ក្រោម​កង្វល់​​អំពី​ក្រុម​សកម្ម​ប្រយុទ្ធ​សំខាន់ៗ​ដែល​អាច​​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ក្រុង​កាប៊ុល​ចូល​ទៅ​​តំបន់​ស៊ីនជាំង​នៃ​ភាគ​ខាង​លិច​របស់​ចិន​ ទី​ក្រុង​ប៉េកាំង​ បាន​ចូល​រួម​សហការ​ជាមួយ​រដ្ឋា​ភិបាលអាហ្វហ្គានីស្ថាន​​ថ្មី​របស់​តាលីបង់​ ដោយ​​ធ្វើ​ការ​សន្យា​ផ្សេង​ៗ​ទាំង​​​​ផ្នែក​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​។ នេះ​បើ​តាម​របាយការណ៍​ថ្មី​របស់​បណ្ដាញ​ព័ត៌មាន​ក្រៅ​រដ្ឋាភិបាល​ Afghan Diaspora Network ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី ៥ ខែ​មករា​។

អស់​រយៈ​ពេល​ជាង​​១​ឆ្នាំ​​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​កង​កម្លាំង​បរទេស​របស់​ណាតូ​ដក​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ​ចិន​​​​នៅ​តែ​បន្ត​បើក​ដំណើរ​ការ​​ស្ថានទូត​​របស់​ខ្លួន​នៅ​ក្រុង​កាប៊ុល​ បើ​ទោះ​បី​ជា​ក្រុង​ប៉េកាំង ​មិន​ទទួល​ស្គាល់​​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា ភិបាល​តាលីបង់​ មក​ទល់​ពេល​នេះ​ក៏​ដោយ​។ ​

Afghan Diaspora Network បាន​លើក​ឡើង​ថា​ ការ​គំរាម​កំហែង​​ពី​ពួក​សកម្មប្រយុទ្ធ​នៅ​អាហ្វហ្គានីស្ថាន​​ក្រោម​ការ​​គ្រប់​គ្រង​​របស់​ពួក​តាលីបង់​​ដែល​​ចូលកាន់​​អំណាច​នៅ​ខែ​សីហា​ ឆ្នាំ​ ២០២១​ ការ​​ធានា​​សន្តិសុខ​​នៃ​​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ និង​ពល​រដ្ឋ​របស់​ចិន​​​ក្នុង​​តំបន់​ ​និង​​​នៅ​​អាហ្វហ្គានីស្ថាន​​ ​បាន​បន្ត​មាន​​ឥទ្ធិពល​លើ​​​​​គោល​នយោបាយ​​​របស់​​​ក្រុង​ប៉េកាំង​​ចំពោះ​​អាហ្វហ្គានីស្ថាន​។​

​គួរ​រំឭក​ថា​ ​ក្នុង​អំឡុង​ពេល​គ្រប់​គ្រងប្រទេស​​​​អាហ្វហ្គានីស្ថាន ដែល​​មាន​ព្រំដែន​ជាប់​ចិន​ ​​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៦​ ​ដល់​ឆ្នាំ​ ២០០១​ ក្រុម​​តាលីបង់​ បាន​ផ្ដល់​ជម្រក​ដល់​​ក្រុម​ជ្រុល​និយម​បរទេស​មួយ​ចំនួន​ រួម​ទាំង​ក្រុម​សកម្ម​ប្រយុទ្ធ​ជន​ជាតិ​អ៊ុយហ្គ័រ​​ផង​ដែរ​។

បច្ចុប្បន្ន​នេះ គេ​មើល​ឃើញ​ថា​​​​ ​ចិន​មាន​ចាប់ការ​​អារម្មណ៍​ជា​ចម្បង​ចំពោះ​​​អាហ្វហ្គានីស្ថាន​​ដោយ​សារ​បញ្ហា​​សន្តិសុខ​ដែល​ពាក់​ព័ន្ធ​ និង​ជា​ពិសេស​លើ​​ការ​​ការពារ​​​សកម្មភាព​​ណា​មួយ​​របស់​​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ស៊ីនជាំង​ ដែល​​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​​រស់​នៅ​ ហើយ​​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​ចិន​ ​ក្នុង​រូប​ភាព​ «​ទប់​ស្កាត់​អំពើ​ជ្រុល​និយម​»។ ​​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​គំរាម​កំហែង​សន្តិសុខ​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​​ចិន​ក្នុង​ការ​ក្សា​ទំនាក់​ទំនង​ជាមួយ​ពួក​តាលីបង​។​

ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​សណ្ធាគា​រ​នៅ​ក្រុង​កាប៊ុល​ថ្ងៃ​ ១២ ធ្នូ​ (២០២២) ដែល​​​ទទួល​ភ្ញៀវ​ជន​ជាតិ​ចិន​ញឹក​ញាប់នោះ​​ ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ដោយ​ជន​ជាតិ​ចិន​៥​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​រង​របួស​ ខណៈ​​​រដ្ឋាភិបាល​​ចិន​​​​​​ធ្វើ​ការ​​ណែ​នាំ​​ពលរដ្ឋ​ និង​​ក្រុម​ហ៊ុន​​របស់​​ខ្លួន​ «​​​​ចាក​ចេញ ​និង​​ជម្លៀស​​ខ្លួន​​ពី​​​​ប្រទេស​នេះ​ ​ឱ្យ​​បាន​​ឆាប់​​តាម​​ដែល​​អាច​​ធ្វើ​​ទៅ​​បាន​»។​

ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​​​បន្ទាប់​ពី​ការ​​វាយ​ប្រហារ​នោះ​ អ្ន​ក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក​ ​​Wang Wenbin​ បាន​និយាយ​ថា​ ​ប្រទេស​ចិន​មាន​ការ​​តក់​ស្លុត​ជា​ខ្លាំង​​ ហើយ​ «​ទាម​​ទារ​ឱ្យ​ភាគី​អាហ្វហ្គានីស្ថាន​​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​បុគ្គល​ចិន​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​​នេះ​ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ដ៏​ទូ​លំ​​ទូលាយ​មួយ​​ហើយ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​វាយ​ប្រហារ​ និង​ពង្រឹង​ការ​កា​រពារ​ពលរដ្ឋ​ និង​អង្គការ​របស់​ចិន​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​»។

បន្ទាប់​ពី​នោះ​រួច​មក​ ​អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​ លោក​ Abdul Qahar Balkhi ​បាន​ឱ្យ​ដឹង​​ថា​ ឯកអគ្គ​រដ្ឋ​ទូត​ចិន​ បាន​អំពាវ​នាវ​ឱ្យ​​តាលីបង់​ «​យក​ចិត្ត​ទុក​ដាក់​»​ ចំពោះ​សន្តិសុខ​នៃ​បេសកកម្ម​ការ​ទូត​របស់​ទីក្រុង​ប៉េកាំង ​នៅ​ទីក្រុង​កាប៊ុល​។ នេះ​បើ​​ការ​គូស​បញ្ជាក់​របស់​ Afghan Diaspora Network ។​

កន្លង​មក​ ការ​​គេ​ពិបាក​នឹង​ប៉ាន់​ស្មាន​នឹង​ប្រសិទ្ធិភាព​​នៃ​ចំណាត់​ការ​ប្រឆាំង​​ក្រុម​សកម្មប្រយុទ្ធ​របស់ពួក​​តាលីបង់​ តាម​ការ​ទាម​ទារ​របស់​រដ្ឋ​បរទេស ដូច​ជា​ប៉ាគីស្ថាន​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ចិន​ជា​ដើម​​​។ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ ​មន្រ្តី​នាំ​ពាក្យ​ក្រុម​តាលីបង់​បាន​អះ​អាង​ថា​ ​មនុស្ស​៨​នាក់ ​បាន​ស្លាប់​ និង​៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​ក្នុង​ប្រតិបត្តិ​ការ​វាយ​ឆ្មក់​លើ​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិ​ស្លាមអាយស៊ីស​​​ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​មាន​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​វាយ​ប្រហារ​លើ​សណ្ធាគារ​​ចិន​ក្នុង​ក្រុង​កាប៊ុល​កាល​ពី​ខែ​ធ្នូ​។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​យ៉ាង​ណា​មិញ​ Afghan Diaspora Network បាន​លើក​ឡើង​​ថា​​ របាយការណ៍​ឆ្នាំ​ ២០២១​ ​របស់​អង្គការ​សហប្រជាជាតិ​ដែល​វាយ​តម្លៃ​ការ​គំរាម​កំហែង​​​នៅ​​អាហ្វហ្គានីស្ថាន​ បាន​កត់​សម្គាល់​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ុយហ្គួរ​​នៃ​គណបក្ស​អ៊ិស្លាម តួកស្ថាន​ ឬ​​​ចលនា​អ៊ិស្លាម​តួក​ស្ថាន​ខាង​កើត​ (ETIM) ​បាន​ធ្វើ​សកម្មភាព​ទាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​ស៊ីរី​។​​ ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​នេះ​ បាន​ស្វែង​រក​ការ​បង្កើត​រដ្ឋ​អ៊ុយហ្គួរ​នៅ​តំបន់​ស៊ីនជាំង​ប្រទេស​ចិន​ ​ហើយ​ដើម្បី​​សម្រេច​​​គោលដៅ​​នោះ​ ពួក​គេ​​ត្រូវ​ជួយ​សម្រួល​ដល់​ចលនា​អ្នក​ប្រយុទ្ធ​ពី​អាហ្វហ្គានីស្ថាន​ទៅ​កាន់​ប្រទេស​ចិន​។​

