តារាវិទូ ដែល​ប្រើ​តេ​ឡេ​ទស្សន៍​អវកាស Hubble និង Spitzer របស់​អង្គការ​ណា​សា បាន​រកឃើញ​ភ័ស្តុតាង ដែល​ធ្វើឱ្យ​ពួកគេ​អាច​សន្និដ្ឋានបានថា ភព​ចំនួន ​២ អាចមាន​ផ្ទៃសមុទ្រ​ដូច​ផែនដី​។ ភព​ទាំង ​២ នោះ រួមមាន Kepler-138 c និង Kepler-138 d ដែល​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Montreal ដឹកនាំ​ដោយ​លោកស្រី Caroline Piaulet ជឿថា មានទឹក​ភាគច្រើន​នៅលើ​ផ្ទៃ​របស់​វា​។

​យ៉ាងណាមិញ ការសិក្សា​ស្រាវជ្រាវ​មិនទាន់​រកឃើញ​ទឹក​នៅលើ​ភព Exoplanet ទាំង​ ២ ដោយផ្ទាល់​នោះទេ ប៉ុន្តែ​តាមរយៈ​ការប្រៀបធៀប​ទំហំ និង​ម៉ាស់​របស់​ភព​ទាំងនេះ​ទៅនឹង​គំរូ​ផ្សេងៗ​ក្រុម​តារាវិទូ​ដដែល បាន​សន្និដ្ឋានថា ប្រភាគ​សំខាន់​នៃ​បរិមាណ​របស់​ភព​រហូតដល់​ពាក់កណ្តាល​អាច​ផ្សំ​ឡើង​ពី​វត្ថុ​ធាតុ​ស្រាល​ជាង​ថ្ម ប៉ុន្តែ​ធ្ងន់​ជាង​អ៊ីដ្រូហ្ស៊ែន ឬ​អេ​លី​យ៉ូ​ម ដែល​សមាសធាតុ​បែបនេះ​ភាគច្រើន គឺ​ទឹក​។​

​គួរ​បញ្ជាក់ថា Exoplanet គឺជា​ភព​ដែល​វិល​ជុំវិញ​តារា​មួយ ស្រដៀង​នឹង​ភព​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែរ ប៉ុន្តែ​វា​ស្ថិតនៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​។ បើ​គិតពី​ចំណុច​ដែលថា ភព Kepler-138c និង​ភព Kepler-138d ស្ថិតនៅ​ចម្ងាយ ២១៨ នៃ​ឆ្នាំ​ពន្លឺ ក្នុង​ក្រុម​តារានិករ​លី​រ៉ា (Lyra) ពួកគេ​ពិតជា​ស្ថិតក្នុង​ប្រភេទ​ភព Exoplanet​។​

​ខណៈ​ទឹកកក​ត្រូវបាន​គេ​សង្កេតឃើញ​មាននៅ​លើ​ព្រះ​ចន្ទ​ជាច្រើន​របស់​បណ្ដា​ភព​ក្រៅ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង រហូតមកទល់​ពេលនេះ អ្នកវិទ្យាសាស្ត្រ​មិន​ជោគជ័យ ក្នុងការ​ស្វែងរក​ភព​ណា ដែលមាន​សមុទ្រ​ដូច​ភពផែនដី​ទេ​។

​សាស្ត្រាចារ្យ​ផ្នែក​រូបវិទ្យា​នៅ​សាកល​វិទ្យាល័យ Montreal លោក Björn Benneke បាន​ពន្យល់ថា​៖ «​កាលពីមុន​យើង​ធ្លាប់​គិតថា ភព​ដែលមាន​ទំហំ​ធំ​ជាង​ផែនដី​បន្តិច ផ្សំ​ឡើង​ដោយ​ដែក និង​ថ្ម​ធំៗ ដូចជា​ភពផែនដី​។ នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​ហៅ​ពួកវា​ថា ផែនដី​ធំ (Super-Earths)»​។

​យ៉ាងណាមិញ លោក Benneke បាន​បន្តថា​៖ «​ឥឡូវនេះ​យើង​បាន​បង្ហាញថា ទាំង​ភព Kepler-138 c និង Kepler-138 d មាន​ភាពខុសគ្នា​ខ្លាំង នៅក្នុង​ធម្មជាតិ ហើយ​ប្រភាគ​ធំ​នៃ​បរិមាណ​ទាំងមូល​របស់​ភព​ទំនងជា​ផ្សំ​ឡើង​ពី​ទឹក​។​

​គួរកត់សម្គាល់​ថា​ភព Kepler-138 c និង Kepler-138 d មាន​បរិមាណ​ធំ​ជាង​ផែនដី ៣​ដង និង​ធ្ងន់​ជាង​ផែនដី ២​ ដង ប៉ុន្តែ​ភព​ទាំង​ ២ មាន​ដង់ស៊ីតេ​ទាប​ជាង​ផែនដី​ខ្លាំង​។ ក្រុម​អ្នកស្រាវជ្រាវ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​របកគំហើញ​នេះ ដោយសារតែ​ភព​ភាគច្រើន ដែលមាន​ទំហំ​ធំ​ជាង​ផែនដី​បន្តិច មាន​លក្ខណៈ​ជា​ភព​សិលា​។

​ទោះជា​យ៉ាងណាក៏ដោយ លក្ខខណ្ឌ​នៃ​ភព Exoplanet ទាំង​ ២ ដដែល មិន​អំណោយផល​ដល់​ជីវិត​នោះទេ សូម្បីតែ​ចម្ងាយ​ពី​ភពផែនដី ក៏​មិន​អាចឱ្យ​មនុស្ស​ទៅដល់​ដែរ​។ លោកស្រី Piaulet ដែល​ដឹកនាំ​ការស្រាវជ្រាវ បាន​ពន្យល់​ប្រាប់ថា ទាំង​ភព Kepler-138 c និង Kepler-138 d មិន​ស្ថិតនៅក្នុង​លម្ហ ដែល​អាច​រស់​នៅបាន​។

​លោកស្រី Piaulet​ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សីតុណ្ហភាព នៅក្នុង​បរិយាកាស​របស់​ភព​ Kepler-138 និង Kepler-138d ទំនងជា​ខ្ពស់ជាង​ចំណុចរំពុះ​នៃ​ទឹក ហើយ​យើង​រំពឹងថា នឹងមាន​បរិយាកាស​ក្រាស់​ពេញ​ដោយ​ចំហាយ​ទឹក​នៅលើ​ភព​ទាំងនេះ​៕​

វីដេអូ៖