
គ្រូពេទ្យត្រួតពិនិត្យរោគសញ្ញាអ្នកជំងឺអុតស្វា។ រូបថត AFP
អង្គការសុខភាពពិភពលោក (WHO) បានផ្លាស់ប្តូរឈ្មោះជំងឺអុតស្វា ឬ Monkeypox ជាភាសាអង់គ្លេស ទៅជា mpox ដោយលើកឡើងពីការព្រួយបារម្ភថា ឈ្មោះដើមនៃជំងឺនេះ ត្រូវបានគេប្រើដោយភ្ជាប់នឹងការរើសអើង និងការប្រកាន់ពូជសាសន៍។
អង្គការបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី ២៨ ខែវិច្ឆិកា ថា mpox គឺជាឈ្មោះថ្មី ដែលស័ក្តិសម សម្រាប់ជំងឺអុតស្វា ដោយនិយាយថា៖ «WHO នឹងប្រើឈ្មោះ mpox នៅក្នុងការទំនាក់ទំនងរបស់ខ្លួន និងលើកទឹកចិត្តអ្នកផ្សេងទៀត ឱ្យធ្វើតាមការណែនាំទាំងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីឈ្មោះបច្ចុប្បន្ន និងការទទួលយកឈ្មោះថ្មី»។
ចំពោះការផ្លាស់ប្ដូរនេះ WHO គូសបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភ ចំពោះភាសារើសអើង និងមាក់ងាយជាតិសាសន៍ ដែលកើតឡើង បន្ទាប់ពីជំងឺអុតស្វា បានរីករាលដាលលើប្រទេសជាង ១០០ នៅទូទាំងពិភពលោក។ អង្គការនេះបានបន្ថែមថា មានបុគ្គល និងប្រទេសជាច្រើន បានស្នើសុំឱ្យអង្គការស្នើចេញដំណើការនៃការផ្លាស់ប្ដូរឈ្មោះនេះ។
ក្រុមអ្នករិះគន់ បានលើកឡើងថា ឈ្មោះ monkeypox បានពង្រឹងការយល់ឃើញរបស់លោកខាងលិច អំពីទ្វីបអាហ្រ្វិកថា ជាប្រភពនៃមេរោគឆ្លង ខណៈដែលអ្នកខ្លះ បាននិយាយថា ឈ្មោះនេះបានដើរតួជាគំរូនៃការរើសអើងជាតិសាសន៍ ដែលចាក់ឫសយ៉ាងជ្រៅ នៅក្នុងវប្បធម៌អាមេរិក ដែលប្រៀបធៀបពួកស្បែកខ្មៅទៅនឹងប្រភេទសត្វស្វា។
សូមរំឭកថា កាលពីខែសីហា WHO បានចាប់ផ្តើមពិគ្រោះជាមួយអ្នកជំនាញអំពីការប្តូរឈ្មោះជំងឺអុតស្វា ពោលគឺបន្ទាប់ពីទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានប្រកាសពីជំងឺនេះថា ជាភាពអាសន្នពិភពលោក ដែលគំរាមកំហែងសុខភាពសាធារណៈ កាលពីចុងខែកក្កដា។
រហូតមកដល់ពេលនេះអុតស្វា មានករណីវិជ្ជមានជាង ៨០ ០០០ ករណី នៅក្នុងប្រទេសរាប់សិប ដែលមិនធ្លាប់រាយការណ៍ពីជំងឺនេះ កាលពីមុនមក។ មុនខែឧសភា ឆ្នាំនេះ អុតស្វា ដែលជាជំងឺមានប្រភពឆ្លងពីសត្វ មិនមានការឆ្លងរាលដាលទ្រង់ទ្រាយធំណាមួយហួសពីតំបន់អាហ្រ្វកកណ្ដាល ឬខាងលិចនោះទេ។
បច្ចុប្បន្ននេះ ករណីឆ្លងដែលមាននៅក្រៅទ្វីបអាហ្រ្វកស្ទើរតែទាំងអស់កើតមានលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រលាញ់ទាំង ២ ភេទ ឬបុរសដែលរួមភេទជាមួយបុរស។ អ្នកវិទ្យាសាស្ត្រជឿថា អុតស្វាបានផ្ទុះឡើង នៅក្នុងបណ្តាប្រទេសលោកខាងលិច បន្ទាប់ពីរីករាលដាលតាមរយៈការរួមភេទ នៅកន្លែងក្លិបរាំ នៅប្រទេសបែលហ្ស៊ិក និងអេស្ប៉ាញ។ កិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ នៅក្នុងប្រទេសអ្នកមានបានធ្វើឱ្យជំងឺនេះ ស្ថិតនៅក្រោមការគ្រប់គ្រងវិញ បន្ទាប់ពីការឆ្លងរាលដាលបានឈានដល់ចំណុចខ្ពស់ខ្លាំង នៅរដូវក្ដៅ។
ផ្ទុយទៅវិញ នៅទ្វីបអាហ្រ្វកអុតស្វា បានឆ្លងជាចម្បងទៅលើមនុស្ស ដែលប៉ះពាល់សត្វដែលឆ្លងរោគនេះ ដូចជាប្រភេទសត្វកកេរ និងកំប្រុកជាដើម។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា ករណីស្លាប់នៅទូទាំងពិភពលោក ដោយសារអុតស្វា ភាគច្រើន ក៏មាននៅក្នុងទ្វីបអាហ្រ្វកផងដែរ ដោយសារតែកង្វះ ឬស្ទើរតែគ្មានវ៉ាក់សាំងការពារ ដូចប្រទេសអ្នកមាន។
ជំងឺអុតស្វា ត្រូវបានគេដាក់ឈ្មោះថា Monkeypox ជាលើកដំបូងក្នុងឆ្នាំ ១៩៥៨ នៅពេលដែលការស្រាវជ្រាវចំពោះស្វានាំចូលទៅប្រទេសដាណឺម៉ាក ត្រូវបានគេសង្កេតឃើញថា មានជំងឺដូចអុត។
ការផ្លាស់ប្ដូរឈ្មោះ នាពេលនេះ ហាក់ដូចជាលើកដំបូងហើយ ដែល WHO សម្រេចធ្វើ បន្ទាប់ពីប្រើប្រាស់ជាផ្លូវការអស់រាប់ទសវត្សរ៍។
យ៉ាងណាមិញ មានជំងឺជាច្រើនផ្សេងទៀត ដែលត្រូវបានដាក់ឈ្មោះតាមតំបន់ក្រោយត្រូវបានគេរកឃើញ និងបង្កឱ្យមានការរើសអើងដូចគ្នា ប៉ុន្តែមិនទាន់បានប្ដូរឈ្មោះនៅឡើយទេ៕