ជំងឺកូវីដដែលកំពុងផ្ទុះខ្លាំងនៅចិន កំពុងធ្វើឱ្យបណ្តាប្រទេសជាច្រើនប្រយ័ត្នប្រយែង ហើយប្រទេសមួយចំនួន ថែមទាំងបានចាប់ផ្តើមចាត់វិធានការទប់ស្កាត់ទៀតផង។ សហរដ្ឋអាមេរិក បានក្លាយជាប្រទេសចុងក្រោយគេ ដែលដាក់ចេញការធ្វើតេស្តរកមេរោគកូវីដ ចំពោះភ្ញៀវទេសចរមកពីប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងប្រកាសថានឹងបើកព្រំដែនឡើងវិញនៅសប្តាហ៍ក្រោយ។
បន្ទាប់ពីបិទទ្វារព្រំដែនពីពិភពលោករយៈពេល ៣ ឆ្នាំរួចមក ចិន នឹងអនុញ្ញាតឱ្យប្រជាជនខ្លួនធ្វើដំណើរដោយសេរីចាប់ពីថ្ងៃទី ៨ ខែមករាខាងមុខ។ ក៏ប៉ុន្តែ សន្ទុះកើនឡើងនៃករណីឆ្លងកូវីដ នៅក្នុងប្រទេសចិន បានជំរុញឱ្យបណ្តាប្រទេសជាច្រើនបារម្ភ និងចាប់ផ្តើមមានការប្រុងប្រយ័ត្ន។
ជាក់ស្តែង ក្រៅពីសហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន តៃវ៉ាន់ និងឥណ្ឌា ក៏បានប្រកាសពីកាតព្វកិច្ចធ្វើតេស្តផងដែរទៅលើអ្នកដំណើរមកពីប្រទេសចិន។ ប៉ុន្តែអូស្ត្រាលី និងចក្រភពអង់គ្លេស បាននិយាយថាពួកគេមិនមានច្បាប់ថ្មីសម្រាប់រឹតបន្តឹងលើអ្នកទេសចរចិននោះទេ។
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបាននិយាយថា ទិន្នន័យកូវីដដែលមិនគ្រប់គ្រាន់និងគ្មានតម្លាភាព នៅក្នុងប្រទេសចិន បានរួមចំណែកដល់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការតម្រូវឱ្យធ្វើតេស្តរកកូវីដ ចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ សម្រាប់អ្នកដំណើរដែលចូលមកពីប្រទេសចិន ហុងកុង និងម៉ាកាវ។
ចំណែកគណៈកម្មាធិការសុវត្ថិភាពផ្នែកសុខាភិបាលរបស់គណៈកម្មការអឺរ៉ុបវិញ បានកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីវិធានការដែលអាចធ្វើទៅបាន ក្នុងបំណងឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងកូវីដរបស់ចិន។
ពីខាងទីក្រុងប៉េកាំងឯណោះវិញ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធថា ការវិវត្តនៃស្ថានភាពជំងឺរាតត្បាតរបស់ចិនបច្ចុប្បន្នគឺអាចព្យាករ និងស្ថិតក្រោមការគ្រប់គ្រងបាន។
សូមជម្រាបថា ចិនកំពុងរាយការណ៍អំពីអត្រាឆ្លងកូវីដចំនួន ៥ ០០០ ករណីក្នុងមួយថ្ងៃ។ ប៉ុន្តែ ក្រុមអ្នកវិភាគ និយាយថាចំនួនករណីឆ្លងជាច្រើនទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ ហើយអត្រាឆ្លងប្រចាំថ្ងៃនៅចិន អាចមានចំនួនដល់ទៅជិត ១ លានករណីឯណោះ។ យោងតាមរបាយការណ៍ មានមន្ទីរពេទ្យចិនជាច្រើនពោរពេញទៅដោយអ្នកជំងឺលើសលប់ ហើយប្រជាជនចិន ក៏កំពុងជួបទុក្ខលំបាកក្នុងការស្វែងរកថ្នាំព្យាបាលជាមូលដ្ឋានដែរ៕