កន្លង​មក​ មន្ត្រី​ចិន​ ដែល​បាន​ជួប​​មន្រ្តី​​តាលីបង់​​ជា​ច្រើន​លើក​ច្រើន​សារ​នោះ​ បាន​សង្កត់​ធ្ងន់​​ឱ្យ​អាហ្វហ្គានីស្ថាន ​ចាត់​វិធាន ការ​​ម៉ឺងម៉ាត់​​ដើម្បី​បង្រ្កាប​ «​កង​កម្លាំង​ភេរវករ​ទាំង​អស់​ រួម​ទាំង​ ETIM»​។ ​ ​ Afghan Diaspora Network បាន​កត់​សម្គា​ល់​ថា​ ខណៈ​​​សហរដ្ឋ​អាមេរិក​បាន​ដក​ ETIM ​ចេញ​ពី​បញ្ជី​ភេរវកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ​​ ២០២០​ ​​ចិន​នៅ​តែ​បន្ត​ចាត់​ទុក​ក្រុម​នេះ​​ថា​ជា​ការ​គម្រាម​កំហែង​។ ​

​​លោក​ Claude Rakisits ​អ្នក​ស្រាវជ្រាវ​​នៅ​មជ្ឈមណ្ឌល​សន្តិសុខ ​ការ​ទូត​ និង​យុទ្ធសាស្ត្រ ​(CSDS) និង​ជា​​សាស្រ្តាចារ្យ រ​ង​កិត្តិយស​នៅ​ដឺប៉ាតឺម៉ង់​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​ បាន​សរសេរ​ក្នុង​អត្ថបទ​វិភាគ​មួយ​របស់​លោក​ ចេញ​ផ្សាយ​នៅ​ខែ​​កញ្ញា​ឆ្នាំ​មុន​ថា​ ​ទោះ​បី​ជាវត្ត​មាន​របស់​ ETIM ​នៅ​អាហ្វហ្គានីស្ថាន​មិន​សូវ​ច្រើនក្ដី​​ ​ចិន​មាន​ការ​ព្រួ​យ​បារម្ភ​ថា​ ការ​ផ្តោត​ជា​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង​លើ​ស្ថានភាព​​សិទ្ធិ​មនុស្ស​នៅ​​តំបន់​ស៊ីនជាំង​ និង​ការ​គ្រប់​គ្រង​របស់​តាលីបង់​ នឹង​ពង្រឹង​កម្លាំង​​អំណាច​របស់​​ ETIM។

​ប៉ុន្តែ​ខណៈ​​ចិន​ព្រួយ​បារម្ភ​អំពី​ការ​រីក​រាល​ដាល​នៃ​លទ្ធិ​ជ្រុល​និយម​ពី​អាហ្វហ្គានីស្ថាន​ ពួក​តាលីបង់​​បាន​​ខក​ចិត្ត​​ចំពោះ​ការ​សន្យាខ្យល់​​​ផ្នែក​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​របស់​ចិន​។ នេះ​បើ​តាម​ការ​​លើក​ឡើង​​របស់ Afghan Diaspora Network ក្នុង​របាយការណ៍​ដដែល​។​​ ក្នុង​ឆ្នាំ​ ​២០១៦​ ​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ​ (BRI)​ជាមួយ​អតីត​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ហើយ​បាន​សន្យា​ថា​នឹង​ផ្តល់​មូល​និធិ​ចំនួន​ ១០០​ លាន​ដុល្លារ​ក្នុង​គម្រោង​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ​មិនទាន់​​មាន​គម្រោង​ BRI ​ត្រូវ​បាន​អនុវត្ត​នៅ​អាហ្វហ្គានីស្ថាន​នៅ​ឡើយ​ទេ​។​

​ទោះ​ជា​យ៉ាង​ណា​ក្ដី​​ ក្រសួង​ការ​បរទេស​ចិន​ធ្លាប់​​បាន​ប្រកាស​​កាល​ខែ​កក្កដា​ ឆ្នាំ​២០២២​ ថា​​៖ «​​ចិន​សង្ឃឹម​ថា​ នឹង​ជំរុញ​ការ​តម្រឹម​នៃ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ជាមួយ​នឹង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អាហ្វហ្គានីស្ថាន​ គាំទ្រ​ដល់​ការ​ពង្រីក​ច្រក​របៀង​សេដ្ឋកិច្ច​ចិន​-​ប៉ាគីស្ថាន​ទៅ​កាន់​អាហ្វហ្គានីស្ថាន​ និង​ចែក​រំលែក​ឱកាស​អភិវឌ្ឍន៍​របស់​ចិន​»៕​​

វីដេអូ៖