ចិន​ និង​ហ្វីលីពីន​ បាន​​​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​​​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​​ទី ​៥ ​មករា​ នេះ​ថា​ ​ប្រទេស​ទាំង​ ២ ​​យល់​ព្រម​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ផ្ទាល់​រវាង​ក្រសួង​ការ​បរទេស​​ជុំ​វិញ​ជម្លោះ​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​

​សេចក្តី​ថ្លែងការណ៍​រួម​ ដែល​មាន​កិច្ច​ព្រម​ព្រៀង​ចំនួន​ ១៤​ ​ដើម្បី​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​ផ្នែក​សន្តិសុខ​ និង​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​ ​​ចេញ​​ផ្សាយ​ឡើង​ស្រប​ពេល​ដែល​​​​ភាគី​ទាំង​​២ ​ខិត​ខំ​ជួស​ជុល​ទំនាក់​ទំនង​ដែល​​តាន​តឹង​ ​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ​​ក្នុង​ឆ្នាំ​ ២០១៦ ដែល​ថា​ ​ចិន​គ្មាន​​​ទាម​ទារ​ទឹក​ដី​​នៅ​សមុទ្រ​​​ចិន​ខាង​ត្បូង​ តាម​ការ​ប្រ​ឆាំ​ង​របស់​ហ្វីលីពីន​។ ​​

​ចិន​បាន​ច្រាន​ចោល​សេចក្ដី​សម្រេច​នោះ​ ហើយ​បង្កើន​សកម្មភាព​យោធា​ និង​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​​តំបន់​ជម្លោះ​​ដែល​ជា​​តំបន់​សម្បូរ​ដោយ​ធន​ធាន​ប្រេង​ ឧស្ម័ន ​និង​ធន​ធាន​ជល​ផល​។ យោធូបនីយកម្ម​របស់​ចិន​ បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ហ្វីលីពិន​ ហើយ​បង្ក​ជា​ភាព​តាន​តឹង​ផ្នែក​ការ​ទូត​ជា​ញឹក​ញាប់​​។

យ៉ាង​ណា​មិញ​ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃ​ព្រហស្បត្តិ៍​​ ដែល​​ចេញ​ផ្សាយ​បន្ទាប់​ពី​ប្រធានាធិបតី​ហ្វីលីពីន​ លោក​​ហ្វឺឌី ណាន់ ​ម៉ាកូស ​ជូនៀ​ (Ferdinand Marcos Jr) ​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិនពីង​​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ​​មេ​ដឹក​នាំ​ទាំង​​២​ បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា​ ប្រទេស​របស់​ខ្លួន​​នឹង​គោរព​អធិបតេយ្យ​ភាព ​និង​បូរណភាព​ទឹក​ដី​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។​

ភាគី​ទាំង​​២​ ​​បាន​ឯកភាព​បន្ត​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​រុក​រក​ប្រេង​ និង​ឧស្ម័ន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា ​រួម​មាន​​​ថាមពល​​​ព្រះ​អាទិត្យ ​​​ខ្យល់ ​​និង​​​​នុយក្លេអ៊ែរ​​ និង​រថយន្ត​អគ្គិសនី​។​ ​បន្ថែម​ពី​នោះ​ ឆ្មាំ​​សមុទ្រ​​ចិន​ និង​ហ្វីលីពីន​ ក៏​នឹង​ជួប​​​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​ ដើម្បី​ពិភាក្សា​អំពី​​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​​។

​សេចក្តី​ថ្លែងការណ៍​បាន​​ឱ្យ​ដឹង​ទៀត​ថា​ ប្រទេស​ទាំង​​២​នឹង​ពិចារណា​ផ្តល់​ដំណឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​បាញ់​គ្រាប់​រ៉ុក្កែត ​និង​សហការ​គ្នា​លើ​ការ​​ប្រមូល​​យក​​កម្ទេច​​គ្រាប់​រ៉ុក្កែត​ឡើង​វិញ​​ ដែល​ធ្លាប់​ជា​បញ្ហា​ចម្រូង​ចម្រាស់​មួយ​រវាង​កង​ឆ្នាំ​សមុទ្រ​របស់​ប្រទេស​​ទាំង​២​។

​​មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ ប្រទេស​ទាំង​​២​បាន​អះ​អាង​សារ​ជា​ថ្មី​អំពី​សារៈ​សំខាន់​នៃ​ការ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ ក៏​ដូច​ជា​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍​ និង​ការ​ហោះហើរ​លើ​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​នឹង​រៀប​ចំ​កិច្ច​សន្ទនា​ប្រចាំ​ឆ្នាំ​ស្តី​ពី​សន្តិសុខ​។​

​ចំពោះ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ចិន​បាន​យល់​ព្រម​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​ពី​ហ្វីលីពីន​បន្ថែម​ទៀត​ ដោយ​មាន​គោល​បំណង​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី ​ដើម្បី​​​ឱ្យ​បាន​ដូច​​ ឬ​លើស​ពី​បរិមាណ​មុន​ការ​រាត​ត្បាតកូវីដ​​។​ ក្រៅ​ពី​នេះ​ ក៏​មាន​ការ​សន្យា​ផ្សេង​ៗ​ទៀត​ពី​ការ​ពង្រឹង​វិស័យ​ទេសចរណ៍ ​ក៏​ដូច​ជា​ការ​​បន្ត​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ជា​យុទ្ធសាស្ត្រ​​​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្រៅ​ប្រទេស​ដ៏​សំខាន់​ របស់​លោក​ ស៊ី​៕

វីដេអូ៖