តំណាងរបស់អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលរាប់សិបដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បើកកិច្ចពិភាក្សាមួយនៅថ្ងៃអាទិត្យ ២៥ ធ្នូ ដើម្បីរកមធ្យោបាយនៅពេលខាងមុខ បន្ទាប់ពីអាជ្ញាធរតាលីបង់ចេញបញ្ជាឱ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់បញ្ឈប់បុគ្គលិកស្ត្រីពីការងារ។
ក្រុមអ៊ិស្លាមនិយមជ្រុលកាលពីថ្ងៃសៅរ៍បានគំរាមកំហែងថា ពួកគេនឹងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលប្រសិនបើបទបញ្ជាហាមស្ត្រីធ្វើការនេះបរាជ័យ។
លោក Tapiwa Gomoមន្ត្រីព័ត៌មានសាធារណៈនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប្រាប់ AFP ថា៖«កិច្ចប្រជុំមួយរបស់ក្រុមមនុស្សធម៌ (HCT) ធ្វើឡើងដើម្បីពិគ្រោះ និងពិភាក្សាអំពីរបៀបដោះស្រាយបញ្ហានេះ»។
HCT រួមមានមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងអ្នកតំណាងនៃអង្គការក្រៅរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងអន្តរជាតិរាប់សិបផ្សេងទៀត ដែលសម្របសម្រួលការចែកចាយជំនួយនៅទូទាំងប្រទេស។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបាននិយាយថា៖«កិច្ចប្រជុំនឹងពិភាក្សាថាតើត្រូវផ្អាកការងារផ្តល់ជំនួយទាំងអស់ឬអត់ តាមការបង្គាប់ចុងក្រោយរបស់តាលីបង់?»។
អង្គការសហប្រជាជាតិនិយាយថា ខ្លួននឹងស្វែងរកការពន្យល់ពីពួកតាលីបង់ អំពីបទបញ្ជានោះ និងបានថ្កោលទោសចំពោះវិធានការនេះ។ មន្ត្រីUNលើកឡើងថា បទបញ្ជាដែលមិនរាប់បញ្ចូលស្ត្រី ជាប្រព័ន្ធពីគ្រប់ទិដ្ឋភាពនៃវិស័យសាធារណៈ និងនយោបាយ នាំឱ្យប្រទេសដើរថយក្រោយ និងបង្ករគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់សន្តិភាព។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinkenបាននិយាយថា ការហាមឃាត់នេះនឹង «បំផ្លិចបំផ្លាញ»ដល់ប្រជាជនអាហ្វហ្គានីស្ថាន ព្រោះវានឹង រំខានដល់ជំនួយដ៏សំខាន់ដែលសង្គ្រោះជីវិតដល់មនុស្សរាប់លាននាក់។
ការហាមឃាត់ស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលនេះកើតឡើងនៅពេលដែលមនុស្សរាប់លាននាក់នៅទូទាំងប្រទេសពឹងផ្អែកលើជំនួយមនុស្សធម៌ដែលផ្តល់ដោយម្ចាស់ជំនួយអន្តរជាតិតាមរយៈបណ្តាញនៃអង្គការក្រៅរដ្ឋាភិបាល។
វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានកាន់តែអាក្រក់ទៅៗចាប់តាំងពីក្រុមតាលីបង់ដណ្តើមអំណាចបានកាល ពីឆ្នាំ២០២១។
អាជ្ញាធរតាលីបង់ថា ស្ត្រីដែលធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាលមិនគោរពតាមក្បួនច្បាប់របស់ខ្លួន។ អង្គការក្រៅរដ្ឋាភិ បាលជាច្រើនធ្វើការនៅទូទាំងតំបន់ដាច់ស្រយាលនៃប្រទេសអាហ្វហ្គានីស្ថាន ហើយបុគ្គលិករបស់ពួកគេជាច្រើននាក់គឺជាស្ត្រី។ក្រុមអង្គការទាំងនោះ ព្រមានថា ការហាមប្រាមបុគ្គលិកស្ត្រីនឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពួកគេ។
បម្រាមរឹតបន្តឹងចុងក្រោយនេះកើតឡើងមិនដល់១ សប្តាហ៍ផង បន្ទាប់ពីអាជ្ញាធរតាលីបង់បានហាមឃាត់ស្ត្រីមិនឱ្យចូលរៀននៅសកលវិទ្យាល័យ។ ចាប់តាំងពីបានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន ពួកតាលីបង់បាន ហាមមិនឱ្យ ក្មេងស្រីជំទង់ចូលរៀនថ្នាក់អនុវិទ្យាល័យរួចទៅហើយ។ តាលីបង់បានបណ្តេញចេញពីការងាររដ្ឋ និងតម្រូវឱ្យស្ត្រីចេញដំណើរទៅណាមកណាត្រូវទៅជាមួយនឹងសាច់ញាតិជាបុរស ព្រមទាំងតម្រូវឱ្យទទូរជុំជិតរាងកាយ៕
វីដេអូ៖