ទីភ្នាក់ងារជំនួយអន្តរជាតិចំនួន ៤ រួមទាំងអង្គការ Save the Children បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យនេះថា ខ្លួនកំពុងផ្អាកកម្មវិធីមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បី ឆ្លើយតបទៅនឹងបទបញ្ជារបស់រដ្ឋបាលគ្រប់គ្រងដោយពួកតាលីបង់ ក្នុងការបញ្ឈប់បុគ្គលិកស្រីពីការងារ។
កាលពីថ្ងៃសៅរ៍កន្លងទៅ រដ្ឋាភិបាលតាលីបង់បានបញ្ជា ឱ្យអង្គការក្នុងស្រុក និងបរទេសទាំងអស់មិនអនុញ្ញាតឱ្យបុគ្គលិកស្រីចូលធ្វើការ រហូតដល់មានការផ្សាយដំណឹងពីពួកតាលីបង់ម្តងទៀត។ យោងតាមសម្តីរបស់រដ្ឋាភិបាលតាលីបង់បានឱ្យដឹងថា ការបញ្ឈប់ការងារនេះ គឺជារឿងសមហេតុផលមួយដោយសារបុគ្គលិកស្រីមួយចំនួនមិនបានប្រកាន់ខ្ជាប់ជាមួយនឹងច្បាប់ស្លៀកសម្លៀកបំពាក់អ៊ិស្លាម។
អង្គការបរទេសចំនួន ៣ រួមមាន Save the Children ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស និងអង្គការ CARE International បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេកំពុងផ្អាកកម្មវិធីរបស់ខ្លួនខណៈដែលពួកគេកំពុងរង់ចាំស្ថានការណ៍ច្បាស់លាស់អំពីបទបញ្ជារបស់រដ្ឋបាលតាលីបង់នេះ។ សបញ្ជាក់ឱ្យដឹងថា ក្តីសង្ឃឹម និងតម្រូវការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនអាចងើបមុខរួចឡើយ បើសិនជាគ្មានការខិតខំប្រឹងប្រែងរបស់មនុស្សស្រី ប្រជាជនទាំងអស់និងជួបប្រទះកង្វះខាត បើគិតចាប់តាំងពីខែសីហា ឆ្នាំមុនមក។
អង្គការ Save the Children ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស និងអង្គការ CARE International ក៏បានលើកឡើងពីឥទ្ធិពលនៃការហាមប្រាមបុគ្គលិកស្រីរាប់ពាន់នាក់ក្នុងការបំពេញការងារ ដែលអាចបណ្តាលឱ្យប្រទេសប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនេះទៅទៀត។
ដោយឡែកពីនេះ គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏កំពុងផ្អាកសេវាកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយលើកឡើងពីហេតុផលស្រដៀងគ្នាទៅនឹងអង្គការខាងលើនេះដែរ។ IRC បានបន្ថែមទៀតថា ខ្លួនមានបុគ្គលិកជាង ៨ ០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលក្នុងចំណោមបុគ្គលិកទាំងអស់មាន ៣០០០ នាក់ជាស្ត្រីបម្រើការងារ។
មុននេះបន្តិចទីភ្នាក់ងារជំនួយអន្តរជាតិ AfghanAid ក៏បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការភ្លាមៗបន្ទាប់ពីបានពិគ្រោះជាមួយអង្គការផ្សេងទៀត ហើយអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតនឹងចាត់វិធានការស្រដៀងគ្នានេះដែរ។
ការផ្អាកកម្មវិធីជំនួយនៅក្នុងប្រទេសនេះ មិនត្រឹមតែផ្តល់ផលប៉ះពាល់ទៅលើការងាររបស់ស្ត្រីទេ ថែមទាំងបង្កឱ្យ ប្រជាជនរាប់លាននាក់អត់ឃ្លាន ដោយសារពួកគេរស់នៅពឹងផ្អែកលើជំនួយមនុស្សធម៌ពីបរទេស ជាពិសេសសម្រាប់រដូវរងានេះ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យរបស់រដ្ឋបាលតាលីបង់ លោក Zabihullah Mujahid បានវាយបកចំពោះការរិះគន់នេះដោយអះអាងថា ស្ថាប័នទាំងអស់ដែលចង់ប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវតែគោរពតាមច្បាប់របស់ពួកគេ។
លោក Mujahid បានបង្ហោះសារនៅលើ Twitterឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមបេសកកម្មសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថានថា៖ «យើងមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយពាក្យរិះគន់ ឬធ្វើការគំរាមកំហែងទាក់ទងនឹងការសម្រេចចិត្តរបស់មេដឹកនាំរបស់យើងក្រោមស្លាកនៃជំនួយមនុស្សធម៌នោះទេ»។
សហរដ្ឋអាមេរិកជាប្រទេសតែ ១ គត់ដែលបានផ្តល់ជំនួយមនុស្សធម៌ធំជាងគេដល់ប្រទេសអាហ្វហ្គានីស្ថាន៕
វីដេអូ៖