ចិនបាននិយាយអះអាងថា នាវាចម្បាំងអាមេរិក បានចូលដែនទឹកក្បែរប្រជុំកោះជម្លោះស្ព្រាតលី (Spratly) ក្នុងសមុទ្រចិនខាងត្បូងដោយខុសច្បាប់ កាលពីថ្ងៃអង្គារ ទី ២៩ ខែវិច្ឆិកា ខណៈអាមេរិកវាយបកទៅវិញថា ក្រុងប៉េកាំងធ្វើការចោទប្រកាន់មិនពិត ដោយថា សកម្មភាពនាវាចរណ៍របស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
ការប្រឈមមុខដាក់គ្នាជាថ្មីលើបញ្ហាចម្រូងចម្រាស ក្នុងសមុទ្រចិនខាងត្បូង នាពេលនេះ កើតឡើងស្របពេលដែលភូមិសាស្ត្រនយោបាយ រវាងប្រទេសទាំង២ ស្ថិតក្នុងភាពតានតឹងខ្លាំងនៅឡើយ។ សេចក្តីថ្លែងការណ៍ពីបញ្ជាការកងទ័ពភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានឱ្យដឹងថា នាវាចម្បាំងបំពាក់មីស៊ីលគ្រូសនាំផ្លូវរបស់អាមេរិកឈ្មោះ USS Chancellorsville បានធ្វើដំណើរដោយខុសច្បាប់ចូលក្នុងដែនទឹកក្បែរកោះស្ព្រាតលី ដោយគ្មានការ-យល់ព្រមពីរដ្ឋាភិបាលចិន។
អ្នកនាំពាក្យនៃបញ្ជាការកងទ័ពភាគខាងត្បូងនៃ PLA លោក Tian Junli បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ដដែលថា៖ «សកម្មភាពរបស់យោធាអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន»។
លោក Tian បានចោទប្រកាន់អាមេរិកទៀតថា ជា «អ្នកបង្កើតហានិភ័យផ្នែកសន្តិសុខ» ហើយសកម្មភាពរបស់យោធាអាមេរិក កាលពីថ្ងៃអង្គារ ជាភ័ស្តុតាងរឹងមាំបន្ថែម ដែលបង្ហាញពីការស្វែងរកអនុត្តរភាពនៃការធ្វើនាវាចរ និងយោធូបនីយកម្មសមុទ្រចិនខាងត្បូងរបស់ក្រុងវ៉ាស៊ីនតោន។ លោកអះអាងថា កងទ័ពចិនបានរៀបចំកងទ័ពជើងទឹក និងអាកាស តាមដាន និងព្រមាននាវាចម្បាំងអាមេរិកឱ្យចេញពីតំបន់នោះ។
ប្រតិកម្មទៅនឹងការលើកឡើងរបស់កងទ័ពចិន កងនាវាចរណ៍ទី៧ នៃកងទ័ពជើងទឹកអាមេរិក បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយក្រោយនោះថា ការចោទប្រកាន់របស់ PLA គឺជារឿងមិនពិត និងជាការបំភាន់នៃសកម្មភាពរបស់អាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង។ កងទ័ពជើងទឹកអាមេរិក បន្តថា នាវាចម្បាំងអាមេរិក បានដឹកនាំការធ្វើនាវាចរណ៍ ដោយសេរីស្របតាមច្បាប់អន្តរជាតិ ហើយបន្ទាប់មកបន្តប្រតិបត្តិការធម្មតាក្នុងដែនទឹក ដែលខ្លួនមានសិទ្ធិធ្វើដំណើរឆ្លងកាត់។
មិនត្រឹមតែប៉ុណ្ណេះទេ កងទ័ពជើងទឹកអាមេរិក បាននិយាយទៀតថា៖ «អាកប្បកិរិយារបស់សាប្រជាមានិតចិន គឺផ្ទុយពីការប្រកាន់ខ្ជាប់របស់សហរដ្ឋអាមេរិក ចំពោះច្បាប់អន្តរជាតិ និងចក្ខុវិស័យរបស់យើងសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
កងទ័ពបន្តថា៖ «ប្រជាជាតិទាំងអស់ មិនថាតូច ឬធំ គួរតែមានសុវត្ថិភាព ក្នុងអធិបតេយ្យភាពរបស់ពួកគេ ដោយគ្មានការបង្ខិតបង្ខំ និងអាចបន្តកំណើនសេដ្ឋកិច្ចស្របតាមច្បាប់ និងបទដ្ឋានអន្តរជាតិ ដែលទទួលយកបាន»។
