ក្រុមតាលីបង់ប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានលុបចោលបទឈប់បាញ់ដ៏រង្គោះរង្គើដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល កាលពីខែមិថុនា ហើយបានបញ្ជាឱ្យក្រុមសកម្មប្រយុទ្ធធ្វើការវាយប្រហារនៅទូទាំងប្រទេសនេះ។
Tehreek-e-Taliban Pakistan (TTP) ជាអង្គភាពដាច់ដោយឡែកពីក្រុម តាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែចែករំលែកមនោគមន៍វិជ្ជាអ៊ីស្លាមស្រដៀងគ្នា បានទទួលខុសត្រូវចំពោះការវាយប្រហាររាប់រយលើក និងការស្លាប់របស់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីការកើតឡើងក្នុងឆ្នាំ ២០០៧។
ពួកគេបានឯកភាពលើបទឈប់បាញ់មួយ កាលពីដើមឆ្នាំនេះ ក្រោយពីក្រុមមេដឹកនាំតាលីបង់ថ្មីនៅអាហ្វហ្គានីស្ថាន បានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលការចរចាសន្តិភាព ប៉ុន្តែការចរចាទាំងនោះ មានការរីកចម្រើនតិចតួច និងមានការរំលោភបំពានជាញឹកញាប់។
ក្នុងសេចក្តីថ្លែងការណ៍មួយ TTP បាននិយាយថា៖ «យើង...បានបង្ហាញពីការបន្តការអត់ធ្មត់ ដូច្នេះដំណើការចរចានេះ មិនត្រូវបានបំផ្លាញឡើយ។
«ប៉ុន្តែកងទ័ព និងបណ្តាទីភ្នាក់ងារស៊ើបការណ៍ មិនឈប់ ហើយបន្តការវាយប្រហារ ដូច្នេះហើយបច្ចុប្បន្នការវាយប្រហារសងសឹករបស់ពួកយើង ក៏នឹងចាប់ផ្តើមនៅទូទាំងប្រទេសដែរ»។
រយៈពេលមិនដល់ ២ សប្តាហ៍ផង TTP បានអះអាងពីការពួនស្ទាក់វាយប្រហារមួយដែលបានបណ្តាលឱ្យប៉ូលិស ៦ នាក់ស្លាប់ នៅប៉ាគីស្ថានភាគពាយព្យ ដោយបានបញ្ជាក់ថា ពួកគេកំពុងរៀបចំផែនការវាយប្រហារទៅលើមូលដ្ឋានរបស់ពួកគេក្នុងតំបន់នេះ។
ចាប់តាំងពីថ្ងៃសុក្រ យោធាបានល្បាតក្នុងតំបន់នោះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកម្ចាត់ក្រុមជនសកម្មប្រយុទ្ធ ដោយមានឧទ្ធម្ភាចក្រប្រដាប់ដោយកាំភ្លើងធុនធ្ងន់វាយប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ពួកគេ។
TTP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយក្រុមជីហាដប៉ាគីស្ថាន ដែលប្រយុទ្ធរួមជាមួយក្រុមតាលីបង់នៅអាហ្វ ហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ មុននឹងប្រឆាំងការគាំទ្ររបស់ទីក្រុងអ៊ីស្លាម៉ាបាដចំពោះការអន្តរាគមន៍របស់អា មេរិកនៅទីនោះ ក្រោយពីការវាយប្រហារ 9/11។
ក្នុងមួយរយៈពេលខ្លី ពួកគេ បានកាន់កាប់តំបន់ធំៗនៃខ្សែក្រវាត់កុលសម្ព័ន្ធដ៏រឹងមាំរបស់ប្រទេសប៉ាគីស្ថាន ដោយបានដាក់ចេញនូវច្បាប់អ៊ិស្លាមដ៏តឹងរុឹង និងល្បាតទឹកដីមានចម្ងាយត្រឹម១៤០គីឡូម៉ែត្រពីរដ្ឋធានីប៉ាគីស្ថាន។
យោធាប៉ាគីស្ថាន បានជួបការលំបាកខ្លាំង ក្រោយឆ្នាំ ២០១៤ នៅពេលក្រុមសកម្មប្រយុទ្ធ បានវាយប្រហារទៅលើសាលារៀនមួយសម្រាប់កូនៗរបស់បុគ្គលិកយោធា និងបានបណ្តាលមនុស្សជិត ១៥០ នាក់ស្លាប់ ភាគច្រើនក្នុងចំណោមពួកគេ គឺជាកូនសិស្ស។
យុទ្ធជនរបស់ខ្លួនភាគច្រើន បានចូលទៅប្រទេសអាហ្វហ្គានីស្ថានជិតខាង ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដអះអាងថា ក្រុមតាលីបង់នៅទីក្រុងកាប៊ុលបច្ចុប្បន្ន កំពុងផ្តល់កន្លែងឈរជើងឱ្យ TTP ដើម្បីធ្វើការវាយប្រហារឆ្លងព្រំដែន។
ចាប់តាំងពីក្រុមតាលីបង់ បានគ្រប់គ្រងអាហ្វហ្គានីស្ថានជាថ្មីមកប្រទេសប៉ាគីស្ថាន បានមើលឃើញការកើន ៥០ ភាគរយ ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ។ នេះបើយោងតាមវិទ្យាស្ថាន Pak ដើម្បីសិក្សាសន្តិភាព ( PIPS)។
ក្រុមសមាជិកសភា និងម្ចាស់អាជីកម្មជាច្រើននៅប៉ាគីស្ថានភាគឦសាន បានប្រាប់សារព័ត៌មាន AFP ថា ការកើតឡើងនៃការគំរាមទារប្រាក់របស់ TTP ក្នុងតំបន់នោះ បានកើនឡើង។
វត្តមានរបស់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់នោះ គឺជាប្រធានបទដ៏រសើបមួយសម្រាប់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាយូរមកហើយ បានតស៊ូដើម្បីបង្កើតមូលដ្ឋានមួយនៅទីនោះ។
អ្នកវិភាគឈ្មោះ Saad Khan ជាឧត្តមសេនីយ៍ត្រីយោធាចូលនិវត្តន៍មានមូលដ្ឋាននៅទីក្រុងប៉េសាវ៉ារ បាននិយាយសម្រាលដល់សារៈសំខាន់នៃសេចក្តីថ្លែងការណ៍របស់ TTP ដោយលើកឡើងថា បទឈប់បាញ់នេះ មិនត្រូវបានគេអនុវត្តតទៅទៀតទេ។
លោកបានប្រាប់សារព័ត៌មាន AFP ថា ក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានធានាចំពោះពិភពលោកទាំងមូលថា ពួកគេនឹងមិនអនុញ្ញាតឱ្យដែនដីរបស់ពួកគេត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសផ្សេងឡើយ។
«វាពិតមានសារៈសំខាន់ណាស់ក្នុងការផ្តួចផ្តើមការចរចាប្រាកដប្រជា ជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថានលើបញ្ហានេះ និងធ្វើឱ្យពួកគេដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ»៕