អង្គការ​ណា​សា និង​ក្រុមហ៊ុន​បូ​អ៊ី​ង នឹងធ្វើ​ការរួម​គ្នា​លើ​គម្រោង​ឈ្មោះ Sustainable Flight Demonstrator ដើម្បី​ផលិត​សាកល្បង និង​ហោះហើរ​យន្តហោះ​ខ្នាតតូច​ច្រក​ផ្លូវ​តែ​ ១ ដែល​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ នេះ​បើ​យោងតាម​ការប្រកាស​ពី​ទីភ្នាក់ងារ​ស្រាវ​​ជ្រាវ​អវកាស​កាលពីពេល​ថ្មីៗ​នេះ​។​

​អ្នកគ្រប់គ្រង​អង្គការ​ណា​សា លោក Bill Nelson ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​តាំងពីដើម​ដំបូង​មក អង្គការ​ណា​សាបាន​ស្ថិតនៅ​ជាមួយ​អ្នក នៅពេល​ហោះហើរ​។ ណា​សា​ហ៊ាន​កាន់តែ​ឆ្ងាយ លឿន និង​ខ្ពស់​ជាងនេះទៅទៀត​»​។​

​លោក​បន្តថា ភាពជា​ដៃគូ​របស់​អង្គការ​ណា​សា ជាមួយ​ក្រុមហ៊ុន​បូ​អ៊ី​ង ក្នុងការ​ផលិត និង​សាកល្បង​យន្តហោះ​ច្រក​ផ្លូវ​តែ ​១ គឺជា​គោលដៅ​ដែល​នឹង​ជួយ​នាំឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម នាពេល​អនាគត​សន្សំសំចៃ​ប្រេង​បាន​ច្រើនជាង​មុន​រួម​ជាមួយនឹង​អត្ថប្រយោជន៍​ដល់​បរិស្ថាន ឧស្សាហកម្ម​អាកាសចរណ៍​ពា​ណិ​ជ្ជ​កម្ម និង​អ្នកដំណើរ​នៅ​ទូទាំង​ពិភពលោក​។​

​លោក Nelson បន្ថែមថា​៖ «​ប្រសិនបើ​យើង​ជោគជ័យ យើង​អាច​នឹង​ឃើញ​បច្ចេកវិទ្យា​ទាំងនេះ​នៅក្នុង​យន្តហោះ​ដែល​សាធារណជន​ប្រើ​លើ​អាកាស នៅ​ទសវត្សរ៍​ឆ្នាំ​ ២០៣០ ខាងមុខ​»​។

លោក​ថា ការ​ហោះហើរ​សាកល្បង​លើកដំបូង​នៃ​យន្តហោះ​ពិសោធន៍​នេះ គ្រោង​នឹងធ្វើ​ឡើង នៅ​ឆ្នាំ​ ២០២៨​។​

​យោងតាម​អង្គការ​ណា​សា ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​ពឹង​ផ្អែកលើ​យន្ត​ហោះ​ខ្នាតតូច ដែល​រួមចំណែក​ជិត​ពាក់​កណ្ដាល​នៃ​ការ​បំ​ភាយ​ឧស្ម័ន ក្នុង​វិស័យ​អាកាសចរណ៍ នៅ​ទូទាំង​ពិភពលោក​។ ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ អាច​គាំទ្រ​ដល់​គោលដៅ​របស់​រដ្ឋបាល​លោក បៃ​ដិ​ន ក្នុងការ​សម្រេចបាន​នូវ​អព្យាក្រឹត​កាបូន ក្នុង​វិស័យ​អាកាសចរណ៍​នៅត្រឹម​ឆ្នាំ​ ២០៥០ ដូច​មានចែង​ក្នុង​ផែនការ​សកម្មភាព​អាកាសធាតុ​អាកាសចរណ៍​របស់​សហរដ្ឋអាមេរិក​។​

​បន្ថែម​ពីលើ​នេះ​ក្រុមហ៊ុន​បូ​អ៊ី​ង បាន​ប៉ាន់​​ប្រមាណ​ថា តម្រូវការ​សម្រាប់​យន្តហោះ​ច្រក​ផ្លូវ​តែ​ ១​ ថ្មី នឹង​កើនឡើង​ចំនួន​ ៤០ ០០០ នៅ​ចន្លោះ​ឆ្នាំ​ ២០៣៥-២០៥០​។

​លក្ខណពិសេស​គឺថា ការ​រចនា​យន្ត​​ហោះ ដែល​នឹង​ផលិត​រួមគ្នា​ដោយ​ណា​សា និង​បូ​អ៊ី​ង នឹង​អាច​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​ការ​បំ​ភាយ​ឧស្ម័ន បាន​រហូតដល់​ ៣០​ ភាគរយ ធៀប​ទៅនឹង​យន្តហោះ​ដែល​សន្សំសំចៃ​ប្រេង​បំផុត នាពេល​បច្ចុប្បន្ននេះ​។ យន្តហោះ​នេះ​នឹង​ផលិតឡើង​ដូច​រូបរាង​យន្តហោះ Transonic Truss-Braced Wing របស់​បូ​អ៊ី​ងដែលមាន​ស្លាប​ស្ដើង​វែង​ទប់​ដោយ​អង្កត់​ភ្ជាប់​ពី​ស្លាបទៅ​យន្តហោះ ហើយ​វា​ក៏​នឹង​បញ្ចូល​បច្ចេកវិទ្យា​អាកាស​ចរណ៍​បៃតង​ផ្សេងៗ​ទៀតផង​ដែរ​។​

​អ្នកគ្រប់គ្រង​រង​រប​ស់​អង្គការ​ណា​សា នៅ​នាយកដ្ឋាន​បេសកកម្ម​ស្រាវជ្រាវ​អាកាសចរណ៍​លោក Bob Pearce និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​អង្គការ​ណា​សា កំពុងធ្វើការ​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​មហិច្ឆតា ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ផ្លាស់ប្តូរ​ហ្គេម ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អាកាស​ចរណ៍ និង​ការ​បំ​ភាយ​ឧស្ម័ន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ខាងមុខ ឆ្ពោះទៅរក​គោលដៅ​សហគមន៍​អាកាសចរណ៍​នៃ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ ​២០៥០»៕