ម្ចាស់ជយលាភីណូបែលហ្វីលីពីន លោកស្រី ម៉ារីយ៉ា រ៉េហ្សា (Maria Ressa) ដែលជាអ្នកកាសែតដ៏ល្បីឈ្មោះ ១ រូប និងស្ថាប័នសារព័ត៌មានអនឡាញ Rappler របស់លោកស្ ត្រូវបានរួចទោសពីបទគេចពន្ធ។
សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នៅថ្ងៃពុធ បានផ្តល់ជ័យជម្នះដល់លោកស្រី រ៉េហ្សា ក្នុងសំណុំរឿង ដែលលោកស្រីបានពិពណ៌នាថា ជាទម្រង់នៃការយាយី។ ប្រសិនបើមានទោស លោកស្រីនឹងត្រូវប្រឈម ជាប់ពន្ធនាគាររហូតដល់ ៣៤ ឆ្នាំ។
លោកស្រី Ressa ដែលឈ្នះរង្វាន់ណូបែលសន្តិភាពរួមជាមួយអ្នកកាសែតរុស្ស៊ី លោក Dmitry Muratov ក្នុងឆ្នាំ ២០២១ គឺជាប្រធានស្ថាប័នព័ត៌មាន Rappler ដែលល្បីខាងការរាយការណ៍ស៊ីជម្រៅ និងឃ្លាំមើលយ៉ាងតឹងរ៉ឹងលើអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ។
ក្រោយសេចក្ដីសម្រេច នៅថ្ងៃពុធនេះ លោកស្រី រ៉េហ្សា បានថ្លែងយ៉ាងរំជើបរំជួលប្រាប់អ្នកសារព័ត៌មានថា៖ «ថ្ងៃនេះ ភាពត្រឹមត្រូវ ទទួលបានជ័យជម្នះ។ ការពិតទទួលបានជ័យជម្នះ។ យុត្តិធម៌ទទួលបានជ័យជម្នះ»។ លោកស្រីបន្តថា៖ «ដូចដែលអ្នកបានដឹងហើយថា ការចោទប្រកាន់ទាំងអស់នេះ ធ្វើឡើងក្រោមហេតុផលនយោបាយ ជាការរំលោភអំណាចដ៏គ្មានភាពខ្មាសអៀន ហើយមានបំណងចង់បញ្ឈប់អ្នកកាសែតពីការបំពេញការងាររបស់ពួកគេ»។
លោកស្រី រ៉េហ្សា និយាយទៀតថា៖ «ករណីទាំងនេះ គឺជាកន្លែងដែលទីផ្សារមូលធននីតិរដ្ឋ និងសេរីភាពសារព័ត៌មានត្រូវតទល់មុខគ្នា។ ដូច្នេះការលើកលែងទោសនេះ មិនមែនសម្រាប់តែ Rappler ទេ វាសម្រាប់ប្រជាជនហ្វីលីពីនគ្រប់រូប ដែលធ្លាប់រងការ ចោទប្រកាន់ដោយអយុត្តិធម៌»។
គួរគូសបញ្ជាក់ថា ករណីគេចពន្ធរបស់លោកស្រី រ៉េហ្សា និងសារព័ត៌មាន Rappler កើតចេញពីការចោទប្រកាន់របស់គណៈកម្មការមូលបត្រហ្វីលីពីនដែលថា ស្ថាប័ននេះបានរំលោភលើបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែលហាមឃាត់កម្មសិទ្ធិបរទេស និងការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន នៅពេលទទួលបានមូលនិធិពីក្រុមហ៊ុនវិនិយោគបរទេស Omidyar Network និង North Base Media តាមរយៈឯកសារហិរញ្ញវត្ថុ ដែលគេហៅថា ឯកសារប្រាក់បញ្ញើហ្វីលីពីន (PDRs)។
ក្រោយមក ករណីនេះបានក្លាយជាមូលដ្ឋាន ដែលគណៈកម្មការមូលបត្រហ្វីលីពីន បានបញ្ជាឱ្យបិទ Rappler ខណៈស្ថាប័ននេះ បានបដិសេធ និងប្តឹងទៅឧទ្ធរណ៍ ដោយនិយាយថា វាជាក្រុមហ៊ុនសារព័ត៌មានទាំងស្រុង ហើយគ្រប់គ្រងដោយប្រជាជនហ្វីលីពីន។
ក្នុងសេចក្ដីសម្រេច នៅថ្ងៃពុធនេះ សាលាឧទ្ធរណ៍បានលើកឡើងថា រដ្ឋអាជ្ញាបានបរាជ័យក្នុងការបង្ហាញថា លោកស្រី រ៉េហ្សា និង Rappler បានគេចវេះពីការបង់ពន្ធហើយបន្តថា៖ «ការលើកលែងទោសជនជាប់ចោទ គឺផ្អែកលើការរកឃើញរបស់តុលាការ ដែលចុងចោទមិនបានប្រព្រឹត្តបទល្មើសនោះទេ»។ តុលាការសម្រេចថា PDRs ដែលចេញដោយ Rappler មិនជាប់ពន្ធបានទេ ហើយលុបចោលការចោទប្រកាន់គេចពន្ធ ដែលដាក់ដោយរដ្ឋអាជ្ញាក្រសួងយុត្តិធម៌ក្រោមការដឹកនាំរបស់លោក ឌុយតឺតេ។
ទោះយ៉ាងណាក៏ដោយ លោកស្រី រ៉េហ្សា ដែលមានវ័យ ៥៩ ឆ្នាំ នៅតែប្រឈមមុខនឹងករណីព្រហ្មទណ្ឌចំនួន ៣ ផ្សេងទៀត រួមទាំងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍តាមអ៊ីនធឺណិត ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងបណ្តឹងឧទ្ធរណ៍ ដែលលោកស្រីអាចប្រឈមមុខនឹងការជាប់ពន្ធនាគារជិត ៧ ឆ្នាំ ប្រសិនបើមានទោស។
កាលពីខែកញ្ញា ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានថ្លែងថា លោកនឹងមិនជ្រៀតជ្រែកក្នុងសំណុំរឿងរបស់លោកស្រី រ៉េហ្សា នោះទេ ដោយលើកឡើងពីការបែងចែកអំណាច រវាងផ្នែកនីតិប្រតិបត្តិ និងផ្នែកតុលាការ។
យ៉ាងណាមិញ ហ្វីលីពីនមានឈ្មោះថា ជាប្រទេសដ៏គ្រោះថ្នាក់មួយនៅអាស៊ីសម្រាប់អ្នកសារព័ត៌មាន។ ប្រទេសនេះចាប់ចំណាត់ថ្នាក់ទី១៤៧ ក្នុងចំណោម ១៨០ ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២ ខណៈគណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានដាក់ចំណាត់ថ្នាក់ហ្វីលីពីនលេខ ៧ លើពិភពលោក នៅក្នុងសន្ទស្សន៍និទ្ទណ្ឌភាពឆ្នាំ ២០២១៕