ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅកណ្តាលទីក្រុងប៉ារីសប្រទេសបារាំង នាថ្ងៃសុក្រ ទី២៣ ធ្នូ ដោយបានសម្លាប់មនុស្ស ៣នាក់ និងរបួស៣នាក់ផ្សេងទៀត។ ខ្មាន់កាំភ្លើង ជាជនជាតិបារាំង មានអាយុ ៦៩ ឆ្នាំ និងទើបតែត្រូវបានគេដោះលែងពីមន្ទីរឃុំឃាំង ពីបទវាយប្រហារដោយការប្រកាន់ពូជសាសន៍។
ហេតុការណ៍ខាងលើ បានកើតឡើងនៅឯមជ្ឈមណ្ឌលវប្បធម៌កួដ (Kurdish) ស្ថិតនៅលើដងផ្លូវ Enghien ក្នុងសង្កាត់ទី១០ នៃទីក្រុងប៉ារីស ជាទីប្រជុំជនមានហាង និងភោជនីយដ្ឋានជាច្រើន និងជាកន្លែងដែលសម្បូរទៅដោយជនជាតិកួដរស់នៅច្រើន។
ដំបូង ខ្មាន់កាំភ្លើងដៃដល់រូបនេះ បានកំណត់គោលដៅបាញ់ប្រហារលើមជ្ឈមណ្ឌលវប្បធម៌កួដ មុនពេលចូលសំដៅហាងកាត់សក់មួយ ជាកន្លែងដែលលោកត្រូវបានចាប់ខ្លួន។ ក្នុងចំណោមអ្នករបួស ៣នាក់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ២នាក់ទៀតកំពុងព្យាបាលរបួសធ្ងន់។
អាជ្ញាធរបារាំង បានផ្តើមការស៊ើបអង្កេតភ្លាមៗក្រោមហេតុផលប្រកាន់ពូជសាសន៍។
គួរជ្រាបថា ជនសង្ស័យមានអាយុ ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយគេដឹងដែរថា ខ្មាន់កាំភ្លើងរូបនេះទើបត្រូវបានដោះលែងពីពន្ធនាគារថ្មីៗនេះដែរទេ។
សាក្សីជាច្រើន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ខ្មាន់កាំភ្លើងដែលបើកតាមប៉ូលិស គឺជាជនជាតិបារាំងស្បែកស ពីមុនធ្លាប់ត្រូវបានចោទប្រកាន់ពីបទហិង្សារើសអើងជាតិសាសន៍។
ក្រុមប្រឹក្សាប្រជាធិបតេយ្យកួដនៅប្រទេសបារាំង (CDF-K) ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកួដអាម៉េត-កាយ៉ា (Ahmet-Kaya Kurdish) និងដែលត្រូវបានវាយប្រហារនោះ បានថ្កោលទោសចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ។
ចំណែក លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងវិញ និយាយថា សហគមន៍ជនជាតិកួដក្នុងរដ្ឋធានីប៉ារីស គឺជាគោលដៅនៃការវាយប្រហារដ៏សាហាវ ហើយបានសរសើរប៉ូលិសចំពោះភាពក្លាហានរបស់ពួកគេ៕
វីដេអូ៖