​រដ្ឋាភិបាល​វៀតណាមបាន​ថ្លែងថា ប្រធានាធិបតី​វៀតណាម លោក ង្វៀន​ ​សួនហ្វ៊ុ​ក (Nguyen Xuan Phuc) បាន​លាលែង​ចេញពី​តំណែង​ កាលពី​ថ្ងៃទី ​១៧ ខែមករា ឆ្នាំ ​២០២៣ បន្ទាប់ពី​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​កំពុង​កាន់អំណាច បានធ្វើការ​ស្តីបន្ទោស​លោ​ក​ចំពោះ​ការបំពាន និង​ការប្រព្រឹត្ត​ខុស ដោយ​មន្ត្រី​ក្រោមបង្គាប់​របស់លោក​។ ការសម្រេច​បណ្ដេញ​ប្រ​ធានា​ធិបតី​ចេញពី​តំណែង​បែបនេះ ត្រូវបាន​ប្រព្រឹត្តទៅក្រោម​ក្របខ័ណ្ឌ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយនៅក្នុង​ប្រទេស​​វៀតណាម​។​

​គួរ​ដឹង​ដែរ​ថា លោក​ ហ្វ៊ុ​ក ធ្លាប់ជា​អតីត​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន​ស្ងើចសរសើរ​ពី​សាធារណជន​ថា បាន​ជួយ​ព​ន្លឿ​ន​កំណែទម្រង់​គាំទ្រ​គោល​នយោបាយ​អាជីវកម្មក្នុងស្រុក​កន្លង​មក​។ លោក​បាន​ឡើង កាន់តំណែង​ជា​ប្រធានាធិបតី ចាប់តាំងពី​ឆ្នាំ ​២០២១ ហើយ​ជា​មន្ត្រីជាន់ខ្ពស់​បំផុត ១ ​រូប ដែល​ត្រូវ​បានកំណត់​គោលដៅ​ថា មាន​ការជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​

​វៀតណាម​គ្មាន​មេដឹកនាំ​កំពូល​ណា​ម្នាក់ ដែលមាន​អំណាច​លើសគេ​នោះទេ​។ ជាទូទៅ ថ្នាក់ដឹកនាំ​កំពូល​របស់​វៀតណាម ពឹង​ផ្អែកទៅលើ​សសរស្តម្ភ​ចំនួន ​៤ ​សំខាន់ៗ ក្នុងនោះ​រួមមាន​ដូចជា ប្រធានាធិបតី​ជា​ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ​វៀត​ណា​ម និង​ប្រធានសភា​។​ ​សម្រាប់​លោក ហ្វ៊ុ​ក ដែលជា​ប្រមុខរដ្ឋ វ័យ ៦៨ ​ឆ្នាំ គឺជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​នៅក្រោម​បង្គាប់​របស់ខ្លួន​ជាច្រើនរូប រួមមាន​ឧបនាយករដ្ឋមន្ត្រី ២ ​រូប និង​រដ្ឋមន្ត្រី ៣ ​រូប​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​​វៀតណាម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែលបានឱ្យដឹងថា «​លោក ហ្វ៊ុ​ក បានដឹង​យ៉ាងច្បាស់​អំពី​ការទទួលខុសត្រូវ​រប​ស់លោក នៅ​ចំពោះមុខ​គណបក្ស និង​ប្រជាជន ដូច្នេះ​លោក​បាន​ដាក់ពាក្យ​សុំលាលែង​ពីមុខ​តំណែង ហើយក៏​ចូល​​និវត្តន៍​តែម្ដង​»​។ យ៉ាងណាក៏ដោយ ការិយាល័យ​រដ្ឋបាលរ​ប​ស់លោក ហ្វ៊ុ​ក មិនអាច​ទាក់ទង​បាន​ភ្លាមៗ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បំភ្លឺ​នោះទេ ហើយ​រហូត​មកទល់ពេលនេះ យើង​ក៏​មិនទាន់​ដឹង​ច្បាស់​ថា តើ​អ្នក​ដែល​នឹង​ចូលកាន់​តំណែង​ជំនួស​លោក ត្រូវបាន​ជ្រើសរើសហើយ ឬ​នៅទេ​?

