ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យក្រុមតាលីបង់ផ្លាស់ប្តូរគោលនយោបាយ ដែលយកគោលដៅលើស្ត្រី និងកុមារី នៅអាហ្វហ្គានីស្ថាន ដោយសម្តែងការព្រួយបារម្ភអំពីការប៉ះពាល់ដល់សិទ្ធិមនុស្ស នៅក្នុងប្រទេសកាន់តែខ្លាំងឡើង។
ក្នុងការវាយប្រហារថ្មីបំផុតទៅលើសិទ្ធិស្ត្រី នៅអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ បានដណ្តើមអំណាចមកវិញកាលពីឆ្នាំមុននោះ កាលពីថ្ងៃសៅរ៍ មេដឹកនាំអ៊ីស្លាមនិយមរឹងរូស បានហាមឃាត់ស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាល ដោយបង្កឱ្យមានការតវ៉ាពីអន្តរជាតិ។ ក្រុមតាលីបង់ បានព្យួរការសិក្សា នៅសាកលវិទ្យាល័យ សម្រាប់ស្ត្រី និងសាលារៀនអនុវិទ្យាល័យសម្រាប់ក្មេងស្រីរួចហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ UNSC ដែលមានសមាជិកចំនួន ៥ បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយការរឹតបន្តឹងកាន់តែខ្លាំងឡើងលើការអប់រំរបស់ស្ត្រី ដោយអំពាវនាវឱ្យមានការចូលរួមពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្ត្រី និងក្មេងស្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
UNSC ជំរុញឱ្យក្រុមតាលីបង់បើកសាលារៀនឡើងវិញ ហើយផ្លាស់ប្តូរឱ្យឆាប់រហ័សនូវគោលនយោបាយ និងការអនុវត្តទាំងនេះ ដែលជាការធ្វើឱ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានកាន់តែខ្លាំងឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន UNSC ក៏បានថ្កោលទោសចំពោះការហាមប្រាមស្ត្រី ដែលធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាល ដោយបន្ថែមទៅលើការព្រមានអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រតិបត្តិការជំនួយ ក្នុងប្រទេសមួយ ដែលមនុស្សរាប់លាននាក់ពឹងផ្អែកលើពួកគេ (ជំនួយ)។
UNSC បានលើកឡើងថា៖ «ការរឹតបន្តឹងទាំងនេះ ផ្ទុយពីការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយក្រុមតាលីបង់ ចំពោះប្រជាជនអាហ្វហ្គានីស្ថាន និងការរំពឹងទុករបស់សហគមន៍អន្តរជាតិ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គុយតឺរេស បានបន្ទរតាមសាររបស់ UNSC ជាថ្មី ដោយហៅការរឹតបន្តឹងថ្មីលើស្ត្រី និងកុមារីថា ជាការរំលោភសិទ្ធិមនុស្ស ដែល «ត្រូវតែលុបចោល»។
សហគមន៍អន្តរជាតិ បានធ្វើឱ្យការគោរពសិទ្ធិស្ត្រីក្លាយជាចំណុចជំរុញមួយ ក្នុងការចរចាជាមួយរដ្ឋាភិបាលតាលីបង់ សម្រាប់ការទទួលស្គាល់របស់ខ្លួន និងការស្ដារជំនួយឡើងវិញ។ កាលពីព្រឹកថ្ងៃអង្គារ ប្រធានសិទ្ធិមនុស្សរបស់ UN បានព្រមានពីផលវិបាកដ៏គួរឱ្យខ្លាច ដែលនឹងមានគោលនយោបាយបែបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volker Turk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់ UN បាននិយាយថា គ្មានប្រទេសណាអាចអភិវឌ្ឍទៅបាន ដោយចំនួនប្រជាជនពាក់កណ្តាលរបស់ខ្លួន ត្រូវបានបដិសេធនោះទេ។«ការរឹតបន្តឹងពិបាកយល់ទាំងនេះ ដែលដាក់លើស្ត្រី និងក្មេងស្រី នឹងមិនត្រឹមតែបង្កើនទុក្ខវេទនាដល់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យហួសពីព្រំដែនរបស់ប្រទេសអាហ្វហ្គានីស្ថានទៅទៀត»។ នេះជាសម្ដីរបស់លោក Turk ដែលបន្ថែមថា គោល-នយោបាយនេះ បានបង្កអស្ថិរភាពដល់សង្គមអាហ្វហ្គានីស្ថាន។
លោក Turk បានព្រមានថា ការហាមប្រាមស្ត្រី ក្នុងការធ្វើការ ជាមួយអង្គការក្រៅរដ្ឋាភិបាល នឹងដកហូតប្រាក់ចំណូលសំខាន់របស់ក្រុមគ្រួសារ ក៏ដូចជាធ្វើឱ្យប៉ះពាល់សមត្ថភាពរបស់អង្គការ ក្នុងការផ្តល់សេវាសំខាន់ៗ ដោយហៅបម្រាមនេះថា វាគឺកាន់តែតានតឹងជាមួយអាហ្វហ្គានីស្ថាន ក្នុងរដូវរងា នៅពេលដែលតម្រូវការមនុស្សធម៌ គឺស្ថិតនៅកម្រិតខ្ពស់បំផុតរបស់ពួកគេ។ ក្រុមជំនួយបរទេសជាច្រើន ប្រកាស កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងផ្អាកប្រតិបត្តិការ នៅអាហ្វហ្គានីស្ថាន។
ស្ត្រីក៏ត្រូវបានរុញចេញពីការងាររដ្ឋាភិបាលជាច្រើន ដែលត្រូវបានរារាំងពីការធ្វើដំណើរដោយគ្មានសាច់ញាតិបុរស និងត្រូវបានបញ្ជាឱ្យបិទបាំងរាងកាយពីក្បាលដល់ជើង នៅខាងក្រៅផ្ទះ ពោលគឺស្លៀកពាក់ប៊ើរកា (Burqa) និងមិនអនុញ្ញាតឱ្យចូលទៅលេងសួនឧទ្យាននោះទេ។
លោក Turk និយាយថា៖ «ស្ត្រី និងក្មេងស្រី មិនអាចត្រូវបានគេបដិសេធសិទ្ធិមូលដ្ឋានទេ។ កិច្ចប្រឹងប្រែងពិតប្រាកដរបស់អាជ្ញាធរ គឺធ្វើឱ្យពួកគេនៅស្ងៀម ប៉ុន្តែវានឹងមិនជោគជ័យនោះទេ»៕
វីដេអូ៖