ប្រធានាធិ​បតី​​ជាប់ឆ្នោត​របស់​ប្រទេស​ឆែក លោក Petr Pavel ​ដែល​​​​ជាអតី​ត​​មេបញ្ជាការ​​​កង​ទ័​ព​​​​ណាតូ​​ ​កំពុង​តែ​មាន​ប្រ​ជាប្រិយបំផុត​ក្នុង​ចំណោម​រដ្ឋ​ប្រ​​ជា​ធិបតេយ្យ បន្ទាប់​ពីឈ្នះ​តំណែង​ប្រធានាធិបតី​ឆែក ដោយ​លោក​​​​គ្រោង​​​​និយាយ​​តាម​ទូរស័ព្ទ​ជាមួយ​ ប្រធានាធិតី​អ៊ុយក្រែន លោក វ៉ុល​​ឌីមៀរ ហ្សេលេស្គី (Volodymyr Zelenskyy) និង​ប្រធានាធិបតី​តៃ​វ៉ាន់ លោកស្រី សៃអ៊ឹងវិន (Tsai Ing-wen)។

​ប្រធានាធិបតី​ជាប់ឆ្នោត​​លោក Petr Pavel នៃ​ប្រទេសឆេក​ដែល​ស្ថិតនៅ​តំបន់​អឺរ៉ុប​​​​កណ្តាល​ ​បានឈ្នះ​ភ្លូកទឹក​ភ្លូក​ដី​លើ​គូប្រជែង​​នយោបាយ​ គឺ លោក Andrej Babis ​ ​​ក្នុង​ការ​បោះឆ្នោត​​ កាល​ពី​ថ្ងៃទី​ ២៨ ខែមករា ​ឆ្នាំ ​២០២៣ ហើយ​នឹង​ក្លាយទៅ​ជា​ប្រធានាធិបតី​ទី៤ ​នៃ​សាធារណរដ្ឋ​​ឆែក។ ​មេដឹកនាំ​​ដែល​​ទើប​​ជាប់​​ឆ្នោត​ថ្មី ​​នឹង​​ជំនួស​​ប្រធានាធិបតី​​ផុត​​អាណត្តិ​​លោក ​Milos Zeman នៅ​​ថ្ងៃ​​ទី ​៨​ ខែ​មីនា។

​ថ្វី​បើ​​សា​ធារណ​រដ្ឋ​ឆែក ​ជា​ប្រទេស​តូច​​នៅ​តំបន់អឺរ៉ុប​កណ្តាល ប៉ុន្តែជ័យ​ជម្នះ​របស់​លោក ​​ក៏​នាំទៅ​ដល់​កា​រប្រែ​ប្រួល​​​ភូមិសាស្ត្រ​​​ដ៏សំខាន់ ដោយសារ​​មេដឹកនាំ​ឆែក​​​ដែល​កាន់​អំណាច​មុន​លោក គឺ​ជា​អ្នក​ដែល​មាន​ទំនោរ​​នយោបាយ​​ស្និទ្ធ​ជាមួយ​​ប្រទេស​ចិន ​និង​រុស្ស៊ី​។​​

​យោង​តាមសារ​ព័ត៌មាន ​expats.cz ដែល​មាន​មូល​ដ្ឋាននៅ​ប្រទេសឆែក ​​ប្រធានាធិបតី​ជាប់​ឆ្នោត​​​ ​Petr ​Pavel បាន​និយាយ​នៅ​​ក្នុង​កម្មវិធី​មួយ​របស់​បណ្តាញ​​ព័ត៌មាន​CNN​ថា លោក​នឹង​និយាយ​ជាមួយ​​ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឌីមៀរ ហ្សេលេស្គី និង​ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សាយ អ៊ឹងវិន។​ ការ​ហៅ​ទូរស័ព្ទ​​​​ទៅ​កាន់​ប្រទេស​​ទាំង២​ដែល​​១​កំពុង​​ជាប់​ដៃ​ក្នុងសង្គ្រាម​ជាមួយ​រុស្ស៊ី និង​​តៃ​វ៉ាន់​ដែល​ស្ថិត​នៅ​មាត់​ច្រក​នៃ​សង្គ្រាម​ជាមួយ​ប្រទេសចិន ​​គឺ​ជា​ការ​ហៅ​ទូរស័ព្ទ​​​ជាមួយ​​មិត្តបរទេស​ ​ស្ថិត​ក្នុង​ចំណោម​ការ​ហៅទូរ​ស័ព្ទ​លើក​ដំបូង​របស់​លោក Pavel ​ចាប់​​តាំង​ពី​​ត្រូវ​​បាន​​ជ្រើស រើស​​ជា​​ប្រធានាធិបតីឆែក​​ នៅ​​ចុង​​សប្តាហ៍​​នេះ។

​យោង​តាមសេចក្តី​រាយការណ៍ ប្រធានាធិបតី​​​ត្រៀម​​ចាកចេញ​ពីតំណែង លោក​ Milos Zeman ​មាន​​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​ជាយូរ​ជាមួយ​​មហាអំណាច​​​រុស្ស៊ី​​​​​​ និង​មហាអំណាចចិន។

