ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែធ្នូ បានធ្វើសេចក្ដីរាយការណ៍ថា រដ្ឋភិបាលក្រិក បានប្រកាសពីវិធានការជួយសង្គ្រោះ ដើម្បីជួយកាត់បន្ថយតម្លៃរស់នៅរបស់ប្រជាជនបន្ថែមទៀត ដោយរដ្ឋាភិបាលនឹងផ្ដល់ប្រាក់ឧបត្ថម្ភអាហារចំនួន ១០ ភាគរយដល់អ្នក ដែលមានប្រាក់ចំណូលទាប សម្រាប់រយៈពេល ៦ខែ ហើយវិធានការឧបត្ថម្ភថ្លៃអគ្គិសនី និងឧស្ម័នធម្មជាតិ នៅបន្តដដែល។
នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានថ្លែងយ៉ាងដូច្នេះថា ចាប់តាំងពីខែកុម្ភៈ នៅឆ្នាំក្រោយ រដ្ឋាភិ បាលនឹងប្រើប្រាស់ថវិកាចំនួន ១០ភាគរយ ដើម្បីជួយចំណាយលើថ្លៃស្បៀងអាហារ សម្រាប់ប្រជាជន ជាមួយនឹងថវិកាសរុបចំនួន ៦៩០លានដុល្លារអាមេរិក ដែលជាវិធានការ ដើម្បីទប់ទល់នឹងអតិផរណា។
ចំណាត់ការរបស់រដ្ឋាភិបាលក្រិកនេះ កើតឡើងនៅពេលដែលអតិផរណា កំពុងញាំញីអ្នករកបានប្រាក់ចំណូលទាប និងវណ្ណៈថ្នាក់កណ្តាល ដែលកំពុងជួបការលំបាក រួមទាំងផលប៉ះពាល់ពីសង្គ្រាមអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃស្បៀងអាហារ និងថាមពល ហក់ឡើងយ៉ាងខ្ពស់។
សេចក្ដីរាយការណ៍របស់បណ្ដាញសារព័តមាន បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះ នឹងកំណត់ត្រឹម ២២០អឺរ៉ូ (ប្រមាណ ២៣៣ដុល្លារ) ក្នុងម្នាក់ និងមិនឱ្យលើស ១ ០០០អឺរ៉ូ (ប្រមាណ ១ ០៥៩ដុល្លារ) ក្នុងមួយគ្រួសារ ដោយអ្នកដែលអាចបំពេញតាមលក្ខន្តិកនេះបាន ត្រូវតែជាអ្នក ដែលមានប្រាក់ចំណូល ក្នុងមនុស្សម្នាក់ ឬប្តីប្រពន្ធ មិនលើសពី ២៤ ០០០អឺរ៉ូ (ប្រមាណ ២៥៤ ២៦៨ដុល្លារ) ប្រសិនបើមានកូន រដ្ឋាភិបាលនឹងផ្តល់ឱ្យក្នុងម្នាក់ៗ ៥ ០០០អឺរ៉ូ (ប្រមាណ ៥ ២៩៧ដុល្លារ) បន្ថែមទៀត។
ក្រសួងហិរញ្ញវត្ថុ បានឱ្យដឹងថា វិបត្តិតម្លៃថាមពល និងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារសង្រ្គាមអ៊ុយក្រែន នឹងបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសក្រិក ដែលកំពុងប្រឈមនឹងអតិផរណារបស់បន្តទៀត ខណៈដែលលោក Mitsotakis បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការទ្រឹងតម្លៃអគ្គិសនី និងឧស្ម័នចម្អិនអាហារដដែល៕