ស្ថានទូត​ចិន​ប្រចាំ​កូរ៉េ​ខាងត្បូង​បាន​ប្រកាសថា ​ខ្លួននឹង​បញ្ឈប់​ការ​ផ្តល់​ទិដ្ឋាការ​រយៈពេល​ខ្លី​ដល់​ពលរដ្ឋ​កូរ៉េខាងត្បូង​ដែល​ចូល​មក​ក្នុង​ប្រទេស​ចិន​សម្រាប់​ការ​ចូល​ទស្សនា ​ទេសចរណ៍ អាជីវកម្ម​ការព្យាបាល​វេជ្ជសាស្ត្រ​។ល។ ​

ប្រភព​ដដែល​និយាយថា៖ «ចំណាត់​ការនេះ​អាចនឹ​ងត្រូវបាន​កែ​សម្រួល​ម្តង​ទៀត​ស្របតាម​ "ការ​រឹតបន្តឹង​ដោយ​រើសអើង​" របស់​កូរ៉េខាងត្បូង​លើអ្នក​ដំណើរចិន»​។ នេះជា វិធានការ សងសឹក លើកដំបូង ប្រឆាំងនឹង ប្រទេស​កូរ៉េខាងត្បូង​ដែលដាក់​ចេញ​វិធានការថ្មីៗ​បង្ការ​ជំងឺកូវីដ១៩​លើ​អ្នក​ដំណើរ​ពី​ចិន​។

ការ​ប្រកាសនេះ​ធ្វើ​ឡើង​១ថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​Qin Gang បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពីការ​រឹត​បន្តឹង​លើ​អ្នក​ដំណើរ​ចិន​ពី​សំណាក់​កូរ៉េខាងត្បូង​ នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទជា​មួយ​សមភាគី​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាងត្បូង​លោក ​Park Jin​។

ក្រសួង​ការ​បរទេស​កូរ៉េខាងត្បូង ​​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា៖​«រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាង​ត្បូង​បាន​សម្រេចចិត្ត​(ចេញ​វិធានការ) ​ដោយផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្រ្ត ​ហើយ​បានស្នើ​ឱ្យចិន​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​រក្សាស្ថិរភាព​នៃ​ស្ថានភាព​ COVID-19 ​នៅក្នុង​ប្រទេស​ទាំង២​»។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង ​លោក ​Lim Soo-suk​ថ្លែងក្នុង​សន្និសីទ​កាសែត​ថា ​វិធានការ​លើ​អ្នក​ដំណើរ​មក​ពី​ប្រទេសចិន​គឺ​ផ្អែកលើ​ភ័ស្តុតាង​វិទ្យាសាស្រ្ត​។

សប្តាហ៍មុន ​កូរ៉េខាងត្បូង​បាន​ចាប់ផ្តើម​តម្រូវ​ឱ្យ​អ្នក​ធ្វើដំណើរ​ពី​ប្រទេសចិន​ឆ្លងកាត់​ការ​ធ្វើតេស្ត ​​PCR នៅពេល​មកដល់ ​បន្ទាប់​ពីចិន​សម្រេច​បន្ថយវិធាន​ការ​រឹតបន្តឹង​តាម​គោលនយោ​បាយ​គ្មាន​កូវីដ​(កូវីដសូន្យ)។​កូរ៉េ​ខាងត្បូង​ក៏​តម្រូវ​ឱ្យ​អ្នក​ដំណើរ​ផ្តល់​លទ្ធផល ​PCR ​អវិជ្ជមាន ​ក្នុង​រយៈពេល​ ៤៨​ម៉ោង​មុន​ជាន់​ដីកូរ៉េ​ឬ​តម្រូវ​ឱ្យ​អ្នក​ដំណើរ​ពី​ចិន​ធ្វើ​តេស្តអង់​ទីហ្ស៊ែន​ ក្នុង​រយៈពេល​២៤​ម៉ោង​មុន​ជាន់​ដីកូរ៉េ​ដូចគ្នា​ដែរ​។ កូរ៉េ​ខាងត្បូង​ក៏​បាន​ផ្អាក​ទិដ្ឋាការ​ខ្លី​សម្រាប់​ជនជាតិ​ចិន​រហូតដល់​ចុង​ខែមករានេះ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ូលិស​ កូរ៉េខាងត្បូង​បាន​តាម​ដាន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​បាត់ខ្លួន​ពេល​គេ​កំពុង​រង់ចាំ​ការ​ធ្វើចត្តាឡីស័ក ​បន្ទាប់​ពី​លទ្ធផល​តេស្ត ​COVID-19​វិជ្ជ​មាន​ពេល​គេមក​ដល់​ព្រលាន​យន្តហោះ​កូរ៉េ​ខាងត្បូង​។

ប្រធានា​ធិបតី​កូរ៉េខាងត្បូង ​លោក ​Yoon ​Suk-yeol​បាន​និយាយថា​ វិធានការ​ចត្តាឡី​ស័ក​និង​ការ​រឹតបន្តឹង​ដោយ​វិធានការ​នានា​តាម​ព្រំដែននេះ​ធ្វើឡើង​ផ្ដោតលើ​សុវត្ថិភាព​របស់​ពលរដ្ឋ​របស់ខ្លួន​ប៉ុណ្ណោះ​ហើយ​មិនមាន​ហេតុផល​នយោបាយ​ឡើយ។​ លោកថា៖«គ្មាន​ប្រទេសណា​មួយ​លើ​ពិភព​លោក​ចាត់ទុកការ​ធ្វើ​ចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​តាមព្រំដែន​ជា​បញ្ហាការទូត​ នយោបាយ ​សេដ្ឋកិច្ច ​ឬ​ពាណិជ្ជកម្មទេ។​នោះជា​វិទ្យាសាស្ត្រ យើង​យកចិត្ត​ទុកដាក់​តែលើ​សុវត្ថិភាព​និង​សុខភាព​របស់​ប្រជាជន​ប៉ុណ្ណោះ​»។

ភាព​តានតឹង​ចុងក្រោយ​បំផុត​បាន​ធ្វើឱ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កូរ៉េខាង​ត្បូងធ្លាក់​ចុះដោយ​មាន​ការ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​អាជីវកម្ម​ជា​មួយ​ប្រទេសចិន​៕

វីដេអូ៖