​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឈានចូល​គ្រិស្ត​សករាជ​ថ្មី ឬ​ឆ្នាំ​ថ្មី​ហើយ ដោយ​មនុស្ស​ជាច្រើន អាច​នឹងមាន​អារម្មណ៍​ថា មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ១​ ឆ្នាំ​ទៀត បាន​កន្លងផុត​ទៅហើយ ហើយ​ប្រសិនបើ​ពិនិត្យឡើងវិញ​ពី​ព្រឹត្តិការណ៍ នៅ​ជុំវិញ​ពិភពលោក ក្នុង​ឆ្នាំ ២០២២ នោះ មាន​ហេតុការណ៍​ជាច្រើន បានកើត​ឡើង ក្នុងនោះ​រួមទាំង​ជំងឺ​រាតត្បាត និង​ការ​លាចាក​របស់​បុគ្គល​សំខាន់ៗ ព្រមទាំង​ទឹកភ្នែក​របស់​ប្រជាជន ដែល​ហូរ​ចេញ ដោយសារ​សោកនាដកម្ម​នានា ជម្លោះ ភ្លើងសង្គ្រាម និង​គ្រោះធម្មជាតិ ដែល​កើតឡើង​កៀកៗ​គ្នា សឹងតែ​រក​ពេល​ដកដង្ហើម​មិនបាន​។​

-​ រុស្ស៊ី​ផ្តើម​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​

​គ្រាន់តែ​បើក​ឆ្នាំ​ ២០២២ មិន​ដល់ ២ ​ខែ​ផង មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដែល​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ័យខ្លាច នៅពេលដែល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានចាប់ផ្តើម​នូវ​អ្វី ដែល​គាត់​បាន​ហៅថា «​ប្រតិ​ប​ត្តិ​ការ​យោធា​ពិសេស​» នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ដោយ​ការ​បញ្ជូនទាហាន​ទៅ​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដែល​មកទល់ពេលនេះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

-​ ជំងឺ​អុត​ស្វា រាលដាល

​ស្រប​ពេលដែល​មនុស្ស ជុំវិញ​ពិភពលោក ទើបតែ​ចាប់ផ្តើម​រៀន​រស់​ជាមួយនឹង​ជំងឺ​កូ​វីដ​ ១៩ ស្រាប់តែ​ក្នុង​ខែឧសភា ពិភពលោក​បាន​ពើបប្រទះ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ថ្មី Mpox ដែលមាន​ឈ្មោះ​ដើម​គឺ​ជំងឺ​អុត​ស្វា (Monkeypox) ដោយ​ជួប​ករណី​អ្នកជំងឺ​ដំបូង​គេ នៅ​ចក្រភព​អង់គ្លេស នា​ថ្ងៃទី ​៦ ខែឧសភា​។​

-​ បាតុកម្ម នៅ​ស្រីលង្កា​

​ប្រទេស​ស្រីលង្កា ត្រូវ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ​ ១៩៤៨ តាម​មក​ដោយ​ការតវ៉ា​ជាច្រើន​ខែ​ប្រឆាំងនឹង​រដ្ឋាភិបាល ដោយ​បញ្ហា​នេះ​បណ្ដាលឱ្យ​ប្រទេស ស្ថិតក្នុង​ភាពវឹកវរ​ពេញ ១ ឆ្នាំ​ ២០២២ ហើយ​នៅ​ទីបំផុត លោក Gotabaya Rajapaksa បាន​និរទេស​ខ្លួន នៅ​ថ្ងៃទី​ ១៣ ខែកក្កដា ហើយ​ក្រោយមក បាន​លាលែង​ពី​តំណែង​។​

