នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីថ្ងៃអាទិត្យ បានបញ្ជាដកលោក Nadhim Zahawi ដែលជាមេដឹកនាំគណបក្សអភិរក្សនិយម និងជារដ្ឋមន្ត្រី ពោលគឺជាមន្ត្រីមិនមានពាក់ព័ន្ធនឹងជាមួយក្រសួងណាមួយឡើយ ប៉ុន្តែមានសិទ្ធិបោះឆ្នោតក្នុងសេចក្តី សម្រេចរបស់គណៈរដ្ឋមន្ត្រី ចេញពីអាសនៈរបស់រដ្ឋាភិបាលបច្ចុប្បន្ន ក្រោយពីលទ្ធផលនៃការស៊ើបអង្កេត បានបញ្ជាក់ថា លោក Zahawi បានបំពានក្រមសីលធម៌ក្នុងនាមជារដ្ឋមន្ត្រី ដោយលោកមិនបានបង្ហាញថា រូបលោកត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងករណីបង់ពន្ធនោះទេ។
លោក Laurie Magnus ដែលជាគណៈកម្មការប្រឹក្សាឯករាជ្យ ដើម្បីស៊ើបអង្កេតករណីនេះ បានបញ្ជាក់ដូច្នេះថា លោក Zahawi ពិតជាបានបំពានក្រមសីលធម៌នៃការធ្វើជារដ្ឋមន្ត្រីយ៉ាងធ្ងន់ធ្ងរ។ លោក Zahawi មិនបានបញ្ចេញព័ត៌មានលម្អិតអំពីប្រាក់ចំណូល និងការបង់ពន្ធរបស់លោកទេចាប់តាំងពីលោកបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្រោមអតីតនាយករដ្ឋមន្ត្រីលោក Boris Johnson ហើយបានបរាជ័យក្នុងការផ្តល់ព័ត៌មាននេះទៀតខណៈកាន់តំណែងសំខាន់ក្នុងរដ្ឋាភិបាលបច្ចុប្បន្នបើទោះបីជាសេវាពន្ធគយ និងប្រាក់ចំណូលរបស់ចក្រភពអង់គ្លេស (HMRC) បាននិងកំពុងស៊ើបអង្កេតប្រវត្តិពន្ធរបស់គាត់អស់រយៈពេលជាង១ឆ្នាំហើយក្ដី។
លោក Magnus ក៏សរសេររបាយការណ៍សង្ខេបឱ្យលោក Sunak បានដឹងផងដែរពីលទ្ធផលនៃការស៊ើបអង្កេតនេះដោយបញ្ជាក់ថា៖ «លោក Zahawi សម្រេចចិត្តលាក់កំបាំងបញ្ហានេះទុកពោលគឺវាជាអ្វីដែលមិនបានបំពេញតាមក្រមសីលធម៌កម្រិតខ្ពស់ក្នុងនាមជារដ្ឋមន្ត្រីម្នាក់ ហើយក្នុងនាមលោកជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោកតែងតែរំពឹងចង់បានទង្វើនោះពីសមាជិករដ្ឋាភិបាលរបស់ខ្លួន»។
ខណៈដែលលោក Zahawi បានសារភាពថា រឿងនេះគឺបណ្តាលមកពីការធ្វេសប្រហែសរបស់លោកក្នុងការមិនបានបញ្ចេញប្រាក់ចំណូលរបស់លោកឱ្យបានត្រឹមត្រូវដល់មន្ត្រីរដ្ឋាភិបាលដោយលោកក៏បានទទូចដែរថា លោកមិនមានបំណងគេចពីការបង់ពន្ធ ឬបង់ពន្ធតិចជាងចំនួន ដែលគួរបង់នោះទេ ហើយលោកបានបញ្ជាក់ថា លោកបានបង់ប្រាក់ពិន័យទៅ HMRC រួចរាល់ហើយ។
ខាងគណបក្សប្រឆាំងបានវាយ ប្រហារលោក Sunak ដោយលើកឡើងថា លោកជាអ្នកដឹកនាំប្រទេសដ៏ខ្សោយ គ្មានភាពច្បាស់លាស់ ពន្យារពេលវេលាដើម្បីស៊ើបអង្កេតបញ្ហានេះ ជាជាងសម្រេចដកលោក Zahawi ភ្លាមៗ នៅពេលដែលព័ត៌មានលម្អិតនៃករណីពន្ធបានផ្សព្វផ្សាយជាសាធារណៈហើយវាទំនងជាភាពចលាចល នៅក្នុងរដ្ឋាភិបាលចក្រភពអង់គ្លេស ក្រោមការដឹកនាំរបស់លោក Sunak មិនទាន់បញ្ចប់នៅឡើយទេ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Dominic Raab ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ ចំពោះការប្រព្រឹត្តមិនសមរម្យ ដោយបង្កាច់បង្ខូចមន្ត្រីរដ្ឋាភិបាល ដែលមានឋានៈទាបជាងដែលនេះអាចនាំឱ្យមានការផ្លាស់ប្តូរមន្ត្រីរដ្ឋាភិបាលនេះម្ដងទៀត៕