ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ល (Yoon Suk-yeol) បានលើកឡើងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាពីការធ្វើសមយុទ្ធរួមគ្នាដោយប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ខណៈដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានចាត់ទុកកូរ៉េខាងត្បូងថាជាសត្រូវមិនចេះលាក់មុខ ដែលបានបង្កឱ្យមានតានតឹងកាន់តែខ្លាំង នៅតំបន់ព្រំដែន។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតី យូន បានធ្វើឡើងនៅក្នុងបទសម្ភាសន៍ដល់កាសែតមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីលោក បានអំពាវនាវឱ្យមានការរៀបចំធ្វើសង្រ្គាមដោយប្រើប្រាស់នូវសមត្ថភាពយោធានិងសព្វាវុធដ៏ច្រើនលើសលប់របស់ខ្លួន។ការអំពាវនាវនេះ បន្ទាប់ពីកូរ៉េខាងត្បូងបានកត់សម្គាល់ឃើញថា មានកំណើននៃចំនួនកំណត់ត្រាសាកល្បងបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែនអាកាសភាគខាងត្បូងរបស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន។
លោកយូន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតមួយដែលមានឈ្មោះថាChosun Ilboថា «អាវុធនុយ ក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការរៀនចំផែនការ ការចែករំលែកព័ត៌មាន ការធ្វើសមយុទ្ធ និងការហ្វឹកហាត់ គួរតែធ្វើឡើងរួមគ្នារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក»។
កាសែតនេះ បានដកស្រង់សម្តីលោក យូនដែលបានថ្លែងផងដែរថា ការរៀបចំផែនការធ្វើសមយុទ្ធរួមគ្នាមានគោលបំណងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវវិធានការរារាំងបន្ថែមទៀតពីសំណាក់សហរដ្ឋអាមេរិកហើយទីក្រុងវ៉ាស៊ីនតោនក៏យល់ឃើញជាវិជ្ជមានផងដែរជុំវិញគំនិតផ្ដួចផ្ដើមមួយនេះ។
ពាក្យថា«ការរារាំងបន្ថែម» មានន័យថា សមត្ថភាពរបស់យោធាសហរដ្ឋអាមេរិក ជាពិសេសកម្លាំងអាវុធនុយក្លេអ៊ែរអាចទប់ស្កាត់ការវាយប្រហារណាមួយដែលអាចកើតមានឡើងទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
ដោយឡែកនៅពេលដែលមានការសួរនាំអំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីយូន អ្នកនាំពាក្យមន្ទីរបញ្ចកោណបានលើកឡើងថា៖ «យើងមិនមានអ្វីត្រូវប្រកាសនៅថ្ងៃនេះនោះទេ» ដោយលោក បានបន្ថែមថាសម្ព័ន្ធភាពរវាងប្រទេសទាំង២ នៅតែមានភាពរឹងមាំជានិច្ច។គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក យូនត្រូវបានបោះពុម្ពផ្សាយ១ ថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថាមេដឹកនាំរបស់ខ្លួនគឺលោក គីមបានអំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប ឬហៅកាត់ជាភាសាអង់គ្លេសថា ICBMsនិងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរជាទ្វេគុណ។
កាលពីសប្តាហ៍មុន នៅឯកិច្ចប្រជុំបក្សពលករដែលកំពុងកាន់អំណាច លោក គីម បានថ្លែងថាឥឡូវនេះកូរ៉េខាងត្បូងបានក្លាយជាសត្រូវដោយបើកចំហរបស់កូរ៉េខាងជើង ហើយលោកក៏បានដាក់ចេញនូវគោលដៅយោធាថ្មី នោះគឺការធ្វើតេស្តសាកល្បងអាវុធបន្តទៀត ខណៈភាពតានតឹង ហាក់នឹងមិនមានភាពធូរស្រាលនោះទេក្នុងរយៈពេល១ឆ្នាំទៅមុខទៀត។