-​ ទឹកជំនន់​ធំ នៅ​ប៉ា​គី​ស្ថាន

​ទឹកជំនន់​ដ៏​ធំ បាន​លិច​ផ្ទៃដី​ជាង ១/៣ នៃ​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​នេះ​រាប់​ថា ជា​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​ហេតុការណ៍​នេះ បណ្ដាលឱ្យ​យ៉ាងហោចណាស់​មនុស្ស ១ ៧៦០​ នាក់ បាន​ស្លាប់ ខណៈ​រូបភាព​នៃ​ការឈឺចាប់​ត្រូវបាន​គេ​ឃើញ​នៅ​គ្រប់​ទីកន្លែង ដោយ​មនុស្ស​ជាច្រើន​គ្មាន​ផ្ទះ និង​គ្មាន​ទឹក និង​អាហារ ដើម្បី​ទ្រទ្រង់​ជិវិត​។​

-​ ការធ្វើឃាត​លោក Abe

​កាលពី​ថ្ងៃទី​៨ ខែកក្កដា អតីត​​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ស្លាប់ ក្នុង​វ័យ ៦៧ ​ឆ្នាំ បន្ទាប់ពី​ត្រូវបាន​គេ​លប​បាញ់ អំឡុងពេល​ថ្លែង​សុន្ទរ​-កថា ក្នុង​យុទ្ធនា​ការរក​សំឡេង​បោះឆ្នោត សម្រាប់​បេក្ខជន​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP) នៅ​ក្រុង Nara​។ លោក Abe ជា​នាយករដ្ឋមន្ត្រី ដែល​កាន់អំណាច​យូរ​ជាងគេ ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ជប៉ុន ពី​ឆ្នាំ​ ២០០៦-២០០៧ និង​ឆ្នាំ​ ២០១២-២០២០​។

-​ អង់គ្លេស​ប្តូរ​នាយករដ្ឋមន្ត្រី ៣ ​នាក់ រយៈពេល ២ ​ខែ​

​ឆ្នាំ​ ២០២២ រាប់​ថា ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​ធំ​បំផុត​មួយ​នៅក្នុង​នយោបាយ​របស់​អង់គ្លេស ដោយ​នាយករដ្ឋមន្ត្រី ៣​ ប ត្រូវបាន​ផ្លាស់ប្ដូរ​។ ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៧ ខែកក្កដា លោក Boris Johnson បានប្រកាស​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម​។ បន្ទាប់ពីនោះ​នៅ​ថ្ងៃទី​ ៨ ខែកញ្ញា លោកស្រី Liz Truss ត្រូវបាន​ប្រកាស​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជា​ផ្លូវការ ប៉ុន្តែ​នៅ​ទីបំផុត លោកស្រី​មិនអាច​ទប់ទល់​សម្ពាធ​ទាំងឡាយ​បាន រហូតដល់​មានការ​ប្រកាស​លាលែង​ពី​តំណែង ដែល​បង្កើត​ប្រវត្តិសាស្ត្រ ក្នុងនាម​ជា​មេដឹកនាំ​អង់គ្លេស ដែល​ធ្វើ​តួនាទី​បានត្រឹមតែ ៤៥​ថ្ងៃ​ប៉ុណ្ណោះ​។ បន្ទាប់មកទៀត នៅ​ថ្ងៃទី​ ២៥ ខែតុលា លោក Rishi Sunak វ័យ ៤២ ​ឆ្នាំ ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ មកពី​គណបក្ស​​អភិរក្សនិយម បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​។​

-​ លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច នៅ​កោះ​តៃវ៉ាន់​

​នៅ​ថ្ងៃទី​ ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភា​​តំណាងរាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក សម្រេចចិត្ត​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់ នៅ​ចំពេល​ទំនាក់​ទំនង រវាង​អាមេរិក និង​ចិន កំពុង​កាន់តែ​តានតឹង​។ ការ​ស្នាក់នៅ​របស់លោក​ស្រី នៅលើ​កោះ​តៃវ៉ាន់​មាន​រយៈពេល​មិន​ដល់ ២៤​ ម៉ោង​ទេ ប៉ុន្តែ​ទស្សនកិច្ច​នេះ បានធ្វើឱ្យ​ប្រទេស​ចិន​ខឹងសម្បា​យ៉ាងខ្លាំង រហូតដល់​ធ្វើ​សមយុទ្ធ​ធំៗ​ចំនួន ៦ ជុំវិញ​តំបន់​កោះ​តៃវ៉ាន់​ជា​បន្តបន្ទាប់​ច្រើន​ថ្ងៃ​។​

