មន្ត្រីអភិរក្សកំពូលថៃម្នាក់ត្រូវបានចាប់ខ្លួនពីបទពុករលួយកាលពីថ្ងៃអង្គារ ដោយប៉ូលិសនិយាយថា គាត់ត្រូវបានចាប់ខ្លួនដោយសារទទួលសំណូក ហើយថា ប្រាក់ចំនួន ១៤៤ ០០០ ដុល្លារ ត្រូវបានរកឃើញនៅក្នុងការិយាល័យរបស់គាត់។
លោក Rutchada Suriyakul na Ayutya អគ្គនាយកនៃនាយកដ្ឋានអភិរក្សឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ ត្រូវបានតែងតាំង កាលពីខែកុម្ភៈ។
គាត់បានខិតខំប្រឹងប្រែង ដើម្បីការពារបរិស្ថានរបស់ព្រះរាជាណាចក្រនេះ និងសត្វជិតផុតពូជ ដោយគ្រប់គ្រងឧទ្យានជាតិជាង ១៥០ កន្លែង។
លោក Jaroonkiat Pankaew ប្រធានផ្នែកប្រឆាំងអំពើពុករលួយ បានថ្លែងថា៖ «មន្ត្រីបានចាប់ខ្លួនគាត់ ខណៈដែលប្រាក់ត្រូវបានដោះដូរ ដូច្នេះភ័ស្តុតាង គឺពិតជាច្បាស់ណាស់»។
លោក Jaroonkiat បាននិយាយថា ប៉ូលិសបានឆែកការិយាល័យរបស់លោក Rutchada ក្នុងរដ្ឋធានីបាងកក បន្ទាប់ពីគាត់ ត្រូវបានឃាត់ខ្លួន ហើយបានរកឃើញប្រាក់ប្រហែល ៥លានបាត (១៤៤ ០០០ ដុល្លារ) ។
លោក Rutchada បានបដិសេធការចោទប្រកាន់ទាំងនោះ។
រូបភាពដែលប៉ូលិសថៃ បានចែករំលែកបង្ហាញពីថង់លុយដែលមានស្រោមសំបុត្រពណ៌ត្នោត នៅពីក្រោម។
លោក Jaroonkiat បាននិយាយថា៖«មន្ត្រីបានប្រមូលលុយចំនួន ៩៨ ០០០ បាត ជាភ័ស្តុតាង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បាននិយាយថា លោក Rutch ada បានរំលោភអំណាច ដោយទទួលបានប្រាក់ពីកូនចៅរបស់គាត់ ជាថ្នូរនឹងការរក្សាតំណែងរបស់ពួកគេ។
NACC បានចោទប្រកាន់ថា មន្ត្រីក្រោមឱវាទរបស់ Rutchada ត្រូវបានបង្ខំឱ្យបង់វិភាគ១ភាគ១០ប្រចាំខែនៃប្រាក់ចំណូលរកបានបន្ថែមពីលើការបង់ប្រាក់ម្តងរហូតដល់ ៣០០ ០០០ បាត បើមិនដូច្នេះទេប្រឈមមុខនឹងការផ្លាស់ទីតាំងទៅកាន់កន្លែងដាច់ស្រយាលឆ្ងាយពីស្រុកកំណើតរបស់ពួកគេ៕