ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ទោះបីជាមានការបន្ធូរបន្ថយសកម្មភាពតាមដងផ្លូវប្រឈមមុខនឹងការបង្រ្កាបយ៉ាងឃោរឃៅក្តីក៏ក្រុមបាតុករអ៊ីរ៉ង់ នៅតែប្រឆាំងនឹងរបបគ្រប់គ្រងដោយបព្វជិត អ៊ិស្លាម រយៈពេល ៤ ខែ ក្នុងចលនារបស់ពួកគេ។
មានការតវ៉ាតាមដងផ្លូវប្រចាំថ្ងៃនៅទូទាំងប្រទេសតិចជាងមុន ចាប់តាំងពីខែវិច្ឆិកាមក ខណៈដែលអាជ្ញាធរស្វែងរកការបង្ក្រាបការតវ៉ាជាមួយនឹងវិធីសាស្រ្តផ្សេងៗ ក្នុងនោះមានការដាក់ទោសទណ្ឌដល់ជីវិត ដែលបានឃើញមានការប្រហារជីវិតមនុស្ស៤នាក់ហើយទាក់ទងនឹងការតវ៉ាទាំងនោះ។
ប៉ុន្តែកំហឹងដែលបានផ្ទុះឡើយដោយសារការស្លាប់នៅពាក់កណ្តាលខែកញ្ញារបស់Mahsa Amini ដែលត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់ស្លៀកពាក់ដ៏តឹងរុឹងរបស់សាធារណរដ្ឋអ៊ិស្លាមនោះ មិនបានធូរស្រាលទេ ហើយវិបត្តិសេដ្ឋកិច្ច នៅតែបង្កការគំរាមកំហែងដល់របបអ៊ីរ៉ង់។
ស្របពេលជាមួយគ្នានោះដែរ ការតវ៉ាបានធ្វើឡើងទៅតាមទម្រង់ផ្សេងៗ ជាពិសេសការធ្វើកូដកម្ម។ សកម្មភាពតាមដងផ្លូវដ៏ធំ នៅតែបន្តនៅក្នុងតំបន់មួយចំនួន ហើយមានសញ្ញានៃការបែងចែក នៅក្នុងរបបនេះ។
Ali Fathollah-Nejad អ្នកជំនាញអ៊ីរ៉ង់នៅវិទ្យាស្ថាន Issam Fares សម្រាប់គោលនយោបាយសាធារណៈ និងកិច្ចការអន្តរជាតិនៅទីក្រុងបេរូត បាននិយាយថា ៖«ការតវ៉ា បានថយចុះ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ វាហាក់ដូចជាមានភាពជាប់គាំងមួយ បានកើតឡើង ហើយបាតុករ មិនអាចយកឈ្នះលើភាគីម្ខាងទៀតបានទេ»។
«ទោះបីជាមានការថយចុះនៃចំនួនការតវ៉ា ចាប់តាំងពីពេលនោះមកក៏ដោយ ក៏ គួររំឭកដែរថា ដំណើរការបដិវត្តន៍ជាធម្មតា មានដំណាក់កាលនៃភាពស្ងប់ស្ងាត់ និងភាពចលាចលទាក់ទងគ្នា។
លោកបានប្រាប់សារព័ត៌មានAFPថា ឥឡូវនេះ ជាមួយនឹងការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណអ៊ីរ៉ង់ ចាប់តាំងពីចុងឆ្នាំ២០២២ ការតវ៉ាដែលជំរុញដោយសេដ្ឋកិច្ច អាចត្រូវបានគេរំពឹងទុកថានឹងកើតឡើងដែលអតីតកាល អាចប្រែទៅជាបញ្ហានយោបាយ យ៉ាងឆាប់រហ័ស។
វេបសាយព័ត៌មាន enqelab.infoដែលតាមស្ថានភាពនៃសកម្មភាពតវ៉ា បានឱ្យដឹងថា ខណៈដែលចំនួននៃការតវ៉ាតាមដងផ្លូវ បានថយចុះ ចំនួននៃកូដកម្ម និងទង្វើនៃការប្រឆាំងដូចជាការសរសេរពាក្យស្លោក ឬ ការបំផ្លាញបដារបស់រដ្ឋាភិបាលបានកើនឡើង។
យោងតាមអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់មានមូលដ្ឋាននៅប្រទេសន័រវេស មនុស្សយ៉ាងតិច៤៨១ នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាប ហើយយ៉ាងហោចណាស់មនុស្ស ១០៩ នាក់ កំពុងប្រឈមមុខនឹងការប្រហារជីវិតនៅក្នុងករណី ទាក់ទងនឹងការតវ៉ា បន្ថែមពីលើមនុស្ស៤នាក់ ដែលត្រូវបានប្រហារជីវិតរួចហើយនោះ៕