របាយការណ៍ថ្មីមួយរបស់សាកលវិទ្យាល័យ Oxford ដែលចេញផ្សាយ កាលពីថ្ងៃទី ១៩ ខែមករា បានរកឃើញថា ដើមឈើនៅតែដើរតួនាទីយ៉ាងសំខាន់លើការស្រូបយកកាបូនឌីអុកស៊ីត (CO2) ២ ប៊ីលានតោនពីបរិយាកាសផែនដីក្នុង ១ ឆ្នាំៗ បើទោះបីជាមានការវិនិយោគកាន់តែច្រើនឡើងលើបច្ចេកវិទ្យាថ្មី ក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ក៏ដោយ។
របាយការណ៍ចុងក្រោយនេះ គឺជាលទ្ធផលស្រាវជ្រាវដំបូងគេ ដែលវាយតម្លៃថា តើពិភពលោកសម្រេចបានការស្រូបយក CO2 ចេញពីបរិយាកាសប៉ុន្មាន ហើយត្រូវការប៉ុន្មានទៀត។
របាយការណ៍បានប៉ាន់ប្រមាណថា ពិភពលោកត្រូវ តែសម្រេចបានការស្រូបយក CO2 ចេញពីបរិយាកាសប្រហែល ១ ៣០០ ដងច្រើន ជាងលទ្ធភាពនៃការស្រូបយករបស់បច្ចេកវិទ្យាថ្មីបច្ចុប្បន្ន ឬ ២ ដងច្រើនជាងពីដើមឈើ និងដី ត្រឹមឆ្នាំ ២០៥០ ដើម្បីកំណត់សីតុណ្ហភាពឱ្យនៅខាងក្រោម ២ អង្សាសេ បើធៀបនឹងសម័យបដិវត្តន៍ឧស្សាហកម្មដូចមាន ចែង ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។
អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៃសាកលវិទ្យាល័យ Oxford លោក Steve Smith និយាយថា៖ «ការស្រូបយក CO2 ចេញ កំពុងផ្លាស់ប្តូររបៀបវារៈយ៉ាងឆាប់រហ័ស»។
ប៉ុន្តែលោកថា ទោះបីជាមាន ការកើនឡើងនូវការចាប់ អារម្មណ៍ និងការវិនិយោគក៏ដោយ ក៏មានចន្លោះប្រហោងយ៉ាងធំលើព័ត៌មានជុំវិញបញ្ហានេះដែរ។
ការស្រូបយកឧស្ម័ន CO2 ជាប់ពាក់ព័ន្ធនឹងការចាប់យកឧស្ម័នផ្ទះកញ្ចក់ពីបរិយាកាស ហើយរក្សាទុកមិនថា ក្នុងស្រទាប់ផែនដីមហាសមុទ្រ ទម្រង់ភូមិសាស្ត្រ ឬនៅក្នុងផលិតផលក្នុងរយៈពេលយូរ។ រហូតមកដល់បច្ចុប្បន្នការស្រូបយកចេញនូវឧស្ម័នកាបូនិចស្ទើរតែទាំងអស់ ត្រូវបានសម្រេចតាមរយៈវិធានការ ដូចជាការដាំដើមឈើ និងការគ្រប់គ្រងដីឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ការវិនិយោគជាសាកលលើការស្រូបយកចេញ CO2 ថ្មី ត្រូវចំណាយប្រាក់អស់ប្រហែល ២០០ លានដុល្លារអាមេរិក ខណៈទឹកប្រាក់ចំនួន ៤ ប៊ីលានដុល្លារត្រូវបានបញ្ចូលទៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍដែលផ្តល់មូលនិធិជាសាធារណៈ ចាប់តាំងពីឆ្នាំ ២០១០។
ទោះបីជាប្រទេសនានា មិនមានគម្រោងប្រើប្រាស់ការស្រូបយក CO2 ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរយៈពេលខ្លីត្រឹមឆ្នាំ ២០៣០ ក៏ដោយ ក៏ប្រទេសជាច្រើនចាត់ទុកវិធានការនេះថា វាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីសម្រេចបានអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០៕
វីដេអូ៖