រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាឱ្យអ្នកដឹកទំនិញ ដែលធ្វើកូដកម្ម ក្នុងឧស្សាហកម្មស៊ីម៉ងត៍វិលទៅធ្វើការវិញ នៅថ្ងៃអង្គារ។ រដ្ឋាភិបាលព្រមានពីការប្រើប្រាស់វិធានការទប់ស្កាត់កូដកម្មដ៏តឹងរ៉ឹង នៅពេលដែលការដ្ឋានសំណង់ទូទាំងប្រទេស កំពុងខ្វះស៊ីម៉ងត៍បេតុង សម្រាប់សាងសង់។
កូដកម្មដែលទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមា កំពុងបណ្ដាលឱ្យមានការខាតបង់ប្រាក់ ប្រមាណ ៣០០ ពាន់លានវ៉ុន ($២២៤ លាន) ជារៀងរាល់ថ្ងៃ និងរាំងស្ទះសកម្មភាពឧស្សាហកម្មក្នុងប្រទេសទៀតផង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រាប់ថ្លែងពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «សូមត្រឡប់ទៅធ្វើការរៀងៗខ្លួនវិញទាន់វាមិនទាន់យឺតពេល»។ លោកបន្តថា រដ្ឋបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមិនសម្របសម្រួលជាមួយសកម្មភាពតវ៉ាខុសច្បាប់នោះទេ។
រដ្ឋាភិបាលកូរ៉េបាននិយាយថា កូដកម្មឈានចូលដល់ថ្ងៃទី ៦ នាំឱ្យការដ្ឋានសាងសង់ជាង ២៥០ ឬប្រហែលពាក់កណ្តាលនៃទីតាំងទាំងអស់ បានផ្អាក ដោយសារខ្វះបេតុង។ សមាគមស៊ីម៉ងត៍កូរ៉េ ប្រាប់ថា ឧស្សាហកម្មស៊ីម៉ងត៍ អាចនឹងខាតបង់ប្រហែល ៦៤ ពាន់លានវ៉ុន ($៤៧,៨១ លាន) គិតត្រឹមថ្ងៃចន្ទ។
នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយ Reuters ប្រធានាធិបតីកូរ៉េ លោក Yoon បាននិយាយថា ការឆ្លើយតបដ៏តឹងតែងរបស់រដ្ឋាភិបាល ចំពោះកូដកម្ម នៅឆ្នាំនេះ គឺការចាប់ផ្តើមបង្កើតនីតិរដ្ឋ នៅក្នុងវិស័យឧស្សាហកម្ម។ លោកថា ចំណាត់ការនេះ នឹងជួយលុបបំបាត់ហានិភ័យនៃការអនុវត្តការងារមិនយុត្តិធម៌។ មេដឹកនាំកូរ៉េទំនងជាចង់ប្រើច្បាប់អាជ្ញាសឹក ដើម្បីដោះស្រាយ។ នេះជាលើកដំបូងហើយ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េ ដែលរដ្ឋាភិបាលចេញបទបញ្ជាបង្ខំកម្មករដឹកជញ្ជូន ដែលធ្វើកូដកម្ម ឱ្យវិលទៅធ្វើការវិញ។
រដ្ឋាភិបាលព្រមានថា ការមិនគោរពបញ្ជា អាចនាំឱ្យមានការផ្តន្ទាទោស ដូចជាការលុបចោលអាជ្ញាប័ណ្ណ និងចាប់ដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ឬពិន័យជាប្រាក់ ៣០ លានវ៉ុន ($២២ ៥៥០)។
អ្នករៀបចំកូដកម្ម Cargo Truckers Solidarity Union (CTSU) បានហៅ បទបញ្ជារបស់រដ្ឋាភិបាលថា ជាការរំលោភបំពាន គ្មានប្រជាធិបតេយ្យ និងហិង្សា។ បទបញ្ជាឱ្យចាប់ផ្តើមការងារ គឺស្មើនឹងច្បាប់អាជ្ញាសឹក សម្រាប់កម្មករដឹកទំនិញ។ វាជាការបញ្ជាឱ្យស្លាប់។ សហជីពបន្ថែមថា ការទាមទាររបស់ខ្លួន គឺសំដៅការពារអ្នកដឹកទំនិញ ដែលធ្វើការច្រើនម៉ោង ដោយទទួលបានប្រាក់ឈ្នួលទាប។
មន្ត្រីរដ្ឋាភិបាល នឹងបើកការស៊ើបអង្កេតជាមួយប៉ូលិស ព្រមទាំងបញ្ជាទៅកម្មករដឹកជញ្ជូនស៊ីម៉ងត៍ចំនួន ២ ៥០០ នាក់ ឱ្យចូលធ្វើការវិញ ហើយបើពួកគេមិនអនុវត្តតាមទេ អាជ្ញាធរនឹងផ្អាកអាជ្ញាប័ណ្ណដឹកជញ្ជូនរបស់ពួកគេរយៈពេល ៣០ ថ្ងៃ៕