សហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀងគ្នាលើការដាក់ទណ្ឌកម្មថ្មីបន្ថែមប្រឆាំងប្រទេស រុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនេះ ទីក្រុង ប៊្រុចសែល ក៏បានបើកផ្លូវដល់ការផ្តល់កញ្ចប់ជំនួយថវិកាចំនួន ១៨ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែនផងដែរ។
បើតាមមន្ត្រីទូតអឺរ៉ុបជាច្រើនរូប សហភាពអឺរ៉ុប បានសម្រចបើកផ្លូវក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងទឹកប្រាក់ទំហំ ១៨ ពាន់លានអឺរ៉ូ កាលពីថ្ងៃព្រហស្បតិ៍។
ចំណាត់ការនេះ កើតឡើងក្រោយមានការទទូចសុំយ៉ាងខ្លាំងពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលស្នើសុំកុំឱ្យជម្លោះផ្ទៃក្នុងនៅក្នុងប្លុកដែលមានសមាជិក ២៧ ប្រទេស រារាំងដល់ការគាំទ្រចំពោះក្រុងកៀវ។
«ខ្ញុំកំពុងស្នើសុំអ្នកយ៉ាងខ្លាំង ឱ្យជួយធានាថា ការតស៊ូរបស់យើង ដើម្បីសន្តិភាពសម្រាប់អ៊ុយក្រែន និងសម្រាប់អឺរ៉ុបទាំងមូល មិនអាស្រ័យលើការភ័ន្តច្រឡំ និងភាពចម្រូងចម្រាសរវាងរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន»។ នេះគឺជាសម្តីរបស់លោក ហ្សេឡេនស្គី និយាយនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់មេដឹកនាំសហភាពអឺរ៉ុប ដែលជួបប្រជុំគ្នានៅទីក្រុង ប៊្រុចសែល។
រដ្ឋាភិបាល អ៊ុយក្រែន ត្រូវការជំនួយថវិកាបន្ថែមយ៉ាងខ្លាំង ព្រោះវាចាំបាច់ក្នុងការជួយគាំទ្រដល់អ៊ុយក្រែន នៅឆ្នាំក្រោយ ដើម្បីអាចនៅបន្តតស៊ូក្នុងសង្រ្គាមដែលបញ្ឆេះឡើងដោយ រុស្ស៊ី។
គួរបញ្ជាក់ជូនថា ក្នុងពេលជាមួយគ្នា កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុប ក៏បានអនុម័តផងដែរនូវសេចក្តីសម្រេចទទួលស្គាល់គ្រោះទុរ្ភិក្សដែលបង្កឡើងដោយរបបសូវៀតលើអ៊ុយក្រែនក្នុងឆ្នាំ ១៩៣២-១៩៣៣ ដែលគេស្គាល់ថា ជា «Holodomor» ឬ «ទុរ្ភិក្ស» ថាជាអំពើប្រល័យពូជសាសន៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សភាបាននិយាយថា៖ «សមាជិកសភាអឺរ៉ុប ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដែលបានបណ្តាលឱ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់ស្លាប់ និងអំពាវនាវឱ្យបណ្តាប្រទេសនានា និងអង្គការទាំងអស់ដែលមិនទាន់បានធ្វើដូច្នេះឱ្យធ្វើតាម និងទទួលស្គាល់ថា វាជាអំពើប្រល័យពូជសាសន៍»៕