យោធា​អាមេរិកបាន​និយាយថា ការ​វាយ​ប្រហារផ្លូវ​អាកាស​របស់អាមេរិក ​ដើម្បី​ជួយ​កងទ័ព​រដ្ឋាភិបាលសូម៉ាលី បាន​បណ្តាល​ឱ្យ​ជន​សកម្ម​ប្រយុទ្ធ al-Shabab ប្រហែល ៣០ ​នាក់​ស្លាប់​។

ប្រតិបត្តិការនោះ​ បាន​កើតឡើង​នៅ​ជិត​ទីក្រុង Galcad ប្រហែល ២៦០​ គីឡូម៉ែត្រ ភាគ​ឦសាន​នៃ​រដ្ឋធានី ម៉ូហ្គា​ឌី​ស្យូ។

កាល​ពី ​២-៣​ សប្តាហ៍​កន្លងទៅ​នេះ ​កង​ទ័ព​សូម៉ាលី ​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ al-Shabab ​បាន​ប្រយុទ្ធ​គ្នា​ដណ្តើម​គ្រប់គ្រង​ទីក្រុងនេះ​។

ទីបញ្ជាការ​កងទ័ព​អាមេរិក​នៅ​អាហ្វ្រិក បាន​និយាយថា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​កាលពី​ថ្ងៃ​សុក្រ បាន​កើតឡើង ខណៈ​ដែល​កងទ័ពកំពុង​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ជាង​ ១០០ ​នាក់ ។

មុនការ​វាយប្រហារ​នោះ បានកើនក្រុម​អ៊ិស្លាមនិយម បានសម្លាប់ទាហាន ​៧​ នាក់ បន្ទាប់​ពីវាយ​លុក​មូលដ្ឋាន​យោធា​នៅទីក្រុង​ Galcad ។

ក្រសួងព័ត៌មាន​សូម៉ាលី​ បាន​និយាយថា ​ក្រុម​សកម្ម​ប្រយុទ្ធ​រាប់សិប​នាក់ ​ត្រូវ​បាន​សម្លាប់​។

ក្រុម Al-Shabab បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កណ្តាល​របស់​ប្រទេស​សូម៉ាលី​ តាំង​ពី​ឆ្នាំ ២០០៦ ​ក្នុង​គោល​បំណង​បណ្តេញ​របប​អ៊ិស្លាម​ជ្រុល​និយម។ ទោះបីជា​ពួកគេ​ ​ត្រូវបាន​បណ្តេញ​ចេញពី​ទីក្រុង​ម៉ូហ្គា​ឌី​ស្យូ និង​តំបន់​ដទៃ​ទៀតក្តី​ ក៏​ពួកគេ នៅតែ​បន្ត​វាយប្រហារទៅលើ​​គោលដៅ​យោធា និង​ជនស៊ីវិល​។

កាល​ពីថ្ងៃ​ចន្ទសប្តាហ៍​មុន រដ្ឋាភិបាល​សូម៉ាលី បាន​និយាយថា កងទ័ព និង​កងជីវពល​ក្នុងស្រុក​របស់ខ្លួន បាន​ដណ្តើម​យក​ទីក្រុង​កំពង់ផែ ​Harardhere ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ដ៏​សំខាន់​របស់​ក្រុម ​al-Shabab ចាប់តាំង​ពី​ឆ្នាំ ២០១០ មក​។

នៅក្នុង​របាយការណ៍​របស់​ខ្លួនអំពីការ​ប្រយុទ្ធ​គ្នា​នៅទី​ក្រុង Galcad ទី​បញ្ជាការ​របស់​អាមេរិក​នៅ​អាហ្វ្រិក ​បានឱ្យ​ដឹង​ថា រថយន្ត​ចំនួន​៣ គ្រឿង​របស់​ក្រុម​ al-Shabab ត្រូវ​បាន​បំផ្លាញ ហើយ​ទីបញ្ជាការ​នេះ បាន​វាយ​តម្លៃ​ថា មិនមាន​ជនស៊ីវិល​ណាម្នាក់​រងរបួស ឬ​ស្លាប់នោះ ទេ​។ ព័ត៌មាន​លម្អិត មិន​ត្រូវ​បានផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​ឡើយ​។

របាយការណ៍នោះ បាន​ឱ្យ​ដឹងទៀត​ថា៖ «កងកម្លាំង​របស់​បញ្ជាការ​របស់​អាមេរិក​នៅ​អាហ្វ្រិក នឹង​បន្តការ​ហ្វឹកហ្វឺន​ ណែនាំ និង​បំពាក់​កងកម្លាំង​ដៃគូ ដើម្បី​ជួយផ្តល់​ឧបករណ៍​ដែលពួកគេ​ត្រូវការ​ ដើម្បី​កម្ចាត់​ក្រុម​ al-Shabab ដែល​ជា​បណ្តាញក្រុម​អាល់​កៃដា​ដ៏ធំ និង​ខ្លាំង​បំផុត ​នៅ​ក្នុង​ពិភព​លោក​»៕​

វីដេអូ៖