នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី ក្នុងការបោះឆ្នោតសកល ដែលនឹងត្រូវប្រព្រឹត្តធ្វើឡើងក្នុងប្រទេសថៃនាមុនខែឧសភាឆ្នាំ ២០២៣។ នេះបើយោងតាមសម្តីដែលលោក ប្រាយុទ្ធ ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកនាថ្ងៃសុក្រ ទី២៣ ធ្នូ ឆ្នាំ ២០២២។
លោក ប្រាយុទ្ធ បានឡើងកាន់អំណាចតាំងពីឆ្នាំ ២០១៤ ពោលនៅក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី យីងឡាក់ និងដែលលោកចាន់អូចាខ្លួនឯងជាមេរដ្ឋប្រហារ។ លោក បានបន្តក្តោបក្តាប់តំណែងនេះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ដ៏ចម្រូងចម្រាស តែប្រជាប្រិយភាពរបស់លោកបាននិងកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។
លោក បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា៖ «គណបក្សថៃរួបរួមជាតិដែលទើបបង្កើតថ្មី បានផ្តល់នូវការគាំទ្រដល់ខ្ញុំ ក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់ នៅក្នុងការបោះឆ្នោតនាអាណត្តិក្រោយ»។
«ខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់នៅថ្ងៃនេះ ... ថាខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំនឹងចូលរួមក្នុងតួនាទីនេះ»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ត្រូវបានគេរំពឹងពីមុនរួចហើយថា នឹងចាកចេញពីគណបក្ស Palang Pracharath (អំណាចប្រជាជន) របស់លោក ដែលជាបក្សដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្ន។ ហើយលោកនឹងចូលរួមជាមួយគណបក្សថៃរួបរួមជាតិ ដែលគេជឿថាជាបក្សថ្មីមួយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់រូបលោកមុនការបោះឆ្នោតនាពេលខាងមុខ។
គណបក្សអំណាចប្រជាជនវិញ បានប្រកាសថាលោកឧបនាយករដ្ឋមន្ត្រីស្តីទី ប្រាវីត វង្សស៊ូវ៉ាន (Prawit Wongsuwan) នឹងក្លាយជាបេក្ខភាពរបស់បក្សនៅក្នុងការបោះឆ្នោតសកលឆ្នាំក្រោយ។
ទាំងលោកប្រាយុទ្ធ និង ប្រាវីត សុទ្ធតែធ្លាប់បានបម្រើការក្នុងជួរយោធាដូចគ្នា និងមានចំណងនយោបាយចងភ្ជាប់គ្នាអស់ជាច្រើនទសវត្សរ៍មកហើយ។ លោក ប្រាយុទ្ធ បានឱ្យដឹងថា ទំនាក់ទំនងរវាងអ្នកទាំង២នៅតែរឹងមាំល្អ បើទោះបីជាផ្លូវនយោបាយរបស់ពួកគេដើរដល់ផ្លូវបែកគ្នាក៏ដោយចុះ។
គួរជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតរបស់ថៃនៅមិនត្រូវបានគេសម្រេចនៅឡើយទេ។ ក៏ប៉ុន្តែប្រសិនបើការបោះឆ្នោតមិនត្រូវបានរំលាយចោលទេនោះ សភាថៃនឹងត្រូវបញ្ចប់អាណត្តិនៅខែមីនា ដោយកំណត់យកការបោះឆ្នោតនៅខែឧសភា។
គណបក្សប្រឆាំងភឿថៃ កំពុងកើនប្រជាប្រិយភាពខ្លាំង ក៏ប៉ុន្តែរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលត្រូវបានគូសព្រាងដោយយោធា បានរៀបចំប្រព័ន្ធនេះដើម្បីគាំទ្រដល់គណបក្សដែលមានទំនាក់ទំនងនឹងកងទ័ព។ ការណ៍នេះធ្វើឱ្យគេគិតថា លោកប្រាយុទ្ធ នៅតែមានឱកាសច្រើន ក្នុងការឈានទៅកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីថៃមួយអាណត្តិទៀត៕