-​ ម្ចាស់​ក្ស​ត្រី Elizabeth II សោយ​ទិវង្គត​

​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៨ ខែ​​កញ្ញា ព្រះរាជវាំង Buckingham បានចេញ​រាជសារ​បញ្ជាក់ថា ម្ចាស់​ក្ស​ត្រី Elizabeth II បាន​សោយ​ទិវង្គត នៅឯ​ព្រះរាជដំណាក់ Balmoral នា​ប្រទេស​ស្កុ​តឡែ​ន ក្នុង​ព្រះ​ជន្មាយុ ៩៦​ ព្រះវស្សា​។​ទ្រង់​គ្រងរាជ្យ​បាន ៧០ ឆ្នាំ​។​

-​ លោក ស៊ី ប្រមូល​អំណាច ក្នុង​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​

​សមាជ​ដ៏​ធំ​របស់​បក្ស​កុម្មុយនីស្ត​ចិន ដែល​បានបញ្ចប់​នៅ​ថ្ងៃទី​ ២២ ខែតុលា បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ការ​មានអំណាច​កាន់តែខ្លាំង ដែល​មិន​ធ្លាប់មាន​ពីមុនមក​របស់លោក ស៊ី ជីន​ភីង បន្ទាប់ពី​គាត់​ត្រូវបាន​ជ្រើសរើស​ជា​លេខាធិការ​របស់​បក្ស សម្រាប់​អាណត្តិ​ទី​ ៣ ដែលជា​ការត្រួសត្រាយ​ផ្លូវ សម្រាប់​ការ​កាន់តំណែង​ជា​ប្រធានាធិបតី ១៥​ឆ្នាំ​ជាប់​គ្នា​។ លោក ត្រៀម​ក្លាយខ្លួនជា​មេដឹកនាំ​ចិន ដែល​កាន់អំណាច​យូរ និង​មាន​ឥទ្ធិពល​បំផុត ចាប់តាំងពី​យុគសម័យ​របស់លោក ម៉ៅ សេទុង​។​

-​ សោកនាដកម្ម នៅ Itaewon ប្រទេស​កូរ៉េខាងត្បូង​

​នៅ​យប់​ថ្ងៃទី​ ២៩ ខែតុលា មាន​ដំណឹង​ដ៏​គួរ​រន្ធត់ចិត្ត​នៃ​ការ​​រត់​ជាន់គ្នា ដែលជា​ហេតុ​ឱ្យ​មនុស្ស​រាប់រយ​នាក់ បាន​ស្លាប់​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ Halloween នៅ​សង្កាត់ Itaewon ប្រទេស​​កូរ៉េខាងត្បូង​។ ហេតុការណ៍​នោះ បាន​បណ្តាលឱ្យ​មនុស្ស ១៥៨​ នាក់ បាន​បាត់​បង់ជីវិត និង​រាប់សិប​នាក់​ទៀត រងរបួស​។​

-​ អា​ហ្ស​ង់​ទីន​ឈ្នះ​ពានរង្វាន់ World Cup

​ការជូន​ដំណើរ​ឆ្នាំ​ ២០២២ ក៏​អាច​នឹង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ញញឹម​បាន​ជាមួយនឹង​ព័ត៌មាន នៃ​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កាតា ដែល​បានបញ្ចប់​នៅ​យប់​ថ្ងៃទី​ ១៨ ខែធ្នូ​។ ព្រឹត្តិការណ៍​នេះ បញ្ចប់​ទៅដោយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ជា​ជើងឯក ក្រោយ​ឈ្នះ​បារាំង ៤-២ ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​កាត់ក្ដី ខណៈ​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​ពិសេស ស្មើ ៣-៣៕​