សូមបញ្ជាក់ថា តំបន់ប្រជុំកោះស្ព្រាតលី និងដែនទឹកស្ទើរតែទាំងអស់ នៅសមុទ្រចិនខាងត្បូង ស្ថិតក្នុងតំបន់ចម្រូងចម្រាស ដោយចិនទាមទារថា ជារបស់ខ្លួន។ ក្នុងឆ្នាំ ២០១៦ តុលាការអន្តរជាតិបានសម្រេចថា ចិនមិនមានមូលដ្ឋានច្បាប់ ដើម្បីទាមទារបែបនេះឡើយ ប៉ុន្តែក្រុងប៉េកាំង បានច្រានចោលការសម្រេចនេះ ដោយជំនួសមកវិញនូវការបង្កើតកោះសិប្បនិម្មិតជាច្រើន និងការពង្រីកសកម្មភាពយោធាលើកោះទាំងនោះ។
ខណៈប្រទេសជាច្រើនរួមមានហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និងតៃវ៉ាន់ ក៏ពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកតែងតែបដិសេធការទាមទាររបស់ចិន។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងឆ្លងកាត់សមុទ្រចិនខាងត្បូង នៅក្នុងសកម្មភាពដែលខ្លួនហៅថា សេរីភាពនៃការធ្វើនាវាចរណ៍។
ការប្រឈមមុខដាក់គ្នា កាលពីថ្ងៃអង្គារនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនភីង បានជួបគ្នាដោយផ្ទាល់នៅក្រៅកិច្ចប្រជុំ G20 កាលពីពាក់កណ្ដាលខែនេះ។ មេដឹកនាំទាំង ២ បានអះអាងថា អាមេរិក និងចិន ព្រមព្រៀងគ្នាបន្ថយភាពតានតឹងលើបញ្ហាជាច្រើន ពេលដែលទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះខ្លាំង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងជំនួបនោះ លោក បៃដិន ប្រាប់មេដឹកនាំចិនថា៖ «ខ្ញុំច្បាស់ណាស់ថា យើងនឹងការពារប្រយោជន៍ និងគុណតម្លៃរបស់អាមេរិក លើកកម្ពស់សិទ្ធិមនុស្សជាសកល និងក្រោកឈរ ឡើង សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូយើង»។
អ្វីដែលអាមេរិកអះអាងថា ជាការធ្វើនាវាចរណ៍ ដោយសេរីនាពេលនេះ គឺជាការសបញ្ជាក់ឱ្យឃើញនូវការលើកឡើងរបស់លោក បៃដិន នាពេលនោះ។
បញ្ហានេះត្រូវបានកងទ័ពជើងទឹកអាមេរិកលើកទៅគូសបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍វាយបកទៅចិនវិញថា៖ «ប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងការប្រើប្រាស់សមុទ្រស្របច្បាប់ជាគោលការណ៍។ សហរដ្ឋអាមេរិកកំពុងការពារសិទ្ធិរបស់ប្រជាជាតិនីមួយៗ ក្នុងការហោះហើរ បើកបរ និងប្រតិបត្តិការ នៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ដូចនាវាចម្បាំង USS Chancellorsville បានធ្វើនៅទីនេះ»។
ការប្រឈមមុខដាក់គ្នា នៅថ្ងៃអង្គារដដែលនោះ កើតឡើងចំពេលមានភាពតានតឹងបន្ត នៅសមុទ្រចិនខាងត្បូង ហើយភ្លាមៗបន្ទាប់ពីការប៉ះពារគ្នា រវាងនាវាចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នៅជិតប្រជុំកោះស្ព្រាតលី ក្នុងខែនេះ។ ក្រុងម៉ានីលបានចោទចិនថា បានរឹបអូសយកកម្ទេចកម្ទីគ្រាប់រ៉ុក្កែតពីកងទ័ពជើងទឹករបស់ខ្លួន អំឡុងហេតុការណ៍នោះ ប៉ុន្តែចិនបានបដិសេធថា មិនបានធ្វើដោយបង្ខំទេ ហើយក៏ប្រគល់កម្ទេចកម្ទីនោះឱ្យហ្វីលីពីនវិញហើយដែរ។
ភាពតានតឹងក៏កើតមានជុំវិញទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នៅកោះប៉ាឡាវ៉ាន់របស់ហ្វីលីពីន កាលពីសប្ដាហ៍មុន។ ក្នុងទស្សនកិច្ចនោះ លោកស្រីប្រាប់ថា អាមេរិកនឹងជំរុញឱ្យមានយុទ្ធនាការអន្តរជាតិប្រឆាំងនឹង «អាកប្បកិរិយាមិនទទួលខុសត្រូវ» របស់ចិននៅសមុទ្រចិនខាងត្បូង៕
វីដេអូ៖