​កន្លងមក មានការ​ដឹងឮ និង​និយាយ​តៗ​គ្នា​ជាច្រើន នៅក្នុង​ប្រទេស​វៀតណាម​ថា លោក ហ្វ៊ុ​ក នឹងត្រូវ​ដកចេញ​ពី​តំណែង បន្ទាប់ពី​មានការ​បណ្តេញចេញ​ឧ​ប​នា​យក​រដ្ឋមន្ត្រី ២ ​រូប ដែល​បាន​បម្រើការ​នៅក្រោម​បង្គាប់​របស់លោក​កាលពីដើម​ខែមករា ខណៈដែល​បក្ស​កុម្មុយនីស្ដ​​វៀតណាម​បាន​រឹតបន្តឹង​ទ្វេដង ទៅលើ​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយនៅក្នុង​ជួរ​បក្ស ដែល​នាំមុខ​ដោយ​ប្រមុខ​ដឹកនាំ​ដ៏​មាន​ឥទ្ធិពល គឺ​លោក ង្វៀន ហ្វ៊ូ​ចុង (Nguyen Phu Trong)​។​

​គួរ​រំឭក​ផងដែរ​ថា កាលពី​ឆ្នាំ​ ២០២២ សមាជិក​គណបក្ស​ចំនួន ៥៣៩ ​រូប ត្រូវបាន​កាត់ទោស ឬ​ដាក់ពិន័យ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គង​ផ្សេងៗ ក្នុងនោះ​រួមមាន​រដ្ឋមន្ត្រី​មន្ត្រី​កំពូលៗ និង​អ្នកការទូត​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប៉ូលិស បានធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី ពុករលួយ​ចំនួន ៤៥៣​ ករណី ដែល​តួលេខ​នេះ បាន​កើនឡើង​រហូតដល់​ទៅ ៥០% បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។

កាលពី​ដើមខែ​​មករា លោក ចុង បាន​លើកឡើងថា គណបក្ស​មានការ​តាំង​ចិត្ត​កាន់តែខ្លាំង​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ប្រកប​​ដោយ​វិធីសាស្ត្រ​ជាច្រើន ក្នុងការ​​ធានា និង​ប្តេជ្ញា​ថា នឹង​អនុវត្ត​វិធានការ​ប្រឆាំង​អំពើពុករលួយ​ឱ្យចេញ​ជា​​លទ្ធផល​។​

​មានមតិ​ជាច្រើន ដែល​បាន​លើកឡើង​ខុសៗ​គ្នា អំពី​វិធានការ​ប្រឆាំង​អំពើពុករលួយ​របស់លោក ចុង ដោយ​ភាគច្រើន ពួកគេ​បាន​ផ្ដោតទៅលើ​ការ​​វិនិយោគ និង​គោលនយោបាយ​។ លោក Le Hong Hiep អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ប្រទេស​សិង្ហ​បុរី បាន​លើកឡើងថា ការ​បោសសម្អាត​អំពើពុករលួយ​នេះ អាច​ត្រួស​ត្រាយផ្លូវសម្រាប់​មេដឹកនាំ ដែលមាន​សមត្ថភាព​ឱ្យមាន​ឱកាស​ចូល​បម្រើ​ជាតិ​កាន់តែច្រើន​។ អ្នក​ស្រាវជ្រាវ​រូបនេះ បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​ដរាបណា​ការ​ រុះរើ​ថ្នាក់ដឹកនាំ មិន​នាំឱ្យ​មានការ​​ផ្លាស់ប្តូរ​គោលនយោបាយ​ខ្លាំង​នោះទេ ការជះឥទ្ធិពល​ទៅលើ​សេដ្ឋកិច្ច ក៏​នឹងមាន​តិចតួច​ផងដែរ​»​។​

