កាសែតអង់គ្លេស ដឹ ហ្គារឌៀន បានស្រង់ទិន្នន័យចុងក្រោយមួយពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ដែលបង្ហាញថា ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់សហភាពអឺរ៉ុប (EU) នៅតែបន្តធ្លាក់ចុះ ទោះបីជាប្លុកដែលជួបនឹងវិបត្តិ ថាមពលមួយនេះ ត្រឡប់ទៅប្រើធ្យូងថ្មវិញក៏ដោយ។
តាមការចុះផ្សាយពីថ្ងៃព្រហស្បតិ៍ទី ២២ ខែធ្នូ ការបំភាយឧស្ម័នក្នុងខែវិច្ឆិការបស់សហភាពអឺរ៉ុប ស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេល៣ទសវត្សរ៍ ដែលដូចគ្នាទៅនឹងការប្រើប្រាស់ហ្គាស ការបញ្ចេញកាបូនពីវិស័យថាមពល និងការផលិតថាមពលពីឥន្ធនៈហ្វូស៊ីលដែរ។
យ៉ាងណាមិញ ភាពត្រជាក់នៅខែធ្នូ អាចបណ្ដាលឱ្យការប្រើប្រាស់ធ្យូងថ្ម និងហ្គាសកើនឡើងវិញ បន្ទាប់ពីធាតុអាកាសនៅខែវិច្ឆិកាមិនសូវជាត្រជាក់ ឬមធ្យម ខុសពីធម្មតា ប៉ុន្តែការវិភាគទិន្នន័យរបស់ CREA បង្ហាញថា ធាតុអាកាសមានចំណែកតែតិចតួចប៉ុណ្ណោះ លើការថយចុះនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលកាលពីខែមុន។
សីតុណ្ហភាពមធ្យមបានរួមចំណែកលើការកាត់បន្ថយ ៦ ភាគរយនៃតម្រូវការហ្គាសក្រៅវិស័យថាមពលខណៈតម្រូវការជាក់ស្តែងបានធ្លាក់ចុះ ២៦ ភាគរយ។
ក្រុមអ្នកវិភាគ បានរកឃើញថាសម្រាប់វិស័យថាមពលផ្ទាល់សីតុណ្ហភាពមធ្យមបានរួមចំណែក ២ ភាគរយនៃការធ្លាក់ចុះ ១២ ភាគរយនៃតម្រូវការ។
លោក Lauri Myllyvirta អ្នកវិភាគនាំមុខគេ និងជាអ្នកសរសេររបាយការណ៍របស់ CREA បានលើកឡើងថា ទិន្នន័យបានបង្ហាញថា ការចោទប្រកាន់ EU ថា មិនធ្វើតាមគោលដៅប្រយុទ្ធប្រឆាំងអាកាសធាតុរបស់ខ្លួននោះ មិនត្រឹមត្រូវទេ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «មានការយល់ឃើញយ៉ាងទូលំទូលាយថា អឺរ៉ុប កំពុងដើរថយក្រោយលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយសារតែសង្គ្រាមអ៊ុយក្រែន។ មានការលើកឡើងជាញឹកញាប់ចំពោះឥទ្ធិពលនោះនៅកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ Cop27 ដោយនិយាយថា អឺរ៉ុបនឹងត្រឡប់ទៅប្រើធ្យូងថ្មវិញ ប៉ុន្តែយើងកំពុងតែបង្ហាញថា វាមិនមែនជាបញ្ហាទេ វាគឺជាការយល់ខុសចំពោះការប្រើប្រាស់ធ្យូងថ្ម (របស់ប្លុក)»។
គួរបញ្ជាក់ថា រដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាអាល្លឺម៉ង់ និងប៉ូឡូញ ចង់ងាកទៅប្រើធ្យូងធ្មឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយ ដោយសារតែការធ្លាក់ចុះនៃការប្រើប្រាស់ហ្គាស ដែលមានតម្លៃខ្ពស់ ហើយជួបនូវបញ្ហាផ្គត់ផ្គង់បណ្ដាលមកពីសង្គ្រាម នៅអ៊ុយក្រែន។
ក្នុងខែវិច្ឆិកា សហភាពអឺរ៉ុបទាំងមូលបានប្រើប្រាស់ធ្យូងថ្មតិចជាងខែវិច្ឆិកាកាលពីឆ្នាំមុន ហើយតិចជាងខែដូចគ្នាក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ដែលធ្វើឱ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ថយចុះទៅតាមនេះដែរ។ ទាំងអាល្លឺម៉ង់ និងប៉ូឡូញ បានប្រើប្រាស់ធ្យូងថ្មតិចជាងឆ្នាំមុន ទោះបីជាហ្វាំងឡង់ បានបង្កើនការប្រើប្រាស់ធ្យូងថ្មរបស់ខ្លួនបន្តិចក៏ដោយ។
ទន្ទឹមជាមួយគ្នានោះ ក៏មានការថយចុះយ៉ាងខ្លាំងនៃទិន្នផលថាមពលពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនៅអាល្លឺម៉ង់ និងបារាំងផងដែរ។ សម្រាប់អាល្លឺម៉ង់ ការថយចុះនេះ គឺដោយសារតែការកើនឡើងនៃការទាញយកថាមពលពីខ្យល់ និងពន្លឺព្រះអាទិត្យ ខណៈបារាំងបានកាត់បន្ថយតម្រូវការថាមពលរបស់ខ្លួន។
យ៉ាងណាមិញ ភាពត្រជាក់នៃខែធ្នូនេះ ដូចជាស្ថានភាពព្រិល និងការកកនៅទូទាំងភាគខាងជើងនៃទ្វីបអឺរ៉ុប អាចបង្អាក់ដល់ការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក្នុងរដូវរងានេះ។
លោក Myllyvirta បាននិយាយថា៖ «អ្វីគ្រប់យ៉ាងស្ថិតនៅលើលក្ខខណ្ឌធាតុអាកាស។ ប្រសិនបើយើងត្រជាក់ខ្លាំង យើងនឹងបំភាយឧស្ម័នកាន់តែច្រើន»។
ទោះយ៉ាងនេះក្ដី លោក Myllyvirta បានគូសបញ្ជាក់ថា ពាក់កណ្ដាលដើមខែធ្នូត្រជាក់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅតែស្ថិតក្នុងកម្រិតទាប ដែលនេះបញ្ជាក់ថា ធាតុអាកាសមិនមែនជាចំណែកធំបំផុតលើការកាត់បន្ថយការប្រើប្រាស់អគ្គិសនី ឬហ្គាសនោះទេ។
យ៉ាងណាមិញ ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យថាមពល បានចាប់ផ្តើមកើនឡើងម្តងទៀតនៅក្នុងខែធ្នូ ដោយសារតែវិស័យនេះ នៅតែបន្តរងការញាំញីពីដំណើរការមិនល្អនៃរោងចក្រនុយក្លេអ៊ែរលក្ខខណ្ឌខ្យល់មិនអំណោយផល បើទោះបីជាការប្រើប្រាស់ហ្គាសក្រៅវិស័យថាមពល ដែលត្រូវបានកាត់បន្ថយនោះ បានរក្សាការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យធ្លាក់ចុះជារួមក៏ដោយ។
តាមរយៈនេះ លោក Myllyvirta បានបន្ថែមថា ការផ្លាស់ប្តូរថាមពលរបស់អឺរ៉ុបនៅឆ្នាំនេះ បានបង្ហាញថានិន្នាការងាកចេញពីឥន្ធនៈហ្វូស៊ីល ស្ថិតនៅឆ្ងាយខ្លាំងណាស់៕