ប្រធានាធិបតីតួកគីលោក រ៉េសិប តៃយីប អេរដូហ្គែន បានផ្ដល់សញ្ញាថា ក្រុងអង់ការ៉ាអាចទទួលយកប្រទេសហ្វាំងឡង់ឱ្យចូលជាសមាជិកអង្គការណាតូ ខណៈដែលបិទផ្លូវស៊ុយអែតក្រោមភាពតានតឹងចុងក្រោយ។
លោក អេរដូហ្គែន បានផ្ដល់សញ្ញាបែបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតួកគីបានផ្អាកកិច្ចពិភាក្សាស្តីពីការចូលជាសមាជិករបស់អង្គការណាតូរបស់ប្រទេសណ័រឌិកទាំង ២ ក្រោយមានការតវ៉ាក្បែរស្ថានទូតតួកគី ក្នុងទីក្រុងស្តុកខុល (ស៊ុយអែត) ដោយអ្នកនយោបាយស្ដាំនិយមម្នាក់ដុតច្បាប់ចម្លងគម្ពីរកូរ៉ានរបស់សាសនាអ៊ិស្លាម។
លោក អេរដូហ្គែន ថ្លែងក្នុងសុន្ទរកថា ដែលចាក់ផ្សាយតាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យថា៖ «យើងអាចផ្តល់សារផ្សេង សម្រាប់ហ្វាំងឡង់ (ចំពោះពាក្យស្នើសុំចូលណាតូរបស់ពួកគេ) ហើយស៊ុយអែតនឹងភ្ញាក់ផ្អើលនៅពេលពួកគេឃើញសាររបស់យើង។ ប៉ុន្តែហ្វាំងឡង់មិនគួរមានកំហុស ដូចគ្នាដែលស៊ុយអែតបានធ្វើនោះទេ»។
គួរគូសបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានបោះចោលជំហរអព្យាក្រឹតរបស់ខ្លួន ហើយដាក់ពាក្យស្នើសុំចូលជាសមាជិកណាតូ កាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែន។ យ៉ាងណាមិញ ប្រទេសទាំង២ អាចក្លាយជាសមាជិកពេញសិទ្ធិបានលុះត្រាតែមានការព្រមព្រៀងពីគ្រប់សមាជិក ខណៈមានតែប្រទេសតួកគី និងហុងគ្រី ប៉ុណ្ណោះដែលមិនទាន់ធ្វើដូច្នេះ។ ខណៈទំនាស់ជាមួយតួកគីរងភាពតានតឹងកាន់តែខ្លាំង សភាហុងគ្រី ត្រូវបានគេរំពឹងថា នឹងអនុម័តការសម្រេចចិត្ត នៅខែកុម្ភៈ។
កន្លងមក តួកគីប្រកាន់ជំហរទទួលយកស៊ុយអែតឱ្យចូលណាតូ លុះត្រាតែប្រទេសនេះធ្វើបត្យាប័នមនុស្សរាប់សិបនាក់ ដែលទីក្រុងអង់ការ៉ាចាត់ទុកថា មានទំនាក់ទំនងជាមួយគណបក្សពលករឃើដ (PKK) ជាក្រុមដែលតួកគីដាក់ចូលក្នុងបញ្ជីអង្គការភេរវកម្ម ហើយស្ថិតនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ ២០១៦។
ក្នុងសុន្ទរកថានៃថ្ងៃអាទិត្យដដែល លោក អេរដូហ្គែន ដែលត្រៀមខ្លួន សម្រាប់ការ បោះឆ្នោត នៅខែឧសភាខាងមុខបានទាមទារជាថ្មីម្តងទៀតឱ្យស៊ុយអែតប្រគល់ជន សង្ស័យ ដែលរងការចោទប្រកាន់ចំនួន ១២០ នាក់។
លោកថ្លែងថា៖ «ប្រសិនបើអ្នកពិតជាចង់ចូលរួមជាមួយអង្គការណាតូពិតមែនអ្នកនឹងប្រគល់ភេរវករទាំងនេះមកពួកយើង។ អ្នកនឹងបញ្ជូនភេរវជនទាំងនេះមកយើងដើម្បីអាចចូលរួមជាមួយណាតូ»។
ជុំវិញបញ្ហានេះផងដែរ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានថ្លែងថា ប្រទេសរបស់លោក ចង់ចាប់ ផ្តើមកិច្ចសន្ទនាចូលអង្គការណាតូជាមួយតួកគីឡើងវិញ។ ប៉ុន្តែទន្ទឹមនឹងនោះកាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការបរទេសតួកគីបានចេញសេចក្ដីព្រមានអំពីការធ្វើដំណើរសម្រាប់ បណ្តាប្រទេស នៅអឺរ៉ុបនានា ជុំវិញបាតុកម្មប្រឆាំងតួកគី និងអ្វីដែលខ្លួនពណ៌នាថា ជា «ការប្រឆាំងនឹងសាសនាអ៊ិស្លាម»។
សេចក្ដីព្រមាននោះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសតួកគីដដែលលើក ឡើងថា វាគ្មានន័យនោះទេ ក្នុងការចាប់ផ្ដើមកិច្ច សន្ទនាឡើងវិញ។
គួររំឭកផងដែរថា ក្រោយបាតុកម្មប្រឆាំងតួកគី និងដុតគម្ពីរកូរ៉ាននៅទីក្រុងស្តុកខុល លោក អេរដូហ្គែន បានព្រមានកាលពីដើមសប្ដាហ៍មុនផងដែរថា ស៊ុយអែតមិនបាច់រំពឹងឱ្យក្រុងអង់ការ៉ាគាំទ្រខ្លួន ដើម្បីក្លាយជាសមាជិកអង្គការណាតូនោះទេ។
គួរគូសបញ្ជាក់ថា ក្រុមគាំទ្រឃើដ បានគ្រវីទង់ជាតិរបស់ PKK និងក្រុមមានទំនាក់ទំនងជាមួយគ្នាផ្សេងទៀត ក្នុងអំឡុងពេលការតវ៉ា នៅក្នុងប្រទេសស៊ុយអែត ដែលរៀបចំឡើង ដើម្បីជាការឆ្លើយតបទៅនឹងការសន្យារបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងការទប់ស្កាត់សកម្មភាព PKK ក្នុងប្រទេសណ័រឌិកទាំង ២ ដើម្បីបំពេញតាមការទាមទាររបស់តួកគី ជាថ្នូរមួយ ដើម្បីចូលរួមជាមួយណាតូ។ ស៊ុយអែតបានថ្កោលទោសនឹងសកម្មភាព ក្នុងបាតុកម្មនោះ ប៉ុន្តែបាននិយាយការពារពីសិទ្ធិសេរីភាពបញ្ចេញមតិ ក្នុងប្រទេសរបស់ខ្លួន។
បញ្ហាចុងក្រោយ ក្រោមជំហររបស់តួកគីនេះ ធ្វើឱ្យមានការជជែកដេញដោលថា តើហ្វាំងឡង់ អាចនឹងចូលណាតូ មុនពេលស៊ុយអែត ឬយ៉ាងណា?
វីដេអូ៖