កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ផ្លោង​ចំនួន ២​ គ្រាប់​ឆ្ពោះទៅ​កាន់​សមុទ្រ នៅ​ឆ្នេរ​ខាងកើត​ឧបទ្វីប​កូរ៉េ។ អគ្គសេនាធិការ​ចម្រុះ​នៃ​កងទ័ព​កូរ៉េខាងត្បូង (JCS) បាន​និយាយ​ថា មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ទាំង​ ២ ហោះ​បាន​ចម្ងាយ​ប្រហែល ៥០០​ គីឡូម៉ែត្រ នៅ​ថ្ងៃអាទិត្យ ទី ១៨ ខែ​ធ្នូ​នេះ។

អនុ​រដ្ឋ​មន្ត្រី​ការពារជាតិ​ជប៉ុន លោក Toshiro Ino បាន​និយាយថា គ្រាប់​មីស៊ីល​ទំនង​ជា​ធ្លាក់​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ) របស់​ប្រទេស​ជប៉ុន តែ​មិនមាន​របាយការណ៍​អំពី​ការខូចខាត​នោះទេ។

អគ្គ​សេនា​ធិការ​កងទ័ព​កូរ៉េ​ខាងត្បូង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «មីស៊ីល​ផ្លោង​របស់​កូរ៉េខាងជើង ត្រូវបាន​បាញ់​នៅ​មុំ​ដ៏​ចោត ហើយ​គ្រាប់​បាន​ធ្លាក់​ក្នុង​សមុទ្រ​ខាងកើត»។

ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក កំពុងធ្វើការ​វិភាគ​យ៉ាង​ម៉ត់ចត់ ពី​និន្នាការ​ថ្មីៗ​ទាក់ទង​នឹង​ការអភិវឌ្ឍ​មីស៊ីល​របស់​កូរ៉េខាងជើង។ អ្នកជំនាញ​បាន​និយាយថា ការបាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាងជើង​កាន់តែ​លឿន និង​ទំនើប​ជាង​មុនៗ ខណៈដែល​ប្រទេស​នេះ​កំពុង​ស្វែងរក​ការអភិវឌ្ឍ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី និង​បង្កើនល្បឿន​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់ខ្លួន។

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ បាន​រាយការណ៍ កាលពី​ថ្ងៃ​សុក្រ​ថា លោក​គីម ជុង​អ៊ុន បាន​ដឹកនាំ​ក្នុង​យុទ្ធនាការ បាញ់​បង្ហោះ​ផ្កាយរណប Sohae ដែល​ត្រូវបាន​ប្រើ​ដើម្បី​សាកល្បង​បច្ចេកវិទ្យា​មីស៊ីល រួមទាំង​ម៉ាស៊ីន​រ៉ុក្កែត និង​យាន​បាញ់​បង្ហោះ​អវកាស។

ប្រទេស​កូរ៉េខាងជើង​បានធ្វើការ​សាកល្បង​កាំជ្រួច​មីស៊ីល​ជាច្រើន ដែល​មិន​ធ្លាប់មាន​ក្នុងឆ្នាំនេះ រួមទាំង​មីស៊ីល​ផ្លោង​អន្តរទ្វីប (ICBM) ដែលមាន​សមត្ថភាព​បាញ់​ទៅដល់​ដីគោក​របស់​សហរដ្ឋ​អាមេរិក ទោះបីជា​មាន​ការ​ហាមឃាត់ និង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ក៏ដោយ។

កាលពី​ខែវិច្ឆិកា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច ICBM ខណៈដែល​មន្ត្រី​ជប៉ុន​និយាយថា កាំជ្រួច​នេះ អាច​បាញ់​ទៅដល់​ដីគោក​របស់​សហរដ្ឋអាមេរិក ហើយ​គ្រាប់​មីស៊ីល ធ្លាក់នៅ​ចម្ងាយ​តែ ២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ប្រទេស​ជប៉ុន។

កាលពី​ថ្ងៃ​សុក្រ ប្រទេស​ជប៉ុន​បានបង្ហាញ​ផែនការ ទំនើបកម្ម​យោធា​ដ៏​ធំ​បំផុត​របស់ខ្លួន ចាប់តាំងពី​សង្គ្រាម​លោក​លើកទី​២ ដោយ​គ្រោង​ចាយ​ប្រាក់​ចំនួន ៣២០ពាន់​លាន​ដុល្លារ​អាមេរិក៕