រដ្ឋាភិបាលប្រទេសអាមេរិកខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូឡុំប៊ី ត្រូវដាក់ពង្រាយទាហានចំនួន ៤០០ នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដែលកំពុងប្រតិបត្តិការឆ្លងកាត់ព្រំដែនជនបទភាគខាងត្បូងរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៃការសម្លាប់មនុស្ស និងការផ្លាស់ទីលំនៅ។
លោករដ្ឋមន្ត្រីមហាផ្ទៃ Alfonso Prada បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីជំនួបសន្តិសុខនៅគណៈរដ្ឋមន្ត្រីថា មានតំបន់ចំនួន ៦ នៅតាមបណ្តោយព្រំដែន របស់ប្រទេសកូឡុំប៊ីជាមួយអេក្វាទ័រ ប៉េរូ និងប្រេស៊ីល ដោយមានទាហាន និងមន្រ្តីចំនួន ៤០០ នាក់ ដែលនឹងនៅប្រតិបត្តិការជួរមុខ...ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀននៅតាមច្រករបៀង។
ប្រធានាធិបតី Gustavo Petro ជាប្រធានាធិបតីឆ្វេងនិយមដំបូងរបស់ប្រទេសនេះ បានហៅកិច្ចប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់ បន្ទាប់ពីការប្រយុទ្ធគ្នានាពេលថ្មីៗនេះរវាងក្រុមប្រដាប់អាវុធ បានបណ្តាលឱ្យមនុស្ស ១៨ នាក់ ស្លាប់ និងបានជម្លៀសប្រជាជនរាប់សិបគ្រួសារនៅក្នុងតំបន់ភាគនិរតីនៃក្រុង Putumayo ជាប់ព្រំដែនអេក្វាទ័រ និងប៉េរូ។
ការប៉ះទង្គិចទាំងនោះ បានធ្វើឱ្យក្រុមប្រឆាំងនៃក្រុមទ័ពព្រៃ FARC ជារណសិរ្ស «Carolina Ramirez» ប្រឆាំងនឹងក្រុមប្រដាប់អាវុធមួយផ្សេងទៀតគឺ «Comandos de la Frontera»។
រណសិរ្ស «Carolina Ramirez» ជាក្រុមប្រឆាំងដ៏ធំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពដែលបានដកហូតអាវុធពីក្រុម FARC ក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។
យោងតាមរដ្ឋាភិបាលនេះ ក្រុមទាំង ២ នេះ កំពុងប្រយុទ្ធ ដើម្បីគ្រប់គ្រងផ្លូវជួញដូរគ្រឿងញៀននៅក្នុងព្រៃចន្លោះ ប្រទេសកូឡុំប៊ី និងអេក្វាទ័រ។
លោក Prada បានថ្លែងថា៖ «យើងបានទាក់ទងប្រទេសជិតខាង ដោយសារ យើងបានឃើញសកម្មភាពមួយដែលយើងនឹងប្រយុទ្ធជាមួយកងទ័ពរបស់យើង ប៉ុន្តែក៏មានកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ»។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលកូឡុំប៊ី ក៏បាននិយាយជាមួយអាជ្ញាធរនៃប្រទេសប៉ាណាម៉ា និងវ៉េណេស៊ុយអេឡា ជាទីដែលក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលរបស់កូឡុំប៊ី និងទ័ពព្រៃកូឡុំប៊ីនៃកងទ័ពរំដោះជាតិ (ELN) ប្រតិបត្តិការរៀងៗខ្លួន។
ELN ដែលត្រូវបានគេចាត់ទុកថា ជាចលនាទ័ពព្រៃសកម្មចុងក្រោយ នៅក្នុងប្រទេសនេះ បានបន្តការចរចាសន្តិភាពជាមួយរដ្ឋាភិបាលរបស់លោកPetro នៅទីក្រុងការ៉ាកាស កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅនេះ។
ក្នុងអំឡុងពេលសុន្ទរកថាកាលពីខែសីហា លោក Petro បានប្រកាសថា ដល់ពេលដែលត្រូវមានអនុសញ្ញាអន្តរជាតិថ្មីមួយដែលទទួលស្គាល់ថា សង្គ្រាមប្រឆាំងគ្រឿងញៀន បានបរាជ័យ ហើយដើម្បីគាំទ្រដល់ «គោលនយោបាយដ៏រឹងមាំនៃការទប់ស្កាត់ការប្រើប្រាស់គ្រឿងញឿន» នៅក្នុងប្រទេសអភិវឌ្ឍន៍៕