​សៀង​ហៃ រហូតដល់​រដ្ឋធានី​ប៉េកាំង​ក្រុម​អ្នក​វ៉ា បាន​ស្រែក​ប្រឆាំងនឹង​ការបិទ​ខ្ទប់​សូន្យ​កូ​វីដ និង​អំពាវនាវ​សុំ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​។​

​តាម​បរិវេណ​សាកលវិទ្យាល័យ​ចិន​រាប់សិប​ផ្សេងទៀត ក្រុមនិស្សិត​ក៏បាន​ធ្វើបាតុកម្ម ឬ​ដាក់​ផ្ទាំង​បដា ដើម្បី​តវ៉ា​ដូចគ្នានេះ​ផងដែរ ក្នុង​រូបភាព​នយោបាយ​មួយ​ដ៏​រសើប​សម្រាប់​បក្ស​កុម្មុយនីស្ត ដែល​ធ្លាប់​ប្រឈមមុខ​នឹង​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ នៅ​ទីលាន​ធាន​អាន​មេន ដែល​ដឹកនាំ​ដោយ​និស្សិត ក្នុង​ឆ្នាំ​ ១៩៨៩​។​

​ជិត ៣ ​ឆ្នាំ ចាប់តាំងពី​កូ​វីដ​ ១៩ ផ្ទុះឡើង ចិន​នៅតែ​ប្រកាន់ខ្ជាប់​គោលនយោបាយ​សូន្យ​កូ​វីដ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ដោយ​និយាយថា វា​ជា​វិធានការ​ការពារ​ជីវិត​ប្រជាជន​ជាធំ និង​សំខាន់​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​។ ពីដំបូង​ឡើយ វា​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​លោកខាងលិច មាន​អត្រា​នៃ​ការឆ្លង និង​ស្លាប់​ដោយសារ​កូ​វីដ ខ្ពស់កប់ពពក​៕

វីដេអូ៖