ការិយាល័យ​ប្រធានាធិបតី​បានឱ្យដឹងថា លោក​ប្រធានាធិបតី Yoon Suk Yeol និង​ស្ត្រី​ទី​១ លោកស្រី Kim Keon Hee​ កាលពី​ថ្ងៃ​អង្គារ បាន​ជួប​ជាមួយ​កុមារ​កម្ពុជា​ម្នាក់ ដែល​បានទទួល​ការវះកាត់​បេះដូង​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​

​ស្ត្រី​ទី​១ បាន​ជួប​ក្មេងប្រុស​អាយុ​ ១៤ ​ឆ្នាំ ឈ្មោះ អោក រដ្ឋា ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ​១២ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ខណៈដែល​លោកស្រី​អមដំណើរ​លោក​ប្រធានាធិបតី Yoon ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ គឺ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​កម្ពុជា​។

​ក្មេងប្រុស​រូបនេះ មាន​ជំងឺ​បេះដូង​តាំងពី​កំណើត​។ គេ​បានទទួល​ការវះកាត់​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Asan Medical Center ក្នុង​ទីក្រុង​សេ​អ៊ូ​ល ក្នុង​ខែធ្នូ​។​

​លោក​ Yoon និង​លោកស្រី Kim បាន​ជូនពរ​ដល់​ក្មេងប្រុស​រូបនេះ​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​ក្នុងអំឡុង​ជំនួប​នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​សង្កាត់ ​Yongsan នៃ​ទីក្រុង​សេ​អ៊ូ​ល​។

​ការិយាល័យ​ប្រធានាធិបតី បាន​និយាយថា លោក Yoon បាន​ជូន​រដ្ឋា​នូវ​បាល់ទាត់​១​ជា​កាដូ ដោយបាន​រំឭកថា រដ្ឋា​មិន​ធ្លាប់​លេង​កីឡា​ទេ​។​ជា​ថ្នូរ​នឹង​កាដូ​នោះដែរ រដ្ឋា​បានបង្ហាញ​បណ្ណ​ថ្លែងអំណរគុណ​ដែលមាន​ការតុបតែង​ដោយ​ផ្កា​។​

​មន្ត្រី​ជាច្រើនរូប​មកពី​មន្ទីរពេទ្យ និង​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air ដែល​បាន​គាំទ្រ​ការធ្វើដំណើរ​របស់ រដ្ឋា​ទៅកាន់​ទីក្រុង​សេ អ៊ូ​ល ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​រដ្ឋា​បានទទួល​ការវះកាត់​បេះដូង​លើក​ទី​១​ ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ Hebron Medical Center កាលពី​ឆ្នាំ ២០១៨ ហើយ​ដោយសារតែ​ស្ថានភាព​ខ្វះខាត ព្រោះ​សាច់ញាតិ មិនបាន​បន្ត​នាំមក​ព្យាបាល​តាម​ការកំណត់ ក៏​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​របស់​កុមារ​រូបនេះ​ធ្ងន់ធ្ងរ និង​ត្រូវ​ការវះកាត់​លើក​ទី​ ២ ជាបន្ទាន់​។

​ក្នុងពេល​ជួប​ជាមួយ​កុមារ​កម្ពុជា​រូបនេះ​ដល់ផ្ទះ​ដោយផ្ទាល់​ដោយសារ​ស្ថានភាព​កុមារ​មិន​អំណោយផល លោកស្រី Kim Keon Hee បាន​ថ្លែង​លើកទឹកចិត្ត និង​បាន​ធានា​អះអាង​ស្វែងរក​ក្រុមគ្រូពេទ្យ ដើម្បី​បញ្ជូន​កុមារ​រូបនេះ​ទៅ​បន្ត​ព្យាបាល​ជំងឺ​នៅ​កូរ៉េ​។​

​ដកស្រង់​សម្តី​ផ្ទាល់​ដោយសារ​ព័ត៌មាន​កូរ៉េ​ឈ្មោះ Yonhap News លោកស្រី Kim បាន​បញ្ជាក់ថា​៖ «​អ្នក​ប្រាកដជា​អាច​យកឈ្នះ​វា​បាន​មែន​ទេ​? ឆាប់​ជាសះស្បើយ ហើយ​ចាំ​ជួបគ្នា​នៅ​កូរ៉េខាងត្បូង​។ ប្រាកដជា​មានសង្ឃឹម​។ សូមកុំ​បោះបង់​ទោះ​ក្នុង​កាលៈទេសៈ​ណាមួយ​ក៏ដោយ​ត្រូវតែ​បន្តទៅ​មុខជា​និច្ច​»​។​

មន្ទីរពេទ្យ Hebron Medical Center ស្ថិតក្នុង​រាជធានី​ភ្នំពេញ ហើយ​ជា​មន្ទីរពេទ្យ​ដែល​បង្កើត​ដោយ​វេជ្ជបណ្ឌិត​កូរ៉េខាងត្បូង​ឈ្មោះ​ Kim Woojung កាលពី​ឆ្នាំ​ ២០០៧​។ មន្ទីរពេទ្យ​នេះ​បានផ្តល់​ការព្យាបាល និង​ប្រឹក្សា​ដល់​អ្នកជំងឺ​ជាច្រើន ម៉ឺន​នាក់ ក្នុង ​១ ​ឆ្នាំៗ ដោយ​ការព្យាបាល និង​ការផ្តល់​ថ្នាំ​មួយចំនួន​រយៈពេល ​៧ ​ថ្ងៃ គឺ​មិន​គិត​ប្រាក់​នោះទេ​៕

វីដេអូ៖