សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនកាលពីថ្ងៃសុក្រ បានជំរុញឱ្យក្រុម តាលីបង់ បញ្ចប់ការគាបសង្កត់លើស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្រុមអ៊ិស្លាមនិយមរឹងរូស បន្តការរឹតបន្តឹង។
ក្រុមតាលីបង់ បានវិលត្រឡប់ មកកាន់អំណាចវិញនៅខែសីហា ឆ្នាំ ២០២១ ដោយសន្យាថានឹងកែទម្រង់ការគ្រប់ឆ្នាំ ១៩៩៦-២០០១ ដែលមានភាពល្បីល្បាញដោយការរំលោភសិទ្ធិមនុស្សឱ្យធូរស្រាលជាងមុន។
ប៉ុន្តែពួកគេបានគាបសង្កត់ស្ត្រីចេញពីស្ទើរតែគ្រប់ផ្នែកនៃជីវិតសាធារណៈដោយកាលពីថ្មីៗនេះ បានហាមប្រាមពួកគេពីការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា ការងារក្នុងវិស័យសាធារណការទៅលេងសួនឧទ្យាននិងងូតទឹក។
ឯកអគ្គរដ្ឋទូតជប៉ុន Ishikane Kimihiro បានថ្លែងក្នុងនាមសមាជិកចំនួន ១១ នៃក្រុមប្រឹក្សាសន្តិសុខថា៖ «យើងជំរុញឱ្យក្រុមតាលីបង់លុបចោលរាល់វិធានការគាបសង្កត់លើស្ត្រី និងក្មេងស្រី ជាបន្ទាន់»។
សមាជិកទាំងនោះមានដូចជា ប្រទេសអាល់បានី ប្រេស៊ីលអេក្វាទ័រ បារាំង ហ្គាបុង ជប៉ុន ម៉ាល់ត៍ ស្វ៊ីស អេមីរ៉ាតអារ៉ាប់រួម អង់គ្លេស និងអាមេរិក។
ប្រទេសទាំងនេះ បានអំពាវនាវឱ្យក្រុមតាលីបង់ គោរពសិទ្ធិស្ត្រី និងក្មេងស្រី និងការចូលរួមយ៉ាងពេញលេញស្មើភាព និងមានន័យ និងការចូលរួមរបស់ពួកគេនៅទូទាំងគ្រប់ទិដ្ឋភាពនៃសង្គមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់ពីនយោបាយ និងសេដ្ឋកិច្ចរហូតដល់ការអប់រំនិងទីសាធារណៈ។
សេចក្តីថ្លែងការណ៍នេះ បានលើក ឡើងយ៉ាងច្បាស់អំពីការមិនអនុញ្ញាត ឱ្យស្ត្រីអាហ្វហ្គានីស្ថានរៀនសាលាអនុវិទ្យាល័យ និងសាកលវិទ្យាល័យ និងការហាមឃាត់លើអង្គការក្រៅរដ្ឋាភិបាលដែលជួលស្ត្រីអាហ្វហ្គានីស្ថានឱ្យបម្រើការងារ។
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា៖ «អង្គការមិនមែនរដ្ឋាភិបាលនានា នឹងមិនអាចឈានទៅដល់អ្នកដែលត្រូវខ្វះខាតបំផុតជាពិសេសស្ត្រី និងក្មេងស្រី ដើម្បីផ្តល់សម្ភារ និងសេវាសង្គ្រោះជីវិតបានទេ»។
ក្រុមជំនួយអន្តរជាតិជាច្រើន បានផ្អាកការងាររបស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែបម្រាម ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលតាលីបង់កាលពីថ្ងៃទី ២៤ ខែ ធ្នូ។ ប៉ុន្តែ UN បាន និយាយថា ទីភ្នាក់ងាររបស់ខ្លួននឹងបន្តធ្វើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ដែលបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាបិទទ្វារបានបន្តថា៖ «ស្ថានភាពរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវតែមាននៅក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ»។
ឯកអគ្គរដ្ឋទូតអង់គ្លេស Barbara Woodward បានសរសេរនៅលើធ្វីធើរថា៖ «យើងនឹងពិភាក្សាគ្នានៅថ្ងៃនេះ អំពីការឆ្លើយតបជាអន្តរជាតិរួមមួយចំពោះសកម្មភាពរបស់ក្រុមតាលីបង់»។ «យើងមានបំណងបញ្ឈប់ការធ្លាក់ចូលទៅក្នុងមហន្តរាយមនុស្សធម៌ និងលុបចោលការហាមប្រាមលើស្ត្រី និងក្មេងស្រី»៕