ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី៩ធ្នូថា រុស្ស៊ីដែលជាប្រទេសនាំចេញថាមពលដ៏ធំបំផុតរបស់ពិភពលោកអាចនឹងកាត់បន្ថយការផលិតប្រេង ហើយនឹងបដិសេធមិនលក់ប្រេងទៅឱ្យប្រទេសណា ដែលគោរពតាមទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចឡើយ។ ជាទណ្ឌកម្មដែលលោក ពូទីន ចង់សំដៅដល់ការកំណត់តម្លៃរបស់លោកខាងលិចលើប្រេងឆៅនាំចេញរបស់រុស្ស៊ីក្នុងតម្លៃស្មើ ឬតិចជាង ៦០ដុល្លារក្នុងមួយបារ៉ែល។
ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងអូស្ត្រាលី កាលពីសប្តាហ៍មុនបានព្រមព្រៀងគ្នាកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែលលើប្រេងឆៅរបស់រុស្ស៊ី បន្ទាប់ពីសមាជិកសហភាពអឺរ៉ុប បានយកឈ្នះលើមតិប្រឆាំងរបស់ប៉ូឡូញ។
លោកប្រធានាធិបតី ពូទីន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ចំពោះប្រតិកម្មរបស់យើង ខ្ញុំបាននិយាយរួចហើយថា យើងនឹងមិនលក់ប្រេងទៅឱ្យប្រទេសណាដែលធ្វើការសម្រេចចិត្តបែបនេះនោះទេ»។
«យើងនឹងគិត ហើយវាប្រហែលជាអាចនឹងទៅរួច ប្រសិនបើចាំបាច់ ... គឺត្រូវកាត់បន្ថយផលិតកម្មប្រេង»។ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីមានកិច្ចព្រមព្រៀងជាមួយក្រុមប្រទេសផលិតប្រេង OPEC+ អំពីការផលិត ដូច្នេះជំហានដ៏ធ្ងន់ធ្ងរបែបនេះនៅតែជាលទ្ធភាពមួយដែលអាចទៅរួច។
លោក ពូទីន បានបញ្ជាក់ទៀតថា៖ «យើងកំពុងគិតអំពីចំណុចនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ហើយជំហានជាក់ស្តែង នឹងត្រូវបានគូសបញ្ជាក់នៅក្នុងក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ដែលនឹងចេញផ្សាយនៅប៉ុន្មានថ្ងៃខាងមុខនេះ»។
ទន្ទឹមនេះ លោកប្រធានាធិបតីរុស្ស៊ី ក៏បានបន្ថែមដែរថា ទីក្រុងមូស្គូនឹងមិនចាញ់ក្រោមដៃលោកខាងលិចដែលបានកម្រិតតម្លៃប្រេងរបស់រុស្ស៊ីឡើយ ហើយថាហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនឹងត្រូវរក្សាទុកបានល្អ។
សម្រាប់លោក ពូទីន ចំណាត់ការរបស់លោកខាងលិចគឺជារឿងឆោតល្ងង់ ដែលនឹងធ្វើឱ្យតម្លៃថាមពលឡើងថ្លៃខ្ពស់ សម្រាប់អ្នកដែលរួមគំនិតគ្នាកំណត់តម្លៃប្រេងឆៅនាំចេញរបស់រុស្ស៊ី។
បុរសខ្លាំងរុស្ស៊ីរូបនេះ បានព្រលយឱ្យដឹងដែរថា ទីក្រុងមូស្គូកំពុងរៀបចំការឆ្លើយបតវិញ ហើយថាមូស្គូនឹងត្រូវប្រកាសពីចំណាត់ការឆ្លើយតបនេះនៅប៉ុន្មានថ្ងៃខាងមុខ៕