​សេចក្តី​រាយការណ៍​របស់ euronews លោក ​ Milos Zeman បាន​ស្វាគមន៍​ប្រធានាធិបតី​ចិន ស៊ី ជីនភីង (Xi Jinping) ក្នុង​ការ​គោរព​​យ៉ាង​ធំធេង ដោយ​កាំភ្លើង​កម្រ ២១ ​ដើម​ក្នុង​ឆ្នាំ ២០១៦ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​​សាធារណរដ្ឋ​ឆែក​ជា «ច្រក​ទ្វារ» របស់​ចិន​​ទៅកាន់​អឺរ៉ុប។ បន្ទាប់ពីរុស្ស៊ីបានលុកលុយ​​ឧបទ្វីបគ្រីមា (Crimea)​របស់​អ៊ុយក្រែន​ក្នុងឆ្នាំ២០១៤ លោក Zeman បាន​ណែនាំ​ប្រឆាំង​នឹង​ការ​ស្តីបន្ទោស​លោក ​វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​ជាប្រធានាធិបតីរុស្ស៊ី។ លោក​បាន​ហៅ​វា​ថា​ជា «សង្គ្រាម​​ស៊ីវិល​​រវាង​​ពលរដ្ឋ​អ៊ុយក្រែន​​២ក្រុម» ហើយ​​បន្ទាប់​មក​បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​របស់​រុស្ស៊ី​ក្នុង​ទីក្រុង​ម៉ូស្គូ​​នៅ​ឆ្នាំ​បន្ទាប់​​ទៀត​ផង​​។

​លោក ​Pavel ​​និយាយ​តាម​ទូរទស្សន៍ CNN ​ដោយ​​កត់​សម្គាល់​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​របស់​គាត់​​​ថា៖«ការ​ប្រារព្ធ​ពិធី​អបអរសាទរ​​​រយៈពេល​ខ្លីមួយ។ រួម​ជាមួយ​​នឹង​អារម្មណ៍​នៃ​​​ក្តី​សោមនស្ស​ ​ ខ្ញុំ​ចាប់​​ផ្តើម​​មាន​អារម្មណ៍​​ថា ​​បន្ទុក​​នៃ​​ការ​ទទួល​ខុស​ត្រូវ​ និង​​ការ​រំពឹង​ទុក​កាន់​តែ​ច្រើន​ឡើង»។

មេដឹកនាំ​អ៊ុយក្រែន​ និង​តៃវ៉ាន់ ដែល​អ្នក​ទាំង២ បាន​អបអរសាទរ​ចំពោះ​ប្រធានាធិបតី​ជាប់​ឆ្នោត​​របស់​ប្រទេសឆែក ក្រោយ​​ជ័យ​ជម្នះ​របស់​គាត់ ការសន្ទនា​ភ្លាមៗ​របស់ ​Pavel នឹង​បង្ហាញ​​ពី​ការ​ផ្លាស់ប្តូរ​​យ៉ាង​ខ្លាំង​នៅ​ក្នុង​គោល​នយោ បាយ​​របស់​រដ្ឋាភិបាលថ្មី​របស់​ឆែក។

ការ​ចុះ​ផ្សាយរបស់ expats លោក Pavel​ ថ្លែង​ទៅ​កាន់​ទូរទស្សន៍ ​Czech Television Václav Moravec ថា គាត់​មិន​ឃើញ​មាន​បញ្ហា​ក្នុង​ការ​បង្ហើយ​​កិច្ច​ព្រម​ព្រៀង​ការពារ​ជាតិ​ជាមួយ​​សហរដ្ឋ​អាមេរិក ដូច​ទៅនឹង​ប្រទេស​ស្លូវ៉ាគី ​ដែល​​បាន​ចុះហត្ថ​លេខា​កាល​ពី​ដើម​ឆ្នាំមុន​នោះទេ។

លោក​ Pavel បានប្រាប់ Moravec ថា៖​«មិន​មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​​កិច្ច​ព្រមព្រៀង​បែប​នេះ​ទេ​ ប៉ុន្តែ​វាចាំ​បាច់​ក្នុង​ការពន្យល់​ដល់​មនុស្ស​អំពី​អ្វី​ដែល​វាគឺអំពី ហើយ​វា​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ជីវិត​របស់​ពួកគេ»។

យោង​តាម​លោក Dalibor Rohac មក​ពីវិ​ទ្យាស្ថាន​សហគ្រាស​អាមេរិក តំណែង​ជា​ប្រធានាធិ​បតី​របស់​ Pavel​ នឹង​នាំ​មក​នូវ​ការផ្លាស់​ប្តូរ​ដ៏ធំមួយ​ចំពោះ​ទំនាក់ទំនង​ឆែក-អាមេរិក។ ថ្លែង​ទៅកាន់​ទូរទស្សន៍​ឆែ​ក លោ​ក Rohac បាន​កត់​សម្គាល់​ថា Pavel នឹង​មាន​ប្រជាប្រិយភាព​នៅទី​ក្រុងវ៉ាស៊ីន​តោន ​ដោយសារ​ជំនាញ​ភាសា​អង់គ្លេស និង​អារម្មណ៍​កំប្លែង ក៏ដូច​ជា​ការពិត​ដែល​ថា​គាត់ «មើល​ទៅ​ដូចជា​ឪពុក​របស់ Tom Cruise»​៕

វីដេអូ៖