ទីក្រុងម៉ូស្គូ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​កោះហៅ​ឯក​អគ្គរដ្ឋ​ទូត​ន័រវេស មក​សាកសួរ​ ក្រោយ​ពី​ជនជាតិ​រុស្ស៊ី​ជា​ច្រើន​នាក់​​ ត្រូវ​បានចាប់​ខ្លួន នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខាង​ជើង​នេះ ជុំវិញ​ការ​ប្រើប្រាស់​យន្តហោះ​ដ្រូន។

ក្រសួង​ការ​បរទេសរុស្ស៊ី​ បាន​និយាយ​ថា ​ខ្លួន​បាន​ប្រាប់​ប្រេសិត​ពិសេស​ន័រវេស​លោក ​Robert Kvil​e ថា ទីក្រុង​អូ​ស្លូ គួរ​តែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពល​រដ្ឋរុស្ស៊ី​ដោយ​ផ្អែក​លើ​សញ្ជាតិ​របស់​ពួកគេ​។

កាល​ពី​សប្តាហ៍​មុន បុរស​ជនជាតិ​រុស្ស៊ីម្នាក់ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៩០ ថ្ងៃ នៅ​ក្នុង​ប្រទេស​ន័រវែស​ ជុំវិញ​ការ​បង្ហោះ​យន្ត​ហោះដ្រូន​នៅ​លើទឹកដី​ន័រវេស​ ជា​ការ​រំលោភ​លើ​បម្រាម​មួយ​ដែល​បាន​អនុម័ត ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​វាយលុក​របស់​ទីក្រុង​ម៉ូស្គូ​នៅ​អ៊ុយក្រែន​។

ជនជាតិរុស្សី​ ១២​ នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ន័រវេស​ក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​ ជុំវិញ​ការ​រំលោភ​លើប​ម្រាម​ជើងហោះ​ហើរ​ ឬ​ការ​ហាមឃាត់​លើ​គេហទំព័រ​ថតរូប​ដែល​ចាត់ទុក​ថា ​មានភាព​រសើប ​ដោយសារ​ប្រទេស នេះ ​បាន​បង្កើន​សន្តិសុខ​ជុំវិញ​ហេដ្ឋារចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ​។

ការ​ហាមប្រាម​របស់​ន័រវេស​ រួមមាន​ការ​ប្រើប្រាស់​យន្តហោះ​ដ្រូន​។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​និយាយ​ថា​ យើង​បាន​កត់​សម្គាល់​ថា ​ការ​កាត់​ទោស​ប្រឆាំង​នឹង​ជនជា​តិរុស្ស៊ី​ គឺជា​ហេតុផល​នយោបាយ ​ហើយ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​យុត្តិធម៌​និង​មិន​លម្អៀង​ឡើយ។

បច្ចុប្បន្ន​នេះ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំរបស់​អឺរ៉ុប​ គឺ​ប្រទេស​ន័រវេស ​បាន​ប្រុងប្រយ័​ត្ន​ខ្ពស់ ​ចាប់​តាំង​ពី​យន្តហោះដ្រូន​ដ៏​អាថ៌​កំបាំង ​ត្រូវ​បាន​គេប្រទះ​ឃើញ​នៅជិត​ទីតាំង​យុទ្ធសាស្ត្រ​រួមទាំង​កន្លែង​ស្តុក​ប្រេង ​និង​ឧស្ម័ន​ នៅ​ឆ្នេរ​សមុទ្រ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ​កន្លង​មក​នេះ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ន័រវេស​ លោក Lars Gjemble បាន​និយាយ​ក្នុងកា​រ​អត្ថា​ធិប្បាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​កោះហៅនេះ​ថា៖«​ឯកអគ្គ​រដ្ឋទូត​របស់​យើង បាន​ឆ្លៀតឱកាស ​ដើម្បីជូន​ដំណឹង​ដល់ (រុស្ស៊ី)​អំពី​ច្បាប់​ន័រវេស​ស្តីពី​ការ​ដាក់​ទណ្ឌកម្ម​»។

លោក ​បាន​បន្ថែម​ថា៖​«​លោក​​ក៏បាន​ពិនិត្យ​មើល​ករណី​ដែល​កំពុង​ដំណើរការ​នៅ​ ​តុលាការ​ន័រវេស។​ កិច្ចប្រជុំនេះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ល្អ។

កិច្ច​ប្រជុំ​ជា​មួយ​ប្រេសិត​ន័រវេស ​បាន​ធ្វើឡើង ​នៅមុន​ថ្ងៃ​បើក​ការ​កាត់ក្តី​មួយផ្សេងទៀត​នៅ​ទីក្រុង​ Tromso ភាគ​ខាងជើង ​ដែល​ពាក់ព័ន្ធ​នឹង​លោក ​Andrei Yakunin ​​ជា​កូនប្រុស​របស់​អតីត​ ប្រធាន​ក្រុមហ៊ុន​ផ្លូវដែក​រុស្ស៊ី ​លោក Vladimir Yakunin ដែលត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​មនុស្ស​ទុកចិត្ត​របស់​លោក​ប្រធានាធិបតី​លោក វ្ល៉ា​ឌីមៀរ ពូទីន​។

ជនជាតិ​រុស្សី​ដើម​កំណើត​អង់គ្លេស​រូបនេះ​ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​បង្ហោះ​យន្តហោះ​ដ្រូន​ ១ ​គ្រឿង​ នៅ​ក្នុង​ទីក្រុង​ Svalbard ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ជុំវិញ​ប្រជុំកោះ​ ដែល​ស្ថិត​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ នៅ​តំបន់​អាក់ទិក​។

មេធាវី​របស់​លោក​បាន​បញ្ជាក់​ថា លោក​មាន​បំណង​ប្រើ​សញ្ជាតិ​អង់គ្លេស​របស់​លោក​ ដើម្បី​សុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស​។

កាលពីខែមុន ស្ថានទូតរុស្ស៊ីនៅទីក្រុងអូស្លូ​ បានរិះគន់អ្វីដែលខ្លួននិយាយថា ជា «ជំងឺផ្លូវចិត្ត» នៅក្នុងប្រទេស ន័រវេសជាសមាជិកណាតូដែលរុស្ស៊ីមានព្រំដែនជា​មួយ​ ប្រវែង​១៩៨គីឡូម៉ែត្រនៅចុង​ខាង​៕

វីដេអូ៖