​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​យ៉ាងតិច ២០០០ នាក់​ត្រូវគេ​ជឿថា បាន​រត់​ចេញពី​ជំរំ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​តាម​ទូក​ដែលមាន​មនុស្ស​ជិះ​យ៉ាងច្រើន​កកកុញ ក្នុង​ប៉ុន្មាន ខែ​ថ្មីៗ​នេះ ដើម្បី​ស្វែងរក​ទីជម្រក​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​អាស៊ី​អាគ្នេយ៍​ដោយ​រាប់រយ​នាក់ ត្រូវគេ​គិតថា​បាន​ស្លាប់​ក្នុង​សមុទ្រ​។​

​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ពីដំបូង​ឡើយ​បាន​ភៀសខ្លួន​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា​ក្នុង​ឆ្នាំ​ ២០១៧ ដោយមាន​ប្រហែល ១​ លាន​នាក់​ឥឡូវនេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា កំពុង​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស​ជិតខាង​។​

​អ្នកជួញដូរ​មនុស្ស ត្រូវបាន​គេ​ជឿថា បានរៀបចំ​ទូក​យ៉ាងតិច ​៦​ គ្រឿង ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ឬ​បង់​ក្លា​ដែ​ស ដោយ​មនុស្ស ទាំង​ ១៨០ នាក់​នៅលើ​ទូក​ ១​ ក្នុងចំណោម​ពួកគេ ត្រូវបាន​គេ​ជឿថា​បាន​ស្លាប់​ខណៈពេលដែល​ចំណាយពេល​ជាច្រើន​សប្តាហ៍ នៅ​សមុទ្រ​ដើម្បី​ព្យាយាម​ទៅដល់​ប្រទេស​ទី​ ៣ ដែលមាន​សុវត្ថិភាព​។​

​នេះ​ជា​អ្វីដែល​យើង​ដឹង​អំពី​ស្ថានភាព​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ហេតុអ្វី​បានជា​ពួកគេ​ចាប់ផ្តើម​ដំណើរ​ដ៏​គ្រោះថ្នាក់​បែបនេះ​និង​របៀប​ដែល​រដ្ឋាភិបាល​កំពុង​ឆ្លើយតប​។​

​ទូក​ចំនួន​ ៤ ​គ្រឿង​ដែល​បានមក ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ ១​ គ្រឿង​ទៀត​ត្រូវបាន​គេ​រកឃើញ​នៅ​ជិត​ឆ្នេរសមុទ្រ​ថៃ​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ​ដែល​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​​យ៉ា​ជាង ១៥០​ នាក់​។ ១​ គ្រឿង​ទៀត​ដែល​ដឹក​រ៉ូ​ហ៊ីង​យ៉ា ១០៤​ នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ជួយសង្គ្រោះ​ដោយ​កងទ័ព​ជើង​ទឹក​ស្រីលង្កា ក្នុង​ខែធ្នូ​។​

​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ (UNHCR) ប៉ាន់ប្រមាណ​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត ២០០ ​នាក់​បាន​ស្លាប់ ឬ​បន្ត​បាត់​ខ្លួន បន្ទាប់ពី​ប៉ុនប៉ង​ឆ្លងកាត់​សមុទ្រ​ប្រកបដោយ​គ្រោះថ្នាក់ ក្នុង​ឆ្នាំ​ ២០២២​។​

UNHCR បាន​និយាយថា ចំនួន​នេះ អាច​កើនឡើង​ជិត​ដល់ ៤០០ ​នាក់ បន្ទាប់ពី​សាច់ញាតិ​រប​ស់ជន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ១៨០ នាក់ ដែល​នៅលើ​ទូក​ ១​ ទៀត​ដែល​រសាត់​អណ្តែត​នៅ​សមុទ្រ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​បាន​បាត់​ទំនាក់ទំនង​។​

​ទីភ្នាក់ងារ​នេះ មិនអាច​បញ្ជាក់​ពី​ការស្លាប់​របស់​ពួកគេ​បានទេ ប៉ុន្តែ​អ្នកនាំពាក្យ Babar Baloch បាន​និយាយ ថា ប្រសិនបើជា​ការពិត វា​នឹង​ធ្វើឱ្យ​ឆ្នាំនេះ​ក្លាយជា​មនុស្ស​ស្លាប់​ច្រើន​បំផុត ចាប់តាំងពី​ឆ្នាំ​ ២០១៣ និង ​២០១៤ នៅពេលដែល​មនុស្ស​ជាង ៩០០​ នាក់ និង ៧០០​ នាក់ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់ ឬ​បាត់​ខ្លួន លោក បាន​និយាយថា នៅ​ឆ្នាំ​ ២០២០ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ២០០ នាក់ បាន​ស្លាប់​នៅ​សមុទ្រ ខណៈដែល ៣០​ នាក់​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់​នៅ​ឆ្នាំ ​២០២១ ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។​

