ពេលវេលារំកិលទៅរកការអនុវត្តទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយប្រភពហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់សកម្មភាពសង្គ្រាម នៅប្រទេសអ៊ុយក្រែន ក៏កាន់តែកៀក ប៉ុន្តែភាពមិនស៊ីចង្វាក់គ្នា រវាងវិធានការទណ្ឌកម្ម តាមរយៈការដាក់ពិតានលើតម្លៃប្រេងមានប្រភពពីប្រទេសរុស្ស៊ី និងការចង់បានពីប្រទេសរងគ្រោះ ដោយសារសង្គ្រាមមានគម្លាតឆ្ងាយណាស់។
ក្រោយចប់កិច្ចប្រជុំនៃប្រទេសលូតលាស់សេដ្ឋកិច្ច G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីភ្លាមៗ គណៈកម្មការអឺរ៉ុបប្រជុំរៀបចំកញ្ចប់ទណ្ឌកម្មតាមការសម្រេចរបស់ក្រុមប្រទេសលូតលាស់ផ្នែកឧស្សាហកម្មទាំង ៧ ហៅកាត់ថា G7 ដែលបានកំណត់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី កាលពីខែកញ្ញា ដោយការដាក់កម្រិតពិតានតម្លៃប្រេង។
គណៈកម្មការអឺរ៉ុបបានស្នើពិតានតម្លៃប្រេងស្ថិតក្នុងចន្លោះពី ៦០ ទៅ ៧០ ដុល្លារ ដែលអ្នកវិភាគសេដ្ឋកិច្ចជឿថា ពិតានតម្លៃប្រេង ដែលបានព្រាងឡើងនោះប្រហែលជាមិនបណ្តាលឱ្យខូចខាតអ្វីដល់រំហូរសាច់ប្រាក់របស់រុស្ស៊ីឡើយ។ ពិតានតម្លៃនេះ គឺស្ទើរតែប្រហាក់ប្រហែលតម្លៃប្រេង នាពេលបច្ចុប្បន្ននេះ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន រំពឹងថា ពិតានតម្លៃគួរតែទាបជាងនេះយ៉ាងហោចក៏ពាក់កណ្តាល ធៀបនឹងតម្លៃ ដែលអឺរ៉ុបរៀបចំព្រាងឡើងដែរ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បាននិយាយថា តម្លៃសម្រាប់ប្រេងសមុទ្ររបស់រុស្ស៊ី គួរតែត្រូវបានកំណត់នៅចន្លោះពី ៣០ ទៅ ៤០ដុល្លារអាមេរិក ក្នុង ១ បារ៉ែល ដោយទាបជាងកម្រិត ដែលក្រុមប្រទេស G7 បានស្នើឡើង។ នេះបើតាមរ៉យទ័រ។
រដ្ឋាភិបាលសហភាពអឺរ៉ុប ដែលស្វែងរកការទប់ស្កាត់លទ្ធភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្តល់មូលនិធិដល់សង្គ្រាម នៅប្រទេសអ៊ុយក្រែន ដោយមិនបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេង ត្រូវបានបំបែកចេញពីការជំរុញរបស់ G7 ដែលត្រូវបានកំណត់ពី ៦៥ ទៅ ៧០ ដុល្លារ ក្នុង ១ បារ៉ែល និងត្រូវចូលជាធរមាន នៅថ្ងៃទី ៥ ខែធ្នូ សម្រាប់ការអនុវត្តបណ្តោះអាសន្ន ក្នុងខែដំបូង។
ពិតានតម្លៃថាមពល ដោយស្ថិតក្រោមទណ្ឌកម្មថ្មីនេះ នឹងមានសុពលភាពរយៈពេល ១ ឆ្នាំ ហើយចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣។
សេចក្តីរាយការណ៍របស់ bne IntelliNews ដែលបានដកស្រង់សម្តី លោក Denis Cenusa ដែលជាអ្នកសិក្សានៅមជ្ឈមណ្ឌលសិក្សាអឺរ៉ុបខាងកើត និងដែលតាមដានរឿងថាមពល បានឱ្យដឹងតាមរយៈបណ្ដាញសង្គមធ្វីតធើរថា៖ «ពិតានតម្លៃឧស្ម័ននេះ ត្រូវបានស្នើឡើង សម្រាប់រយៈពេល ១ ឆ្នាំ ក្នុងរយៈពេល ១ ខែខាងមុខ។ ដូច្នេះ សហភាពអឺរ៉ុបព្យាយាមគេចពីផលប៉ះពាល់ទីផ្សារឧស្ម័ន ខណៈដែលធាតុពិត វាគ្មានខាតបង់អ្វីទេដល់រុស្ស៊ី ដើម្បីលក់ឧស្ម័នរបស់ខ្លួនតាមបំពង់បង្ហូរប្រេង ឬ LNG ក្នុងតម្លៃចំណេញទេ»។
ប្រធានាធិបតីអ៊ុយក្រែន ដែលបានជំរុញសម្ព័ន្ធមិត្តឱ្យដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ចំពោះមធ្យោបាយគ្រប់ប្រភេទប្រឆាំងនឹងរុស្ស៊ី បាននិយាយថា៖ «យើងចង់ឱ្យទណ្ឌកម្មមានប្រសិទ្ធភាពខ្លាំង ក្នុងការប្រយុទ្ធនេះ ដូច្នេះដែនកំណត់ គឺនៅកម្រិតពី ៣០ ទៅ ៤០ ដុល្លារ ដូច្នេះរុស្ស៊ីមានអារម្មណ៍ថា ពួកគេរង (ទណ្ឌកម្ម)»។
គំនិតនៃការដាក់ពិតានតម្លៃប្រេង គឺដើម្បីហាមឃាត់ការដឹកជញ្ជូន ធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងឡើងវិញពីការដឹកជញ្ជូនទំនិញនៃប្រេងឆៅរបស់រុស្ស៊ី នៅជុំវិញពិភពលោក លើកលែងតែវាត្រូវបានលក់ក្នុងតម្លៃទាបជាងតម្លៃ ដែលកំណត់ដោយ G7 និងសម្ព័ន្ធមិត្តរបស់ខ្លួន។
យោងតាមការផ្សាយរបស់រ៉យទ័រដដែល ប្រទេសនៅតំបន់អឺរ៉ុបខាងកើតមាន ប៉ូឡូញ អេស្តូនី និងលីទុយអានីជាដើម កំពុងជំរុញឱ្យតម្លៃប្រេងទាបជាង ៦៥-៧០ ដុល្លារ ក្នុង ១ បារ៉ែល ខណៈដែលប្រទេសនៅប៉ែកទក្សិណអឺរ៉ុប មានដូចជាប្រទេសក្រិក ស៊ីប (Cyprus) និងម៉ាល់ត៍ ចង់បានតម្លៃខ្ពស់ជាង៕