មន្ត្រីបាននិយាយកាល ពីថ្ងៃពុធថា មនុស្សយ៉ាងតិច ៧០ នាក់បានស្លាប់ ដោយសាររលកនៃសីតុណ្ហភាពត្រជាក់ដែលបក់បោកប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលអាកាសធាតុត្រជាក់ខ្លាំងបានបង្កជាវិបត្តិមនុស្សធម៌ ក្នុងប្រទេសញាំញីដោយភាពក្រីក្រនេះ។
ចាប់តាំងពីថ្ងៃទី ១០ ខែមករា មកបារតបានធ្លាក់ទៅលើទីក្រុងកាប៊ុល និងខេត្តមួយចំនួនទៀត ដោយតំបន់កណ្តាលនៃខេត្ត Ghor បានកត់ត្រាសីតុណ្ហភាពទាប បំផុតគឺ -៣៣oC (-២៧oF) នៅចុងសប្តាហ៍។
លោក Mohammad Nasim Muradi ប្រធានការិយាល័យឧតុនិយមនៃប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មាន AFP ថា៖ «រដូវរងានេះ គឺត្រជាក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។
នៅតាមតំបន់ជនបទ គ្រួសារដែលគ្មានផ្ទះសំបែងត្រូវបានគេមើលឃើញថា កំពុងការពារទប់ទល់នឹងភាពត្រជាក់ដោយអាំងភ្លើង ចំណែកក្នុងរដ្ឋធានីដែលមានព្រិលធ្លាក់ ម៉ាស៊ីនកម្តៅដើរដោយធ្យូងថ្មក្នុងស្រុក ត្រូវបានបិទចោល។
លោក Muradi បាននិយាយថា៖ «យើងរំពឹងថា រលកត្រជាក់នឹងបន្ត ១ សប្តាហ៍ទៀត ឬលើសពីនេះ។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា មនុស្ស ៧០ នាក់ និងគោក្របី ៧០ ០០០ ក្បាល ដែលជាទំនិញដ៏សំខាន់ នៅក្នុងវិស័យអន់នៃសង្គមអាហ្វហ្គានីស្ថាន បានបាត់បង់ជីវិតក្នុងរយៈពេល ៨ ថ្ងៃកន្លងទៅនេះ។
ខេត្តមួយចំនួននៅភាគកណ្តាល និងភាគខាងជើង បានឃើញផ្លូវត្រូវបានបិទដោយព្រិលធ្លាក់ខ្លាំង។ នេះបើយោងតាមរូបភាពជាច្រើនដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម។
នេះគឺជារដូវរងាទី២ ចាប់តាំងពីកងកម្លាំងដឹកនាំដោយអាមេរិកបានដកខ្លួនចេញ ហើយក្រុមតាលីបង់បានវាយប្រហារទៅក្នុងទីក្រុងកាប៊ុល ដើម្បីជំនួសរបបដែលគាំទ្រដោយវ៉ាស៊ីនតោន។
ចាប់តាំងពីពេលនោះមក ជំនួយបានធ្លាក់ចុះយ៉ាងខ្លាំង ហើយទ្រព្យសម្បត្តិជាតិសំខាន់ៗ ត្រូវបានបង្កកដោយអាមេរិក ដោយនាំឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោក៕