អតីត​ប្រធានា​ធិបតី​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​រុស្ស៊ី ​លោក​ ឌីមីឌ្រី ​មេដវ៉េដេវ (Dmitry Medvedev) ​បាន​ប្រើ​វោហារស័ព្ទ​វាយប្រហារ​ក្រុម​ប្រទេស​លោក​ខាងលិច​ដែល​ប្រឹងប្រែង​ការពារ​ប្រទេស​អ៊ុយក្រែន​ថា​ «ជា​ភាព​ត្រឹមត្រូវ» ​ដោយ​ការ​ប្រគល់​អាវុធ​យុទ្ធភណ្ឌ​កាន់តែ​ទំនើបៗ​។

​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ​ហៅ​កាត់​ថា ​TASS ​លោក ​មេដវ៉េដេវ ​បាន​រិះគន់​ការប៉ុនប៉ង​របស់​លោក​ខាង​លិច ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ប្រគល់​អាវុធ​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន​ថា​ ជា​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទប់ស្កាត់​សង្គ្រាម​លោក។

​​តាម​ការ​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Telegram របស់​របស់​ខ្លួន​ដែល​ផ្សព្វផ្សាយ​កាល​ពីថ្ងៃ​សៅរ៍ លោក ​មេដវ៉េដេវ ​បាន​លើក​ឡើង​ថា៖«​ចំណុច​ទី១​គឺ​ការ​ការពារ​អ៊ុយក្រែន ​ដែល​គ្មាន​នរណា​ម្នាក់​ ត្រូវការ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប នឹង​មិន​ជួយ​សង្គ្រោះ​​ពិភព​​លោក​ដ៏​កំបុក​កំបាក់​ពី​ការ​សង​សឹក​ទេ ប្រសិនបើ​មាន​អ្វី​កើត​ឡើង។ ចំណុច​ទី២​ គឺ​នៅពេល​ដែល​សង្រ្គាម​លោក​លើក​ទី​៣​ ​បាន​ផ្ទុះ​ឡើង ជា​អកុសល ​វា​នឹង​មិន​នៅ​លើ​រថក្រោះ ​ឬ​សូម្បីតែ​នៅ​លើ​យន្ត​ហោះ​ចម្បាំង​នោះទេ»​។

នៅ​ក្នុង​ការ​បង្ហោះ​នេះ​ លោក​ មេដវ៉េដេវ បាន​​អត្ថា​ធិប្បាយ​ជាពិសេស​​ទៅ​លើការ​កត់​សម្គាល់​​របស់​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អុីតាលី​ Guido Crosetto​ ដែល​ថា​សង្រ្គាម​លោក​លើក​ទី៣ ​នឹង​ផ្ទុះ​ឡើង​ ប្រសិនបើ​រថក្រោះ​រុស្ស៊ី​បាន​ទៅ​ដល់​ Kiev និង «ព្រំដែន​នៃ​ទ្វីបអឺរ៉ុប» ហើយ​ថា ​សព្វាវុធ​ដែល​បាន​បញ្ជូនទៅ​កាន់​អ៊ុយក្រែន​គឺ​សំដៅ​បញ្ឈប់​ការ​កើន​ឡើង។ ​មេដវេដេវ​បាន​ប្រៀប​ធៀប​ការ​​លើក​​ឡើង​​របស់​​លោក​​ចំពោះ​ការ​​អំពាវនាវ​ពី​​ចក្រភព​អង់គ្លេស​ដើម្បី​ផ្តល់​ឱ្យ​ក្រុង​កៀវ​នូវ​សព្វាវុធ​​ទាំង​អស់​​ដែល​អូតង់​មា​ន។

​​ផ្ទុយ​ពី​កា​រអះអាង​របស់​​អនុប្រធាន​​ក្រុម​ប្រឹក្សា​សន្តិសុខ​រុស្ស៊ី​រូបនេះ ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជា​ពិសេស​ប្រទេស​មហា អំណា​​ច​នៅអឺរ៉ុប​ បាន​បង្កើន​កា​រផ្តល់​ជំនួយ​ស​ព្វាវុធ​យ៉ាង​ច្រើន​ដល់​​ប្រទេស​អ៊ុយក្រែន ​ស្របពេល​ដែល​​​សង្គ្រាម​នៅអ៊ុយក្រែន​បានវិវត្ត​ទៅ​រក​រយៈពេល​១ ឆ្នាំ​​ក្នុងរយៈពេល​ប្រហែល​៣០ថ្ងៃ​ទៀតនេះ​។

​​ប្រធានាធិបតី​រុស្ស៊ី លោក​ វ៉្លាឌីមៀ ​ពូទីន បាន​ចុះ​ហត្ថលេខា​លើ​​ក្រឹត្យ​ប្រកាស​ពី​ប្រតិបត្តិការ​​យោធា​ចូល​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី​២៤ខែ​​កុម្ភៈឆ្នាំ​២០២២ ​ដោយ​ក្តី​រំពឹង​ថា ​ខ្លួន​នឹង​បញ្ចប់​នយោបាយ​​របស់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​ លោក ​វ៉ូល​ ឌីមៀ ​ហ្សេឡេន​ស្គី​ ក្នុង​រយៈពេល​​តែ​ប៉ុន្មាន​​ថ្ងៃ​ប៉ុណ្ណោះ​​ ផ្ទុយទៅវិញ ​កងទ័ព​អ៊ុយក្រែន ​បាន​វាយបក​វិញ​យ៉ាងចាស់​ដៃ​បង្ក​ឱ្យ​កងទ័ព​រុស្ស៊ី​បាត់បង់​សមរភូមិ​ជា​បន្តបន្ទាប់​៕ ​

វីដេអូ៖