កងកម្លាំង​រុស្ស៊ី បានធ្វើការ​​វាយប្រហារ​ដូច​គេ​ស្រោច​គ្រាប់​លើ​ទីក្រុង​ផ្សេងៗ​របស់​អ៊ុយ​ក្រែ​ន​ចំ​ថ្ងៃបុណ្យ​ណូអែល (២៥ ធ្នូ​)​ ខណៈ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​អះ​​អាង​ពី​ការបើកចំហ​ចំពោះ​ការចរចា​របស់​វិមាន​ក្រឹម​ឡាំង ដែលជា​ជំហរ​អ៊ុយ​ក្រែ​ន និង​អាមេរិក​ច្រានចោល ដោយសារ​សកម្មភាព​វាយប្រហារ​មិន​ឈប់​របស់​រុស្ស៊ី​។

​មេបញ្ជាការ​យោធា​កំពូល​អ៊ុយ​ក្រែ​ន​អះអាង​នៅ​ថ្ងៃអាទិត្យ​ថា កងទ័ព​ឈ្លានពាន​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ជាង ១០ លើក​នៅ​ស្រុក​ Kupiansk ​ក្នុង​តំបន់​ខា​កៀវ​បាញ់​ផ្លោង​លើ​ទីក្រុង​ចំនួន ២៥ តាម​បណ្ដោយ​សមរភូមិ​ជួរមុខ តាំងពី​ក្រុង Kupiansk រហូតដល់​ក្រុង​លី​ម៉​ង់​នៃ​តំបន់​លូ​ហាន​ស្ក៍ ស្រប​ពេលដែល​ក្រុង​ចំនួន ២០ នៅ​តំបន់​ហ្សា​ប៉ូ​រី​ចា​ក៏​រង​ការ​វាយ​​ប្រហារ​ដូចគ្នា​។ យ៉ាងណាមិញ យោធា​អ៊ុយ​ក្រែ​ន​មិនបាន​បញ្ជាក់​លម្អិត​ពី​ការខូចខាត ឬ​ជន​រង​គ្រោះ​នោះទេ​។ នេះ​បើតាម ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

​ការវាយប្រហារ​នេះ​ធ្វើឡើង​បន្តបន្ទាប់​គ្នា​ពី​ល្ងាច​មុន​ថ្ងៃបុណ្យ​ណូអែល (Christmas Eve)​ ដែល​សម្លាប់​ជន​ស៊ីវិល​យ៉ាងហោចណាស់ ១០ នាក់ និង​របួស​ជិត ៧០ នាក់​នៅ​ទីក្រុង​ឃឺ​រ​សុន ខណៈ​ពិភព​លោក​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​។

​ទោះបីជា​យ៉ាងណាក៏ដោយ រុស្ស៊ី​នៅតែ​បដិសេធ​លើ​ការដាក់​គោលដៅ​លើ​ជន​ស៊ីវិល​។ ចំណែកឯ​ក្រសួង ការពារជាតិ​រុស្ស៊ី​វិញ ថ្លែង​នៅ​ថ្ងៃអាទិត្យ​ថា ខ្លួន​បានសម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន​ប្រហែល​ ៦០​ នាក់​នៅ​ថ្ងៃ​សៅរ៍​ពី​ក្រុង Kupiansk ដល់​ក្រុង Lyman ហើយ​បាន​បំផ្លាញ​បំណែក​សម្ភារ​យោធា​អ៊ុយ​ក្រែ​ន​អស់​ជាច្រើន​ផ្សេងទៀត​។​

​គួរ​បញ្ជាក់ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន បានអូសបន្លាយ​អស់​រយៈពេល​ជាង ១០ ខែ​មកហើយ ប៉ុន្តែ​ហាក់​មិនមាន​សញ្ញា​នៃ​ការបញ្ចប់​នោះទេ ទោះបីជា​លោក ពូ​ទីន អះអាង​ពី​ជំហរ​លើ​ការចរចា​ក្ដី​។

​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ ប្រាប់​ទូរទស្សន៍​រដ្ឋ Rossiya 1 ក្នុង​បទសម្ភាសន៍​មួយ​ដែល​ចាក់​​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការចរចា​ជាមួយ​គ្រប់គ្នា​ដែល​ពាក់ព័ន្ធ​អំពី​ដំណោះ​ស្រាយ​ដែល​អាច​ទទួលយកបាន ប៉ុន្តែ​នោះ​អាស្រ័យ​លើ​ពួក​​គេ​។ យើង​មិនមែនជា​អ្នក​ប​ដិ​សេធ​ក្នុង​ការចរចា​នោះទេ​»​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី គឺ​លោក MykhailoPodolyak​ បាន​លើក​ឡើង​ថា លោក ពូ​ទីន ចាំបាច់​ត្រូវ​ត្រឡប់​ទៅរក​ការពិត ហើយ​ទទួលស្គាល់ថា រុស្ស៊ី​ទេ​ដែល​មិន​ចង់ឱ្យមាន​ការចរចា​។

លោក​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើ​រថា​៖ «​រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​ខ្លួនឯង ហើយ​កំពុង​សម្លាប់​ពលរដ្ឋ​។ រុស្ស៊ី​មិន​ចង់​ចរចា​នោះទេ ប៉ុន្តែ​ព្យាយាម​គេច​ពី​ការទទួលខុសត្រូវ​»​។​

​កន្លងមក អ៊ុយ​ក្រែ​ន​ក៏បាន​អះអាង​ពី​ការចរចា ហើយ​ថា​ខ្លួន​មិន​ឈប់​ប្រយុទ្ធ​នោះទេ​លុះ​ត្រាតែ​សម្រេច​ទៅតាម​ការចង់បាន​រប​ស់​ខ្លួន ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ទាំងអស់​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​។ ការ​វាយ​ប្រហារ​នៅ​ថ្ងៃបុណ្យ​ណូអែល ធ្វើឡើង​ខណៈដែល​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​កន្លង​មកលើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួម​មាន​ថាមពល បន្ត​ធ្វើឱ្យ​ប្រជា​ជន​អ៊ុយ​ក្រែ​ន​រាប់លាន​នាក់​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។

​តាម​ធម្មតា ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​ភាគច្រើន​កាន់​សា​សនា​គ្រិស្ត​អូ​ស្សូ​ដក់​មិន​ប្រារព្ធ​បុណ្យ​ណូអែល​នៅ​ថ្ងៃទី​ ២៥ ខែធ្នូ ទេ​ដោយ​ប្រារព្ធ​ថ្ងៃទី​ ៧ មករា ដូចគ្នា​នឹង​រុស្ស៊ី​ដែរ​។ យ៉ាងណា​មិញ ក៏មាន​អ្នក​កាន់​គ្រិស្ត​សាសនា​អ៊ុយ​ក្រែ​ន​មួយចំនួន បានសម្រេច​ចិត្ត​ប្រារព្ធ​ពិធីបុណ្យ​នេះ​កាលពី​ថ្ងៃអាទិត្យ ជាមួយគ្នា​នឹង​ការ​ជូនពរ​ផ្សេងៗ​ពី​មន្ត្រី​កំពូលៗ​អ៊ុយ​ក្រែ​ន​រួម​ទាំង​លោក ហ្សេ​ឡេ​ន​ស្គី​៕

វីដេអូ៖