គួរកត់សម្គាល់ថា កន្លងមក ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២ នៅមានភាពល្អក់កករ ហើយក៏ត្រូវបានរង្គោះរង្គើកាន់តែខ្លាំងបន្ថែមទៀត ចាប់តាំងពីលោក យូន បានឡើងចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងក្នុងខែឧសភា ដោយលោកបានសន្យាថា នឹងប្រកាន់គោលជំហរយ៉ាងតឹងរ៉ឹងជាមួយកូរ៉េខាងជើង។
គួររំឭកថា កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ក្នុងពេលរាត្រីដ៏ស្ងប់ស្ងាត់ ដែលនោះ អាចជាការបាញ់សាកល្បងដើម្បីអបអរថ្ងៃចូលឆ្នាំថ្មី បន្ទាប់ពីខ្លួនបានបាញ់ផ្លោងចំនួន៣គ្រាប់រួចមកហើយផងដែរកាលពីថ្ងៃសៅរ៍កន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍ថា គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង នឹងត្រូវបានបាញ់ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ធំបំផុតរបស់ខ្លួន ដែលលោក គីមបានថ្លែងថា «កូរ៉េខាងជើងអាចមានសមត្ថភាពបាញ់កម្ទេចកូរ៉េខាងត្បូងទាំងមូល ដោយគ្រាន់តែប្រើប្រាស់នូវក្បាលគ្រាប់នុយក្លេអ៊ែរតាកតិច»។
ការជំរុញការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានធ្វើឱ្យមានការជជែកដេញដោលជុំវិញបញ្ហាថា តើកូរ៉េខាងត្បូង គួរអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរដែរឬទេ ប៉ុន្តែលោក យូនបានបញ្ជាក់ពីជំហរនៅក្នុងបទសម្ភាសន៍ ថាការប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅតែមានសារៈសំខាន់។ ក៏ប៉ុន្តែ ដើម្បីទប់ទល់នឹងការគម្រាមកំហែងរបស់កូរ៉េខាងជើង អង្គភាពយោធាកូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនបានបង្កើតនាយកដ្ឋានថ្មីក្រោមអគ្គសេនាធិការចម្រុះ ដើម្បីទប់ទល់នឹងសមត្ថភាពនុយក្លេអ៊ែរ និងអាវុធប្រល័យលោករបស់កូរ៉េខាងជើងរួចជាស្រេចហើយ។
ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងជើង ក៏បានធ្វើការរុះរើថ្នាក់ដឹកនាំយោធារបស់ខ្លួន ដោយបានបណ្តេញលោក ផាក ចុងឆុន (Pak Jong Chon)ដែលជាមន្ត្រីយោធាលំដាប់ទី២ បន្ទាប់ពីលោក គីមនិងជំនួសវិញដោយរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន និងជាប្រធានអគ្គសេនាធិការនៃកងទ័ពកូរ៉េខាងជើង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។យ៉ាងណាក៏ដោយ ហេតុផលនៅពីក្រោយការបណ្ដេញចេញលោក ផាក មិនត្រូវបានគេដឹងនោះទេ។ ទីក្រុងព្យុងយ៉ាងតែងតែធ្វើការផ្លាស់ប្ដូរមេដឹកនាំរបស់ខ្លួនជាទៀងទាត់ និងតែងតែប្រើប្រាស់ព្រឹត្តិការណ៍គណបក្សដើម្បីប្រកាសអំពីការរុះរើមន្ត្រីសំខាន់ៗ។
លោក ហុង មិន (Hong Min)អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ បានលើកឡើងថាឆ្នាំនេះអាចជាឆ្នាំនៃវិបត្តិធ្ងន់ធ្ងរដោយសារតែភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េនឹងកើនឡើងកាន់តែខ្លាំងជាងកាលពីឆ្នាំ២០១៧ដែលកាលនោះទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលប្រភេទICBM ជាលើកដំបូង និងជាគម្រប់ចំនួនតេស្ដនុយក្លេអ៊ែររបស់ខ្លួនជាលើកទី៦។
អ្នកស្រាវជ្រាវរូបនេះបានមានប្រសាសន៍ថា ៖ «ការប្រកាន់ជំហរដ៏រឹងរូសរបស់កូរ៉េខាងជើង និងការអភិវឌ្ឍគ្រឿងសព្វាវុធដ៏ខ្លាំងក្លាដើម្បីទប់ទល់ជាមួយសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក អាចនឹងបង្កើនភាពតានតឹងមួយកម្រិតទៀត ដែលអាចឈានដល់ការប៉ះទង្គិចណាមួយ។ យើងមិនអាចដឹងមុនទេថាតើភាគីទាំង២អាចនឹងមានការយល់ច្រឡំអំពីស្ថានការណ៍ណាមួយ ដែលបណ្ដាលឱ្យឈានដល់ការប៉ះទង្គិច ឬក៏អត់នោះទេ»៕