​ក្នុង​ករណីខ្លះ ប្រទេស​មួយចំនួន បដិសេធ​មិន​អនុញ្ញាតឱ្យ​ទូក​ចូល​ចត ដោយ​នាំឱ្យ​កើត​អ្វីដែល​ UN​ ហៅថា​ល្បែង​ប៉េង​ប៉ុង​របស់​មនុស្ស ដែល​ទុក​មនុស្ស​ជាច្រើនរ​សាត់អណ្តែត​នៅ​សមុទ្រ អស់​រយៈពេល​យ៉ាងយូរ​។​

​នេះ​បាន​នាំឱ្យមាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​អត់​អាហារ និង​អ្នកខ្លះ បាន​លោត​ចេញពី​ទូក​។ ទូក​ទាំងនោះ នៅក្នុង​ករណីខ្លះ មិនត្រូវ​បានរៀបចំ​សម្រាប់​ការ​បណ្តែត​នៅ​សមុទ្រ រយៈពេល​ជាច្រើន​សប្តាហ៍​។

​លោក Chris Lewa នាយក​អង្គការ​សិទ្ធិ​រ៉ូ​ហ៊ីង​យ៉ា Arakan Project បាន​ប្រាប់​សារព័ត៌មាន AFP​ ថា ជារឿយៗ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ក៏​ប្រើប្រាស់​ទូក​តូចៗ និង​ទូក​មិនមាន​ស្តង់ដា ជំនួស​ឱ្យ​ទូក​នេសាទ ដែល​អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ បាន​កាន់តែ​ល្អ​។

​រ៉ូ​ហ៊ីង​យ៉ា​ជាង ២ ០០០​ នាក់ ត្រូវបាន​គេ​ជឿថា បាន​ព្យាយាម​ធ្វើដំណើរ​មកទល់ពេលនេះ​ក្នុងឆ្នាំនេះ ក្នុង​កម្រិត​ស្រដៀង​គ្នា​ទៅនឹង​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​ UN​។​

​ការធ្វើដំណើរ​តាម​សមុទ្រ​ដ៏​គ្រោះថ្នាក់ ជារឿយៗ​រៀបចំ​ដោយ​អ្នកជួញដូរ​មនុស្ស ដែល​បាន​សន្យា​រក​ជម្រក ឱ្យ​ជនភៀសខ្លួន នៅក្រៅ​ប្រទេស និង​មិនមាន​ទូក​គ្រប់គ្រាន់​សម្រាប់​ការធ្វើដំណើរ​យ៉ាង​លំបាក​នោះទេ​។​

Rizwan Haque ជា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ជំរំ Kutupalong ក្នុង​ទីក្រុង​បា​ហ្សា​រ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស បាន​និយាយថា ប្អូនស្រី​អាយុ ២០​ ឆ្នាំ​របស់គាត់ បាន​បង់ប្រាក់​ឱ្យ​អ្នកជួញដូរ​ម្នាក់​ចំនួន ១០០ ០០០ តា​កា taka ($៩៥០) ដើម្បី​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី​។​

Haque អាយុ ២៦ ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន AFP​ ថា​៖ «​នាង​ត្រូវបាន​រង​ការគំរាមកំហែង​នៃ​ការរំលោភបំពាន​លើ​រាងកាយ​នៅក្នុង​ជំរំ ដូច្នេះ​នាង​ឆ្លៀតឱកាស ដើម្បី​កែ​ឱ្យ​ជីវិត​របស់​នាង​ល្អប្រសើរ​ឡើង​»​។​

​ភាគច្រើន​នៃ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា កំពុងធ្វើដំណើរ​ទាំងនេះ​ពី​ជំរំ​តូចៗ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស ទៅកាន់​កន្លែង​ដែល​មនុស្ស​ប្រ​ហែល ៧៥០ ០០០ នាក់ បាន​ភៀសខ្លួន​ក្នុង​ឆ្នាំ ២០១៧ បន្ទាប់ពី​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ទៅលើ​ក្រុម​ជនជាតិភាគតិច​មូស្លីម ដោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​ចោទប្រកាន់​ពី បទ​ប្រល័យពូជសាសន៍​។​

​ជនភៀសខ្លួន​បាន​រៀបរាប់​ឡើងវិញ​នូវ​ដំណើររឿង​នៃ​ការរំលោភ ឃាតកម្ម និង​ការដុត​បំផ្លាញ​ដោយ​កងកម្លាំង​សន្តិសុខ ខណៈដែល​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ផ្ទះសំបែង​របស់​ពួកគេ​។​

​នៅ​បង់​ក្លា​ដែ​ស អ្នកជំនាញ បាន​និយាយថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា កំពុង​ប្រឈមមុខ​នឹង​ការ​រឹតបន្តឹង ឱកាស​ការងារ​តិចតួច និង​ការ​គំរាមកំហែង​នៃ​អំពើហិង្សា និង​ការ​រំលោភបំពាន​នៅក្នុង​ជំរំ​៕