​យ៉ាងណាក៏ដោយ​លោក Ha Hoang Hop ដែលជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​ដូចគ្នា​ខាងលើ បាន​លើកឡើងថា ការដកតំណែង​លោក ហ្វ៊ុ​ក និង​ភាពមិនប្រាកដប្រជា​ជាច្រើន អាចធ្វើឱ្យ​អ្នកវិនិយោគ​មានការ​ខក​បំណង​។ លោក​បាន​បន្តថា​៖ «​ការណ៍​នេះ អាច​នាំ​ប្រទេស​វៀតណាម​ឈានទៅរក​ពេលវេលា​នៃ​អស្ថិរភាព ដែល​នឹង​ធ្វើឱ្យ​វិនិយោគិន​បរទេស​ព្រួយ​​បារម្ភ​»​។​

​គួរ​កត់សម្គាល់ថា ការលាលែង​ពី​តំណែង​របស់លោក ហ្វ៊ុ​ក គឺ​តម្រូវឱ្យមាន​ការយល់ព្រម​ពី​សភា​ជាមុនសិន ដូច្នេះ​ការរៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​ដ៏​កម្រ​មួយ ក្នុង​សប្តាហ៍​នេះ ប្រៀបបាន​ដូចជា​កិច្ចប្រជុំ​កំណត់​ជោគវាសនា​របស់លោក​តែម្ដង​។ លោក ហ្វ៊ុ​ក ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ប្រទេស​វៀតណាម​ថា ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​ស្រឡាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ខ្លាំងណាស់​។ បន្ថែម​លើ​នេះ លោក​ធ្លាប់​ត្រូវបាន​គេ​លើកតម្កើង​ថា នឹង​ក្លាយជា​អគ្គលេខា​​ធិ​ការ​បក្ស នាពេល​អនាគត ដែលជា​មុខងារ​មួយ​ដ៏​មាន​កិត្យានុភាព​បំផុត​ទៀតផង​។​

​កាលពី​លោក​នៅ​កាន់តំណែង ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ​២០១៦ ដល់​ឆ្នាំ​ ២០២១ លោក​បានរួម​ចំណែក​ជួយ​ឱ្យ​កំណើនសេដ្ឋកិច្ច​វៀតណាម​កើនឡើង​ប្រចាំឆ្នាំ​ជា​មធ្យម ៦% ធ្វើឱ្យ​វៀតណាម​ក្លាយជា​មហាអំណាច​ខាង​ផ្នែក​ផលិតកម្ម ដែលមាន​ការរីកចម្រើន​យ៉ាងខ្លាំង នៅ​តំបន់​អាស៊ី និង​ជួយ​ជំរុញ​សេរីភាវូបនីយកម្ម​ឱ្យ​កាន់តែ​ប្រសើរឡើង​ជាង​មុន ដូចជា​ការ​​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប និង​មហាអំណាច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ជាដើម​។​

​បើទោះបីជា​លោក​ ហ្វ៊ុ​ក លាលែង​ចេញពី​តំណែង​ក៏ដោយ កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ក៏បាន​សរសើរ​នូវ​សមិទ្ធផល​ជាពិសេស​វិធានការ​ឆ្លើយតប​នឹង​ជំងឺ​​រាតត្បាត​កូ​វីដ ​១៩ របស់លោក កាលពី​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១​។ នៅ​​ក្នុង​សេចក្ដីថ្លែងការណ៍ រដ្ឋាភិបាល​

​បាន​លើកឡើងថា​៖ «​គាត់​បាន​ខិតខំ​​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ដឹកនាំ តម្រង់ទិស និង​គ្រប់គ្រង​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ដោយ​សម្រេចបាន​នូវ​លទ្ធផល​ធំៗ​ជាច្រើន​»៕

វីដេអូ៖