អង់គ្លេសបាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​អ្នកកាសែត​របស់​សារព័ត៌មាន ​BBC​ គឺ​លោក អេដ ឡរិន​ (Ed Lawrence)​។ នៅថ្ងៃអង្គារ​ ទី ២៩ ​វិច្ឆិកា​ ឆ្នាំ ២០២២ ​អង់គ្លេស​បាន​កោះហៅ​ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅទី​ក្រុងឡុង ដ៍​ដើម្បី​បង្ហាញពី​ការ​មិនពេញ​ចិត្ត​ជា​ខ្លាំង​របស់​ខ្លួន​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន ​និង​ការ​រំលោភបំពាន​លើលោក​ឡរិន​ដែល​បាន​ទៅ​យក​ព័ត៌មាន​នៅកន្លែង​ធ្វើ​បាតុកម្ម​ក្នុងទីក្រុង​សៀងហៃ​។

ឯកអគ្គ​រដ្ឋទូតចិន​ប្រចាំ​នៅទី​ក្រុងឡុងដ៍​លោក​ ចាង​ ស៊េកវេង​ (Zheng Zeguang) ​ត្រូវបាន​កោះហៅ​ទៅ​កាន់​ការិយា ល័យ​ការបរទេស​ពាក់ព័ន្ធ​រឿងរ៉ាវ​ចាប់​ខ្លួន​លោក​ឡរិន​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ចាត់ទុក​ថា ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភខ្លាំង។

ដោយ​បញ្ជាក់​ពី​ការកោះហៅ​ឯក​អគ្គរដ្ឋទូត​ចិន​លោក​ប្រមុខ​ការបរទេស​អង់គ្លេស​ ជេមស៍ ​ក្លេវឺលី ​(James Cleverly) បានប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅឯ​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​ក្នុង​ប្រទេស​រូម៉ានីថា​៖ «វាពិត​ជា​មាន​សារៈ​សំខាន់ខ្លាំង​ណាស់​ ដែល​យើង​ត្រូវ​ការពារ​សេរីភាព​សារព័ត៌មាន​»។ «វា​មាន​សារៈសំខាន់​មែនទែន​ ដែល​អ្នក​សារ​ព័ត៌មាន​អាចធ្វើ​ការងារ​របស់​ពួកគេ​បាន​ដោយ​គ្មាន​ការ​រំខាន ​និង​ដោយ​គ្មាន​ការភ័យខ្លាច​ចំពោះការ​វាយប្រហារ​»​។

គួរជ្រាបថា​អ្នក​សារព័ត៌មាន​របស់ ​BBC ​លោក​ ឡរិន​ ត្រូវ​បាន​ប៉ូលិស​ចិន​ចាប់​យក​ទៅ​បាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​កំពុង​ថត​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រឹត​បន្តឹង​ជំងឺ​កូវីដ​នៅក្នុង​ទីក្រុង​សៀងហៃ។​ បាតុកម្មនេះ​ គឺជា​ចលនា​តវ៉ា​មួយ​ក្នុង​ចំណោម​ការ​ប្រឆាំង​តវ៉ា​ជាច្រើន​ដែល​បាន​អង្រួន​ប្រទេស​ចិន​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។

ភ្លាមៗ​ក្រោយ​អ្នក​កាសែត​​សារព័ត៌មាន BBC​ ត្រូវ​បាន​ចាប់ខ្លួន​ប្រទេស​អង់គ្លេស ​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​​ ហើយ ​BBC ​បាន​ឱ្យ​ដឹងថា​ អ្នក​សារព័ត៌មាន​របស់​ខ្លួន​ត្រូវបាន​វាយ​ដំ​ដោយ​ប៉ូលិស​មុន​ពេល​ត្រូវ​បាន​ដោះលែង​។

ពីខា​ងភាគី​ចិន​វិញ​ ចិន​បាន​វាយបកតប​វិញ​ចំពោះ​ប្រតិកម្ម​របស់​អង់គ្លេស​ជុំវិញ​ករណី​ចាប់ខ្លួន​អ្នក​កាសែត​អស់គ្លេស ​និង​ការ​ទាមទារ​ឱ្យប៉ូ​លិស​ចិន​បង្ហាញ​ការ​គោរព​ចំពោះ​បាតុករ​ប្រឆាំង​វិធានការ​រឹត​ត្បិត​កូវីដ។

មុន​ពេល​លោក ចាង ​ត្រូវ​បាន​កោះហៅ​អ្នក​នាំ​ពាក្យស្ថាន​ទូត​ចិន​ធ្លាប់បាន​លើកឡើង​ពី​អត្រាមរណ​ភាព​ដោយ​សារកូវីដ​ក្នុងចំ​នួន​ខ្ពស់​នៅក្នុង​ចក្រភព​អង់គ្លេស​ និង​បាន​និយាយ​ទៀតថា​៖ «ភាគី​អង់គ្លេស​គ្មាន​សិទ្ធិ​អីក្នុង​ការ​វិនិច្ឆ័យ​លើ

គោ​ល​នយោបាយ​កូវីដ​របស់​ចិន​ ឬ​កិច្ចការ​ផ្ទៃក្នុង​ផ្សេងទៀត​របស់​ចិន​ឡើយ​»៕